សៀមរាប៖ ស្ថិតក្រោមដំបូលសន្តិភាព ធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា មានសិទ្ធិសេរីភាពពេញលេញ ក្នុងការប្របកមុខរបរចិញ្ចឹមជីវិត និង ការធ្វើដំណើរនៅក្នុងផ្ទៃប្រទេស ប្រកបទៅដោយសន្តិសុខសុវត្ថិភាពខ្ពស់ ធ្វើឲ្យប្រជាពលរដ្ឋមានការជឿជាក់លើកិច្ចដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា ។ នៅដើមឆ្នាំ២០២៤ នៃខែមករា ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្តនៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប មានចំនួន ២៦៩ពាន់៤៣២ នាក់ បានទៅទស្សនាកម្សាន្ត តាមតំបន់ប្រាសាទ និង រមណីយដ្ឋាននានា ក្រោយពីខេត្តសៀមរាបទទួលបាននូវសមទ្ធិផលធំៗ មានផ្លូវ ៣៨ខ្សែ និង អាកាសយានដ្ឋានអន្តរជាតិ សៀមរាប.អង្គរ បានកំពុងទាក់ទាញដល់ភ្ញៀវទេសចរណ៍ មកពីគ្រប់មជ្ឈដ្ឋានលើពិភពលោក ចូលមកកម្ពុជា ពិសេសខេត្ត សៀមរាប ។
យោងតាមរបាយការណ៍ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ ខេត្តសៀមរាប បានឲ្យដឹង កាលពីរសៀល ថ្ងៃទី០១ ខែ កុម្ភះ នេះថាៈ នៅក្នុងខែមករា ឆ្នាំ២០២៤នេះ នៅខេត្តប្រវត្តិសាស្ត្រមួយនេះ ដែលសម្បូរទៅ ដោយសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រ រមណីយដ្ឋានធម្មជាតិ ភ្នំគូលែន ក្បាលស្ពាន និង បឹងទន្លេសាប ព្រមទាំងមានបង្កើតបានជាច្រើនកន្លែង នៅរមណីយដ្ឋានសហគមន៍ តាមបណ្តាក្រុង ស្រុក រួមទាំងរមណីយដ្ឋានកែច្នៃ ភូមិវប្បធម៌ ដែលបានទាក់ទាញអារម្មណ៍ ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ។ លោកបានបញ្ជាក់ថាៈ ជាក់ស្តែង ក្នុងខែមករា នេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបប្រមាណ ២៦៩ពាន់៤៣២នាក់ មានការថយចុះប្រមាណ ៤.៩៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ២៨៣ពាន់៤៣៦នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួនប្រមាណ ១៥៣ពាន់៩០០នាក់ ថយចុះប្រមាណ ២៥.២៩% ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ២០៦ពាន់នាក់ នៅ (ឆ្នាំ២០២៣ ចូលឆ្នាំប្រពៃណីចិន-វៀតណាម) និង ភ្ញៀវទេសចរអន្តរជាតិមានចំនួន ១១៥ពាន់៥៣២នាក់ មានការកើនឡើង ៤៩.២០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៧៧ពាន់៤៣៦ នាក់ ។
បច្ចុប្បន្នជើងហោះហើរចូលមកកាន់ខេត្តសៀមរាបមានចំនួនប្រមាណពី ២៣ទៅ២៦ ជើងហោះហើរ ក្នុងមួយថ្ងៃ ដែលមានអ្នកដំណើរចន្លោះពី ២ពាន់៣០០ នាក់ ទៅ ២ពាន់៩០០ នាក់ ក្នុងមួយថ្ងៃ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប