ពោធិសាត់៖ កង់ចំនួន៦០គ្រឿង ជាអំណោយសប្បុរសជន នៅប្រទេសអូស្ត្រាលី តាមរយៈលោក Jame និងលោកស្រី Jenny អង្ការREECH Cambodia ត្រូវបានអង្កការសេវាកម្មអភិវឌ្ឍន៍ជនពិការខេត្តពោធ៍សាត់បានធ្វើការ រៀបចំផ្តល់ជូនកុមារដល់កុមារមានពិការភាពកុមារក្រីក្រនិងដែលកុមារងាយគ្រោះដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី៥ខែកុម្ភៈ ឆ្នាំ ២០២៤នៅស្នាក់ការរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណមន្ទីរ សង្គមកិច្ចខេត្ត នៃភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងនិងខេត្តពោធិ៍សាត់ ស្ថិតក្រោមវត្តមានលោក ក្រូច សុខុន អភិបាលរងនៃគណៈអភិបាលក្រុងពោធិ៍សាត់ និងមានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋាន។
លោក ផែង សំណាង នាយកអង្គការសេវាកម្មអភិវឌ្ឍន៍ជនពិការខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណចំពោះសប្បុរសជននៅប្រទេសអូស្ត្រាលីតាមរយៈលោកJame និងលោកស្រី Jenny អង្គការREECH Cambodia ដែលបាននាំយកកង់ចំនួន៦០គ្រឿងតាមរយៈអង្គការសេវាកម្ម អភិវឌ្ឍន៍ជនពិការ ខេត្តពោធិ៍សាត់ សម្រាប់ផ្តល់ជូនកុមារមានពិការភាពនិងកុមារងាយរងគ្រោះ ដើម្បីឲ្យកុមារទាំងនោះមានលទ្ធភាពទៅសិក្សារៀនសូត្រ ។
លោកថ្លែងថា នៅក្នុងប្រទេសកម្ពុជាតាមរយៈអង្គការ REECH Cambodia ដែលមានលោកJameនិង លោកស្រី Jenny បានជួយដល់អង្គការសេវាកម្មអភិវឌ្ឍន៍ជនពិការខេត្តជាច្រើនលើកមកហើយនឹងនៅតែព្យាយាមខិតខំគៀងគររកមូលនិធិពីមិត្តភក្តិនិងប្រជាជនអូស្ត្រាលីមកបន្តជួយថែមទៀតដោយមិនត្រឹមតែកង់ប៉ុណ្ណោះទេគឺនា ពេលកន្លងមកនេះបានជួយសម្ភារៈឧបករណ៍ប្រើប្រាស់សម្រាប់ជនពិការ ជួយធ្វើបង្គន់អនាម័យ រៀបចំគម្រោងខ្នាតតូចដើម្បីបង្កើតមុខរបរ។
ការផ្តល់ជូនកង់ទាំង៦០គ្រឿងនាពេលនេះក៏ដូចលើកមុនៗក្នុងគោលបំណងលើកកម្ពស់ឲ្យកុមារមានពិការភាពនិងកុមារងាយរងគ្រោះទទួលបានការសិក្សាខ្ពស់ ជួយកាត់បន្ថយការចំណាយថវិកា របស់មាតាបិតា និងអាណាព្យាបាល កុមារមានពិការភាពទាំងអស់កុំមានការតូចចិត្ត ទោះជាពិការ ក៏ដោយក៏ទទួលបានសិទ្ធក្នុងការអប់រំស្មើៗគ្នាហើយមាតាបិតាគ្រប់រូបត្រូវខិតខំជម្រុញកូនចៅបានចូលរៀនសូត្រទាំងអស់គ្នាដើម្បីទទួលនូវចំណេះដឹង ចំណេះធ្វើសម្រាប់ទៅថ្ងៃអនាគត។
ជាទូទៅមានជនពិការមានសម្ថភាពជាច្រើនបាននឹងកំពុងបម្រើការងារក្នុងស្ថាប័នរដ្ឋ អង្គការសង្គមស៊ីវិសនិងវិស័យឯកជនទៅតាមជំនាញនិងទទួលបានប្រាក់កម្រៃក្នុងការចិញ្ចឹមជីវិត ក្នុងនោះអង្គការសេវាកម្ម អភិវឌ្ឍន៍ជនពិការ លោកបានសំណូមពរសូមពរធ្វើ យ៉ាងណាយកកង់ទាំងនោះទៅប្រើប្រាស់និងថែទាំឲ្យបានល្អ។
លោកElliot Smith លោកJameនិងលោកស្រី Jenny តំណាងម្ចាស់ជំនួយបានអោយដឹងតាមរយះអ្នកបកប្រែ បានបញ្ជាក់ថាបើគិតមកដល់ពេលនេះជាង១០ឆ្នាំហើយដែលក្រុមគ្រួសារលោកនិងសម្បុរសជននៅប្រទេសអូស្ត្រាលីបានផ្តល់កង់ជាង៧០០គ្រឿងរួចមកហើយសម្រាប់ពេលនេះបានចែកជូន៦០គ្រឿងនិងនៅតែបន្តជួយបន្ថែមទៀតចំពោះកុមារពិការភាពនិងកុមារងាយរងគ្រោះនៅក្នុងខេត្តដើម្បីមានមធ្យោបាយទៅសាលារៀន ទាំងអស់នេះគឺគិតអំពីអនាគតកុមារមានពិការភាព កុមារក្រីក្រនិងកុមារងាយរងគ្រោះសំដៅធ្វើយ៉ាងណាឱ្យកុមារទាំងនោះបានសិក្សារៀនសូត្រខ្ពង់ខ្ពស់ទៅពេលខាងមុខ។
លោក ក្រូច សុខុន អភិបាលរងនៃគណៈអភិបាលក្រុងពោធិ៍សាត់ បានកោតសរសើរដល់អង្គការសេវាកម្ម អភិវឌ្ឍន៍ជនពិការខេត្ត និងស្ថាប័នពាក់ព័ន្ធជាពិសេសលោកJameនិងលោកស្រី Jenny អង្គការREECH Cambodia ដែលបានខិតខំប្រឹងប្រែងស្វែងរកមូលនីធិជួយដល់ជនពិការភាព កុមារក្រីក្រនិងកុមារងាយរងគ្រោះនៅក្នុងខេត្ត នាពេលនេះក៏ដូចកន្លងមកគឺជាការឆ្លើយតបទៅនឹង តម្រូវការចាំបាច់របស់ក្មួយៗ។
លោកថ្លែងថា បញ្ហាពិការភាពគឺជាបញ្ហាអាទិភាព ត្រូវតែយកចិត្តទុកដាក់ដោះស្រាយមិនអាចប្រងើយ កណ្តើយបានឡើយ ពីព្រោះជនពិការក៏ជាប្រភពធនធានមួយក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។
ជាមួយគ្នានោះរដ្ឋបាលខេត្តក៏ដូចអង្គការដៃគូរអភិវឌ្ឍន៍មានឆន្ទះក្នុងការបញ្រ្ជាបផែនការយុទ្ធសាស្ត្រស្តីពីពិការភាពសំដៅកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់កំណើនការងារសមស្របសម្រាប់ជនពិការ ។
តាមរយៈនេះលោកសូមឲ្យអង្គការ ក្រៅរដ្ឋាភិបាល សម្បុរសជននិងវិស័យឯកជនបន្តចូលរួមជួយឧបត្ថម្ភទាំងសម្ភារៈ ថវិកានិងបង្កលក្ខណងាយស្រួលដល់ជនពិការ ទាំងមធ្យោបាយដឹកជញ្ជូន សេវាសាធារណ ចំណេះដឹង ទំនាក់ទំនងនិងធានា សមភាពយេនឌ័រចំពោះស្ត្រី និងកុមារព្រមទាំងចូលរួមផ្តល់កង់ទាំងចូលរួមចែកកង់ទាំង៦០គ្រៀងដោយក្នុងម្នាក់ៗទទួលបានកង់១គ្រឿងនាពេលនោះផងដែរ ៕