ពោធិ៍សាត់ មជ្ឈមណ្ឌលបណ្តុះបណ្តាល ជំនាញមូលដ្ឋាន នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តពោធិ៍សាត់ បានរៀបចំពិធីចែកវិញ្ញាបនបត្រជូន សិក្ខាកាមដែលបាន បញ្ចប់ការសិក្សាឆ្នាំ២០២៣ និងបើកវគ្គសិក្សាថ្មីឆ្នាំ២០២៤ ដែលបានប្រារព្ធធ្វើឡើង នៅសាលប្រជុំមន្ទីរ នារសៀលថ្ងៃទី៧ ខែកុម្ភៈឆ្នាំ២០២៤ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ តំណាងឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។
លោក ធីម សុធារ៉ា ប្រធានមន្ទីរ អភិវឌ្ឍន៍ខេត្តពោធិ៍សាត់ បានឱ្យដឹងថា មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋាននេះ បានបង្កើតឡើង ក្នុងឆ្នាំ២០១១ដោយអង្គការ អាគ្រីស៊ូតនិងបានប្រគល់ជូន ឱ្យមន្ទីរអភិវឌ្ឍន៍គ្រប់គ្រងនៅឆ្នាំ២០១៣ បន្ទាប់ពីបញ្ចប់ គម្រោង។ តែទោះជាយ៉ាងនេះ មជ្ឈមណ្ឌលបានផ្អាកសកម្មភាព ដោយសារជំងឺកូវីដ១៩។
ក្រោយពីជំងឺកូវីដបានស្ងប់ស្ងាត់ ក៏បានចាប់ផ្តើមដំណើរការឡើងវិញ ជាបន្តបន្ទាប់ដោយមានវគ្គ បណ្តុះបណ្តាលរយៈពេលវែង បាន៣០លើក មានសិក្ខាកាម៦៦៥នាក់ លើមុខជំនាញកុំព្យួទ័រ ភាសាអង់គ្លេស អ៊ុតសក់ កែសម្ភស្សនិងជួសជុលម៉ូតូ និងវគ្គរយៈពេលខ្លីបាន៨៦លើក សិក្ខាកាម២០៩០នាក់ លើមុខជំនាញដំណាំស្រូវ ចិញ្ចឹមសត្វ បណ្តុះកូនឈើ ធ្វើជីកំប៉ុស្តិ៍ សួនដំណាំជួសជុលថែទាំអណ្តូងស្នប់ និងថែទាំម៉ាស៊ីនខ្នាតតូច។ នៅក្នុងឆ្នាំ២០២៣នេះ ដំណើរការបណ្តុះបណ្តាល រយៈពេលវែងបាន២លើក មានសិក្ខាកាម៦១នាក់និងរយៈពេលខ្លីបាន៩លើក មានសិក្ខាកាម២២៥នាក់និងផែនការអនុវត្តបន្ត គ្រោងដំណើរការបើកវគ្គកុំព្យួទ័រ២លើក ចិញ្ចឹមសត្វ៣លើក សួនដំណាំ២លើកនិងជួសជុល និងថែទាំម៉ាស៊ីនកសិកម្ម៤លើក។
មានប្រសាសន៍សំណេះសំណាល ក្នុងពិធីបិទនិងបើកវគ្គ បណ្តុះបណ្តាលជំនាញមូលដ្ឋាន នាឱកាសនោះឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត បានសម្តែងនូវសេចក្តីរីករាយ ដល់សិក្ខាកាមជ័យលាភី ឆ្នាំ២០២៣ចំនួន៥១នាក់ ដែលបានបញ្ចប់ការសិក្សា និងទទួលបាននូវវិញ្ញាបនបត្ របញ្ជាក់ការសិក្សានាពេលនេះ និងស្វាគមន៍សិក្ខាកាមថ្មីក្នុងឆ្នាំសិក្សា២០២៤ ដែលបាននឹងកំពុង សិក្សារៀនសូត្រនៅក្នុងមជ្ឈមណ្ឌល។
ក្នុងនាមថ្នាក់ដឹកនាំ ក្រសួងសូមបញ្ជាក់ជូនថា ក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្រោមកិច្ចដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមបាវចនា «កំណើន ការងារ សមធម៌ ប្រសិទ្ធិ ភាព និងចីរភាព» ដោយផ្តោតលើវិស័យអាទិភាពចំនួន៥គឺ មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យាឌីធីថល ។
នេះបញ្ជាក់ឱ្យឃើញថា ត្រូវតែយកចិត្តទុកដាក់ទាំងលើសុខុមាលភាព ជីវភាព ចំណេះដឹង ក្នុងនោះក្រសួងអភិវឌ្ឍន៍ជនបទក៏មានតួនាទីយ៉ាងសំខាន់ និងបានដាក់ចេញនូវគោលនយោបាយថ្មី សម្រាប់អាណត្តិទី៧គឺ កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថលនិងភាពធន់ទាំងផ្នែកសេដ្ឋកិច្ច សង្គមនិងវប្បធម៌។តាមរយៈនេះឯកឧត្តមបណ្ឌិត សូមផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ដែលបានបញ្ចប់វគ្គត្រូវយកចំណេះដឹងទៅអនុវត្តជាប់ជាប្រចាំ និងសិក្សាស្វែងយល់បន្ថែម បើមានករណីប្រឈមនោះត្រូវមកទំនាក់ទំនង ជាមួយគ្រូនិងថ្នាក់ដឹកនាំ។ចំពោះសិក្ខាកាម បាននឹងកំពុងសិក្សា ត្រូវខិតខំសិក្សារៀនសូត្រ គោរពវិន័យ បទបញ្ជាឱ្យបានត្រឹមត្រូវ។
លោកនាយក នាយករងបុគ្គលិកសិក្សា ត្រូវខិតខំពង្រឹងគុណភាព និងប្រសិទ្ធិភាពនៃការបណ្តុះបណ្តាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ការងារក្នុងសង្គម ព្រមទាំងបានចែកជូនវិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាមបញ្ចប់វគ្គចំនួន៥១នាក់ និងបានអញ្ជើញទៅពិនិត្យ អគារបណ្តុះបណ្តាលជំនាញ កុំព្យួទ័រនាពេលនោះផងដែរ ៕