ពិធីបើកវគ្គបណ្តុះបណ្តាល រំលឹកឡើងវិញ ស្តីពី របៀបកត់ត្រា ការងារអត្រានុកូលដ្ឋាន

លោកស្រី យូ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង លោក យឹម សំអុល អនុប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន តំណាងអគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិតីភាព បើកសិក្ខាសាលាស្ដីពីការរៀបចំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីរបៀបកត់ត្រាការងារអត្រានុកូលដ្ឋាន ដល់មន្ត្រី អត្រានុកូលដ្ឋានឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ និងមន្ត្រីទទួលបន្ទុកការងារអត្រានុកូលដ្ឋានថ្នាក់ខេត្ត ក្រុង ស្រុក ធ្វើឡើងនៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី០១ ខែ កុម្ភះ ឆ្នាំ២០២៤ ដោយមានការចូលរួមជាសិក្ខាកាម មានអាជ្ញាធរ ឃុំ-សង្កាត់ ស្មៀន ឃុំ សង្កាត់ និង មន្ត្រីទទួលបន្ទុកការងារអត្រានុកូលដ្ឋានថ្នាក់ខេត្ត ក្រុង ស្រុក ក្នុងខេត្តសៀមរាប ចំនួន ៣៦៦នាក់ ។
ថ្លែងក្នុងឱកាសនោះ លោក យឹម សំអុល បានលើកឡើងថា រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវពង្រឹងការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់លើការងារកត់ត្រា អត្រានុកូលដ្ឋាន ត្រូវត្រួតពិនិត្យនូវចំណុចខុសឆ្គង និងធ្វើការកែតម្រូវឲ្យបានត្រឹមត្រូវស្របតាមនីតិវិធី មុននឹងចុះហត្ថលេខានៅលើសំបុត្រច្បាប់ដើម និង នៅលើគល់បញ្ជី នៃសៀវភៅគ្រប់ប្រភេទដែលបានអនុវត្តប្រចាំថ្ងៃ ជាពិសេសត្រូវរៀបចំទុកដាក់ និងថែរក្សាសៀវភៅអត្រានុកូលដ្ឋានដែលបានកត់ត្រារួច ឲ្យបានត្រឹមត្រូវ និងត្រួតពិនិត្យមើលសន្លឹកបញ្ជីនៃសៀវភៅឲ្យបានល្អ ជៀសវាងរបូត រហែក ឬបាត់បង់ បញ្ជីណាមួយជាដាច់ខាត់ ។
លោកស្រី យូ សុភា អភិបាលរងខេត្ត បានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដែលបានយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រទាំងស្មារតី បច្ចេកទេសដល់រដ្ឋ បាលថ្នាក់ក្រុមជាតិ ក្នុងការបង្កើនសមត្ថភាព ការងាររបស់មន្ត្រី ក្នុងគោលបំណងបង្កើននូវគុណភាពនៃការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព និងប្រសើរឡើង។ ក្នុងនោះដែរលោកស្រីបានគូសបញ្ជាក់ថា ការងារអត្រានុកូល ដ្ឋាន មានសារៈសំខាន់ក្នុងពេលដែលរាជរដ្ឋាភិបាលកម្ពុជា ជម្រុញយុទ្ធនាការណ៍ចុះបញ្ជីដីធ្លី ឬ ធ្វើប័ណ្ណសម្គាល់អចនៈទ្រព្យជូនប្រជាពលរដ្ឋ គឺត្រូវទាមទានូវសំបុត្រកំណើត ,សំបុត្រអាពាហ៍ពិពាហ៍ ដើមី្បធ្វើការបំពេញនូវលក្ខ័ន្តបចេ្ចកទេស របស់មន្ទីរជំនាញ ហើយក៏ដើមី្បសម្រេចឲ្យបានទៅតាមផែនការរបស់ខេត្តនៅឆ្នាំ២០២៥ ។ លោកស្រីអភិបាលរងខេត្ត បានធ្វើការវាយតម្លៃបានថា ការអនុវត្តការចុះបញ្ជីអត្រានុកូលដ្ឋាននៅថ្នាក់ឃុំ សង្កាត់របស់យើង កំពុងតែអនុវត្តយ៉ាងសកម្ម និងមានប្រសិទ្ធភាពជាងមុន ដោយមានការគាំទ្របច្ចេកទេសពីមន្ត្រីជំនាញរបស់ថ្នាក់ជាតិជាបន្តបន្ទាប់ ពោលគឺបានពីការរួមផ្សំរវាងកត្តាពីរ គឺកត្តាមនុស្ស ដែលមានសមត្ថភាព មានស្មារតីទទួលខុសត្រូវ ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ និង កត្តា សម្ភារៈ ដែលធានាបានទាំងប្រសិទ្ធភាព ភាពលឿនរហ័សទាន់ចិត្តតាម តម្រូវការ គុណភាព និងសុវត្ថិភាព ។ លោកស្រី បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ឲ្យយកចិត្តទុកដាក់ស្វែងយល់រៀនសូត្រ និង ត្រង់ត្រាប់ស្តាប់នូវរាល់ការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេស ដើមី្បបានយល់ដឹងបន្ថែម អំពីនីតិវិធីនៃការចុះបញ្ជីអត្រានុកូលដ្ឋាន និង បានធ្វើការកែលម្អលើចំណុចខុសឆ្គងមួយចំនួន ដែលធ្លាប់អនុវត្តកន្លងមក ដើម្បីយកទៅអនុវត្តក្នុងការផ្តល់សេវាអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវស្របតាមនីតិវិធី៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *