កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋមកពីបណ្តាស្រុក ក្នុងខេត្តកំពង់ឆ្នាំង សំដែងអារម្មណ៍រីករាយ ដោយសារសុខភាពភ្នែករបស់ពួកគាត់ បានល្អប្រសើរឡើងវិញ បន្ទាប់ពីបានទទួលការព្យាបាល យ៉ាងយកចិត្តទុកដាក់ពី សមាគមដើម្បីភ្នែកពិភពលោក។
លោក ហាស់ សុភួន ប្រធានសមាគម” ដើម្បីភ្នែកពិភពលោក” ភាសាបរទេស”Pour Les Yeux du Monde” បានបញ្ជាក់ឲ្យដឹងថា៖ សមាគម នេះបង្កើតឡើងផ្តោតសំខាន់ ក្នុងការជួយព្យាបាលភ្នែកទូទៅប្រជាពលរដ្ឋ នៅស្រុកខ្មែរយើងនេះ ដោយឥតគិតលុយ និងមិនប្រកាន់និន្នាការ នយោបាយពូជសាសន៍អ្វីឡើយក្នុងនោះដូចជាការព្យាបាលភ្នែកឡើងបាយ វះកាត់កន្ទុយថ្លែន និងថ្នាំពេទ្យ។
លោកបន្តទៀតថា៖ សមាគមយើងនេះជារៀងរាល់ឆ្នាំ មានការព្យាបាលនៅតាម បណ្ដាខេត្តមួយចំនួននៅតាមដងទន្លេសាបដូចជា ខេត្តកំពង់ឆ្នាំង, កណ្តាល, សៀមរាប, ពោធិសាត់, ព្រៃវែង,និង ខេត្តកំពង់ចាម ជាដើមហើយក៍គម្រោង នៃការចុះពិនិត្យព្យាបាលនេះក្នុងរយៈពេល១០ថ្ងៃ ក្នុងមួយកន្លែង។
ដោយឡែកនៅខេត្តកំពង់ឆ្នាំង នៅចំណុចមាត់ទន្លេមុខសាលាឃុំកំពង់ត្រឡាច ស្ថិតក្នុងភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ផ្ដើមពិនិត្យព្យាបាលប្រជាពលរដ្ឋ ឈានដល់ការបញ្ចប់នាថ្ងៃស្អែក ក្នុងនោះតួលេខជាមធ្យម ដែលបងប្អូនប្រជាពលរដ្ឋចូលរួមពិនិត្យព្យាបាលនាពេលនេះមានចន្លោះ៦០០ ទៅ៨០០នាក់ ជាមធ្យម។
ជាមួយគ្នានេះលោក ហាស់ សុភួន ប្រធានសមាគម” ដើម្បីភ្នែកពិភពលោក” សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មានការយល់ដឹងឲ្យបានកាន់តែច្រើនឡើង អំពីការថែទាំភ្នែកនេះ ពីព្រោះភ្នែកកាលណាដល់ដំណាក់កាលបក ឬវះហើយត្រូវតែព្យាបាល សូមកុំទុកឲ្យហួសពេលគឺព្យាបាលពុំបានជាសះស្បើយឡើយ ៕