យុទ្ធនាការស្តីពី ការគ្រប់គ្រង កាកសំណល់ និងការកាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិក នៅឃុំស្នាមព្រះ ស្រុកបាកាន

ពោធិសាត់: យុទ្ធនាការកាត់បន្ថយប្រើប្រាស់ថង់ប្លាស្ទិកដែលបានដាក់ចេញដោយក្រសួងបរិស្ថានកំពុងអនុវត្តន៍យ៉ាងផុលផុសនៅតាមសាលារៀន គ្រឹះស្ថានសិក្សានិងសហគមន៍ទូទាំងប្រទេសនោះ ត្រូវបានអង្គការអាដ្រាកម្ពុជាប្រចាំខេត្តពោធិ៍សាត់ ក្រោមការជួយឧបត្ថម្ភគាំទ្រពីគម្រោងជម្រើសដ៏ល្អបំផុត របស់អង្គការអាដ្រាកម្ពុជា បានរៀបចំយុទ្ធនាការស្តីពីការគ្រប់គ្រងកាកសំណល់ និងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ភូមិឋានស្អាត សុវត្ថិភាពបរិស្ថាន សុខភាពមនុស្ស សត្វនិងលំនៅឋានគ្មានថង់ប្លាស្ទិក» ក្នុងគោលបំណងបង្កើនការយល់ដឹងពីផលប៉ះពាល់និងផ្លាស់ប្តូរឥរិយាបទក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

យុទ្ធនាការនេះបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី៣១ខែមករា ឆ្នាំ២០២៤ នៅវត្តខ្នារ ស្ថិតក្នុងភូមិខ្នារ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់​ ស្ថិតក្រោមអធិបតីភាពលោក អ៊ុំ សុខណា អភិបាលរង នៃគណៈអភិបាលស្រុកបាកាន លោក ដាង រ៉ាឌី តំណាងមន្ទីរ បរិស្ថាន ខេត្ត សិស្សានុសិស្សអនុវិទ្យាល័យខ្មារ និងប្រជាពលរដ្ឋជាង៣០០នាក់ មកពីភូមិគោលដៅចំនួន៨គឺ ភូមិស្តុកស្វាយ ភូមិសាមគ្គី ភូមិខ្មារ ភូមិចំបក់មាស ភូមិទួលខ្មែរ និងភូមិព្នៅ ឃុំស្នាមព្រះ និងភូមិបត់ត្រាច និងភូមិរបងរមាស ឃុំបឹងបត់កណ្តោល ។

លោក រិទ្ធ សារ៉ាយ នាយកអង្គកការអាដ្រាកម្ពុជា ប្រចាំខេត្តពោធិ៍សាត់ បានឱ្យដឹងថា គម្រោងជម្រើសដ៏ល្អបំផុតនៃអង្គការអាដ្រាកម្ពុជា បាននឹងកំពុងអនុវត្តសកម្មភាពអស់រយៈពេលជាង៤ឆ្នាំ ដោយផ្តោតសំខាន់ទៅលើការគ្រប់គ្រងកាកសំណល់ក្នុង៥០ភូមិគោលដៅ ក្នុងនោះតម្លើងបង្គន់អនាម័យបាន៧១៦ ចែកធុងចម្រោះទឹកសុវត្ថិភាពចំនួន៤០០ ផ្តល់ផែសម្រាប់ដាក់សំរាមនៅភូមិ បណ្តែតទឹកដីរនាតឃុំមេទឹកមួយកន្លែង ផ្តល់ឡរដុតសំរាមចំនួន១និងចែកកូនឈើដល់ភូមិគោលដៅចំនួន៦០០ដើម។ចំពោះផែនការអនុវត្តបន្ត ត្រូវផ្តល់បង្គន់ចំនួន១៦០ និងធុងចម្រោះទឹកចំនួន២០០ ។

ក្រៅពីនោះបន្តផ្សព្វផ្សាយលើកកម្ពស់ការអនុវត្តវិធី ងាយៗមួយចំនួនក្នុងភូមិគោលដៅ ឱ្យកាន់តែយល់ដឹងនិងចូល រួមកាត់បន្ថយកាកសំណល់ប្លាស្ទិកដូចជាបដិសេធការប្រើប្រាស់ប្លាស្ទិក កាត់បន្ថយការប្រើប្រាស់តម្លើងម៉ាស៊ីនឬប្រើធុងចម្រោះទឹក ត្រូវប្រើឡើងវិញឬវត្ថុជំនួយប្លាស្ទិក និងត្រូវចេះកែឆ្នៃសំរាមឡើងវិញសម្រាប់ប្រើប្រាស់ជាដើម។

លោក អ៊ុំ សុខណា អភិបាលរងនៃគណអភិបាលស្រុកបាកាន បានថ្លែងអំណរគុណចំពោះ អង្គការអាដ្រាកម្ពុជាប្រចាំខេត្ត មន្ទីរបរិស្ថានខេត្ត ម្ចាស់ជំនួយឧបត្ថម្ភពីប្រទេសអូស្ត្រាលី អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្ស អនុវិទ្យាល័យខ្មារ ដែលបានចូលរួមក្នុងយុទ្ធនាអប់រំ ផ្សព្វផ្យាយស្តីពីការគ្រប់គ្រង កាកសំណល់និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បានប្រារព្ធថ្វើនៅវត្ត ខ្នារ ក្រោមប្រធាន «ភូមិឋានស្អាត សុវត្ថិភាពបរិស្ថាន សុខភាពមនុស្សសត្វ និងលំនៅឋានគ្មានថង់ប្លាស្ទិក »។

នេះគឺជាការ ក្រើនរំលឹកទៅដល់សិស្សានុសិស្សនិងប្រជាពលរដ្ឋនៅក្នុងសហគមន៍គប្បីចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកដែលយើងត្រូវរួមកម្លាំងសាមគ្គី ទាំងអស់គ្នាកការពារបរិស្ថាន ត្រូវនិយាយថា «លាហើយប្លាស្ទិក»។

ការចូលរួមពីសំណាក់បងប្អូននាពេលនេះ បានបញ្ជាក់ឱ្យឃើញថា បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប បានយល់ដឹង ពីផលប៉ះពាល់ និងមានការផ្លាស់ប្តូរឥរិយាបទក្នុងការទុកដាក់សំរាម ដើម្បីរួមគ្នាឆ្ពោះទៅកាត់បន្ថយឱ្យបានខ្ពស់បំផុតនៅក្នុងសង្គម។ លោក បានបញ្ជាក់ថា ការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក្មួយៗសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូនិងស្ថាប័នពាក់ព័ន្ធទាំងនឹងជួយធ្វើឱ្យបរិស្ថាននៅក្នុងប្រទេសកម្ពុជា និយាយរួមដោយឡែកនៅក្នុងសហគមន៍កាន់តែស្រស់ស្អាត គ្មានសំរាម គ្មានជាតិពុល ដែលជាទីមនោរម្យសម្រាប់ក្រុមគ្រួសារ ភូមិឋាននិងសហគមន៍។

ជាការពិតណាស់ថា ថង់ប្លាស្ទិកជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភដែលបច្ចុប្បន្នកំពុងរីករាលដាលនៅលើពិភពលោកក្នុងនោះប្រទេសកម្ពុជាកំពុងកើតឡើងផងដែរទាមទាឱ្យមានការគ្រប់គ្រងសំណង់រឹង រាវគឺជាការតព្វកិច្ចរបស់យើងទាំងអស់គ្នាមិនមែនមន្ទីរបរិស្ថានតែមួយនោះទេ យើងត្រូវចូលរួមការពារនិង ពង្រឹងការគ្រប់គ្រងបរិស្ថាននៅជុំវិញខ្លួន គ្រួសារ ភូមិឋាននិងសហគមន៍យើង ដោយប្តេជ្ញាគោរពច្បាប់ បទដ្ឋានគតិយុត្តដែលមានវិសាលភាពគ្របដណ្តប់លើការងារពាក់ព័ន្ធវិស័យបរិស្ថាននិងធនធានធម្មជាតិ ត្រូវចាត់ទុកថាទីក្រុង ទីប្រជុំជន ភូមិឋាន ផ្ទះសម្បែង ដែលកំពុងរស់នៅចាំបាច់ត្រូវតែស្អាត មានអនាម័យដើម្បីរក្សាសោភណ្ឌភាពនិងលើកតម្កើងសុខុមាលភាពសាធារណៈ ៕​

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *