ពោធិសាត់៖ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ សមាជិកគណៈកម្មាធិការលទ្ធកម្មនៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូអន្តរក្រសួងរួមមានក្រសួងអភិវឌ្ឍនជនបទ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរួមនឹងក្រុមបច្ចេកទេសចុះត្រួតពិនិត្យ វាយតម្លៃ ប្រគល់និងទទួលលើការស្តារឡើងវិញផ្លូវក្រាដីល្បាយក្រួសមួយខ្សែប្រវែង៧២០០ម៉ែត្រ ចែកចេញ ជាកំណាត់ គឺកំណាត់ទី១ប្រវែង៤៩០០ម៉ែត្រនិងកំណាត់ទី២មានប្រវែង២៣០០ម៉ែត្រទទឺង៦ម៉ែត្រកម្រាស់២តឹក លូប្រអប់១កន្លែង លូមូលមុខ២ចំនួន១កន្លែងនិងលូមូលមុខ១ចំនួន៣កន្លែងស្ថិតក្នុងឃុំកណ្តៀង ឃុំស្វាយលួងនិងឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់នាព្រឹកថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០២៤។
លោក ធីម សុធារ៉ា ប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានឱ្យដឹងថា ផ្លូវលំជនបទ១ខ្សែប្រវែង៧២០០ម៉ែត្រ ចែកចេញជា២កំណាត់គឺកំណាត់ទី១ប្រវែង៤៩០០ម៉ែត្រនិងកំណាត់ទី២ប្រវែង២៣០០ម៉ែត្រទទឺងផ្លូវ៦ម៉ែត្រនិងកម្រាស់២តឹកដាក់លូប្រអប់១កន្លែង លូមូលមុខ២ចំនួន១កន្លែងនិងលូមូលមុខ១ចំនួន៣កន្លែងប្រើប្រាសថវិកាជំពូក២។
ផ្លូវលំនេះមានសារៈ ប្រយោជន៍សំខាន់ដោយភ្ជាប់និងឆ្លងកាត់និងដឹកជញ្ជូនកសិផលមកកាន់ទីផ្សារ មណ្ឌលសុខភាពនិងសាលារៀនរបស់ប្រជាពលរដ្ឋមានចំនួន៣ឃុំរបស់ស្រុកកណ្តៀងរូមមានឃុំកណ្តៀង ឃុំ ស្វាយលួងនិងឃុំកោះជុំ។
បន្ទាប់ពីបានចុះពិនិត្យមើលដោយផ្អែកទៅលើសោភណ្ឌភាពនិងគុណភាពផ្លូវក្រាលដីល្បាយក្រួសមួយខ្សែប្រវែង៧២០០ ម៉ែត្ររួមទាំងលូកាត់ផ្លូវផងនោះគណកម្មការអន្តរក្រសួងបានសម្រេចឯកភាពទទួលយក ដោយក្នុងឱកាសនោះឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្មនៃក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំបន្ថែមដល់មន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តពោធិ៍សាត់ ធ្វើយ៉ាងណាត្រូវបន្តខិតខំថែទាំផ្លូវលំជនបទទាំងអស់ ដែលជាសមិទ្ធិផលថ្មីនៅក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ ដើម្បី ជាប្រយោជន៍រួមទាំងអស់គ្នានិងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ដឹកជញ្ជួនកសិផលពីភូមិមួយទៅភូមិមួយប្រកបដោយសុវត្ថិភាព។
ឯកឧត្តមបានរម្លឹកថា កាលដើមឡើងតំបន់នេះផ្លូវលំមានលក្ខណៈលំបាកជាផ្លូវរទេះពិបាកក្នុងការ ធ្វើដំណើរ ប៉ុន្តែដោយមានការយកចិត្តទុកដាក់គិតគូរខ្អស់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទរួមទាំងអាជ្ញាធរដែនដីផងនោះធ្វើឱ្យតំបន់មួយចំនួនមានផ្លូវខ្វាត់ខ្វែងជាច្រើននៅក្នុងមូលដ្ឋាននិងប្រែមុខប្រែមាត់ជាបន្តបន្ទាប់ជាការ រួមចំណែកពេលវេលាថវិកាកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ៕