ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ៖វគ្គបណ្តុះបណ្តាលកម្រិត បឋមវិជ្ជាជីវៈនគរបាលគឺមានសារៈសំខាន់ និងចាំបាច់ នៅក្នុងឆាកជីវិត ដោយបានផ្លាស់ប្តូរជីវភាព ការងារពីជនស៊ីវិល មកជាកងកម្លាំងនគរបាលជាតិ

សៀមរាប៖ នៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខសិស្សនាយនគរបាលនិងសិស្សនាយនគរបាលរង ដែលកំពុងសិក្សាវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី១ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅសាលានគរបាលជាតិភូមិភាគ៤ខេត្តសៀមរាប ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានថ្លែងថា ៖ ការបើកវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលគឺប្រវត្តិសាស្ត្រដ៏ សំខាន់និងចាំបាច់នៅក្នុងឆាកជីវិតរបស់ប្អូនៗដោយបានផ្លាស់ប្តូរជីវភាពការងាររបស់ប្អូនៗពីជនស៊ីវិលមកជាកងកម្លាំង នគរបាលជាតិ។ ហើយសិស្សដែលអាចទទួលបានវិញ្ញាបនបត្រសិក្សាលុះត្រាណាតែសិក្សាទទួលបានការជោគជ័យនិងអនុវត្តតាមនីតិវិធីជាធរមាន។ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បានបន្តថា ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសក្រោមកិច្ចដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយបណ្ឌិត្យសភានគរបាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ រយៈពេល៥ឆ្នាំ និងកម្មវិធីកំណែទម្រង់លើការងារសំខាន់ៗរួមមាន៖ ការងារដឹកនាំ-គ្រប់គ្រង ការអភិវឌ្ឍកម្មវិធីអប់រំ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការពង្រឹងវិន័យ និស្សិត-សិក្ខាកាម សិស្សនាយនគរបាល និង សិស្សនាយនគរបាលរង ការអភិវឌ្ឍធនធានមនុស្ស ការបង្កើតឱ្យមានយន្តការធានាគុណភាពអប់រំផ្ទៃក្នុង ការបង្កើតឱ្យមានវប្បធម៌គុណភាព ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនិងសម្ភារសិក្សា ការពង្រឹងសមត្ថភាពស្រាវជ្រាវវិទ្យាសាស្ត្រ នគរបាល និងការពង្រឹងពង្រីកកិច្ចសហការប្រតិបត្តិការជាតិនិងអន្តរជាតិ សំដៅលើកកម្ពស់គុណភាពអប់រំបណ្តុះបណ្តាល ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការអង្គភាពប្រើប្រាស់កងកម្លាំងនគរបាលជាតិ ស្របតាមទិសដៅរបស់ក្រសួងមហាផ្ទៃ និងគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចមហា បវេធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដ៏ឆ្នើមនៃយើងទាំងអស់គ្នា។ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ក៍បានផ្ដល់អនុសាសន៍ដល់សិស្សនគរបាលគ្រប់រូបទាំងអស់ត្រូវ៖ ១. យកចិត្តទុកដាក់សិក្សារៀនសូត្រឮហ្វឹកហាត់ ដោយធ្វើស្វ័យសិក្សាទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង។ ២. មានវត្តមានគ្រប់ពេលសិក្សា ពេលប្រជុំជួរ ហ្វឹកហាត់កីឡា និងគោរពវិន័យឱ្យបានខ្ជាប់ខ្ជួន និងហាមដាច់ ខាតចំពោះការប្រព្រឹត្តនូវសកម្មភាពខុសច្បាប់នានា។ ៣. ត្រូវគោរពឱ្យបាននូវបទបញ្ជាផ្ទៃក្នុង បទប្បញ្ញត្តិ សេចក្តីសម្រេចនានា របស់បណ្ឌិត្យសភា។ ៤ .ប្រកាន់ខ្ជាប់នូវទស្សនៈ «រៀនឱ្យចេះ មិនមែនរៀនឱ្យចប់» «គុណភាព មិនអាចសម្របសម្រួលបានឡើយ ។ ៥. អ្នកដែលមិនបានទទួលជោគជ័យក្នុងការសិក្សា នឹងមិនត្រូវបានផ្តល់វិញ្ញាបនបត្រសិក្សាជូនទេ។ ៦. ពេលត្រឡប់ទៅបម្រើការងារវិញ ត្រូវចេះបង្ហាញពីឥរិយាបថការងារថ្មី ជាមន្ត្រីនគរបាលដែលមានលក្ខណ- សម្បត្តិគ្រប់គ្រាន់ មានសីលធម៌ល្អ មានការទទួលខុសត្រូវលើការងារ មានភាពស្មោះត្រង់ ដើម្បីឱ្យថ្នាក់ដឹកនាំផ្តល់ជំនឿទុកចិត្តមកលើខ្លួន។ លោកឧត្តមសេនីយ៍ទោ សាយ រិទ្ធីសក្តិ នាយកសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប បានបញ្ជាក់ថាវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី១នាពេលនេះគឺមានរយៈពេលសិក្សាចំនួន៤ខែ ដោយមានសិស្សចំនួន១៩២នាក់ ។ លោកឧត្តមសេនីយ៍ទោ សាយ រិទ្ធីសក្តិ បានមានប្រសាសន៍បន្ថែមទៀតថាគ្រូបណ្តុះបណ្តាលនៅសាលានគរបាលភូមិភាគ៤ គឺបានខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចក្នុងកាបង្រៀន ដើម្បីធ្វើសិស្សទាំងអស់ពេលត្រឡប់ទៅបំរើការងារនៅតាមអង្គភាពរៀងៗខ្លួន ប្រកបដោយសមត្ថភាព មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសីលធ៌មល្អ មានការទទួលខុសត្រូវលើការងារ មានភាពស្មោះត្រង់ ធ្វើឲ្យថ្នាក់ដឹកនាំមានជំនឿទុកចិត្ត និងប្រជាពលរដ្ឋស្រឡាញ់នៅតាមមូលដ្ឋានរបស់ខ្លួនផងដែរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *