ពោធិ៍សាត់៖ លោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា រួមជាមួយសហការី បានជួបសម្តែងការគួរសមជាមួយឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ក្នុងគោលបំណងផ្សព្វផ្សាយសេវាដឹកជញ្ជូន និងចែកចាយបញ្ញើប្រៃសណីយ៍ នៅសាលប្រជុំសាលាខេត្ត នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក ងួន ប៉ោសេង អភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត លោកប្រធានអង្គភាពច្រកចេញចូលតែមួយ រដ្ឋបាលខេត្ត រដ្ឋបាលស្រុក-ក្រុងទាំង ៧ និងប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត។
លោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា បានសម្តែងការគួរសម និងធ្វើបទបង្ហាញជូនឯកឧត្តមអភិបាលខេត្តអំពីប្រភេទសេវារបស់ប្រៃសណីយ៍កម្ពុជាដែលបាននឹងកំពុងផ្តល់ជូនប្រជាពលរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជាក៏ដូចនៅទូទាំងខេត្តពោធិ៍សាត់មានដូចជា សេវាបញ្ញើឆាប់រហ័សក្នុង និងក្រៅប្រទេស សេវាប្រអប់ប្រៃសណីយ៍ សេវាបញ្ជូនលិខិតវិលជុំរបស់តុលាការ សេវារថយន្តប្រៃសណីយ៍ដឹកអ្នកដំណើរ សេវារថយន្តដឹកអ្នកដំណើរទៅមកសម្រាប់ក្រុងសៀមរាប និងព្រលានយន្តហោះក្រុងសៀមរាប និងសេវាជាច្រើនទៀត។
លោកបានបញ្ជាក់ថា កិច្ចសហការរវាងប្រៃសណីយ៍កម្ពុជាជាមួយរដ្ឋបាលខេត្ត និងអង្គភាពច្រកចេញចូលតែមួយខេត្តពោធិ៍សាត់បានផ្តល់នូវភាពងាយស្រួលក្នុងការផ្តល់សេវាចែកចាយលិខិត ឬ ឯកសារផ្សេងៗទៀតជូនដល់ប្រជាពលរដ្ឋដែលមកទទួលយកសេវាសាធារណៈពីរដ្ឋបាលខេត្តជាពិសេសអង្គភាពសេវាច្រកចេញចូលតែមួយរបស់ខេត្ត ដល់គេហដ្ឋានជាមួយនឹងតម្លៃសមរម្យដែលអាចជួយសម្រួលបន្ទុកចំណាយនិងពេលវេលារបស់គាត់ ហើយ ការចូលរួមសហការផ្តល់សេវាប្រៃសណីយ៍ជូនប្រជាពលរដ្ឋនេះគឺជាការឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលជម្រុញអោយមានការផ្តល់សេវាសាធារណៈរហូតដល់ខ្នងផ្ទះប្រជាពលរដ្ឋ។
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត មានចំណាប់អារម្មណ៍ ដោយបានចាត់ទុកថាសេវារបស់ប្រៃសណីយ៍កម្ពុជាពិតជាមានសារៈសំខាន់មិនអាចខ្វះបានឡើយ ពីព្រោះសេវារបស់ប្រៃសណីយ៍កម្ពុជាផ្តល់ជូនប្រជាពលរដ្ឋក្នុងតម្លៃសមរម្យ អាចជួយសម្រាលបន្ទុកចំណាយនិងថែមទាំងចំណេញពេលវេលាទៀតផង។
ហើយក្នុងនាមរដ្ឋបាលខេត្តឯកឧត្តមសូមគាំទ្រទាំងស្រុងនិងអនុញ្ញាតឱ្យប្រៃសណីយកម្ពុជា ធ្វើការសហការជាមួយអង្គភាពច្រកចេញចូលតែមួយរបស់ខេត្តដើម្បីងាយស្រួលក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។
កិច្ចការទាំងអស់នេះទាមទារឱ្យមានការរៀបចំក្រុមការងារនិងបង្កើតអនុស្សរណៈយោគយល់រវាងរដ្ឋបាលខេត្តពោធិ៍សាត់និងប្រៃសណីយ៍កម្ពុជាទើបកិច្ចការនេះទទួលបានជោគជ័យនិងមានតម្លារភាព៕