សៀមរាប៖ គណ:កម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាអនុប្រធានអចិន្ត្រៃយ៍ (គ.ជ.ប.ជ) ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សខេត្តសៀមរាប ដោយមានវត្តមានចូលរួមពី តំណាងសាលាដំបូងខេត្ត តំណាងព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្ត អស់លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក មេឃុំ-ចៅសង្កាត់ កងកម្លាំង សហភាពសហព័ន្ធ យុវជនកម្ពុជាខេត្ត តំណាងអង្គការដៃគូជាតិ-អន្តរជាតិសរុបប្រមាណជា២០០នាក់ចូលរួមនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ។
ក្នុងកិច្ចស្វាគមន៍របស់លោកជំទាវ យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្ត និង ជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សខេត្តសៀមរាប បានធ្វើសេចក្តីរាយការណ៍ អំពីលទ្ធផល ការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ឆ្នាំ២០២៣ ព្រមទាំងបានលើកផងដែរ អំពីបញ្ហាប្រឈម ដែលក្រុមការ ងារបានជួបក្នុងពេលកន្លងមក និង បានលើកនូវទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២៤ផងដែរ ។ លោកស្រីអភិបាលរងខេត្ត បានគូសបញ្ជាក់ថា អំពើជួញដូរមនុស្ស គឺជាបទឧក្រិដ្ឋមួយ ក្នុងចំណោមឧក្រឹដ្ឋកម្មឆ្លងដែន ដែលប្រទេសនានាបាននឹងកំពុងតែប្រឈមមុខនាពេលបច្ចុប្បន្ន ។ ម្យ៉ាងវិញទៀតអំពើជួញដូរមនុស្ស ត្រូវបានចាត់ទុកថា ជាទាសភាពសម័យទំនើប ដែលមានចរិកស្មុគស្មាញប្រកបដោយល្បិចកលពាក់ព័ន្ធទៅនឹង របត់នៃផ្នត់គំនិត ចិត្តសាស្រ្តសង្គម ការរីកចម្រើននៃវិទ្យាសាស្រ្ត បច្ចេកវិទ្យា ការវិវត្តន៍នៃសេដ្ឋកិច្ច សង្គមនយោបាយជាតិ អន្តរជាតិជាដើម ដែលត្រូវការជាចាំបាច់នូវការប្តេជ្ញាចិត្តរួមគ្នា ដើម្បីរិះរកវិធានការ ដ៏មានប្រសិទ្ធភាពក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសពាក់ព័ន្ធ ដែលមានការចាត់តាំង និងឧក្រិដ្ឋជន ក្នុងការកាត់បន្ថយ និងឈានទៅលុបបំបាត់ឲ្យបាន។
ឆ្លងតាមបទបង្ហាញស្តីពីផែនការ អនុវត្តការងារបន្ត ឆ្នាំ២០២៤រួចមក ថ្លែងបិទកិច្ចប្រជុំ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា អំពើជួញដូរមនុស្ស ក្នុងរូបភាពការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំចេញឆ្លងដែនទៅក្រៅប្រទេស និងការនាំចូលមកពីបរទេស ដែលជាសកម្មភាពខុសច្បាប់ ហើយបានជះឥទិ្ធពលមិនល្អ ដល់ប្រទេសកម្ពុជា ធ្វើឲ្យផលប៉ះពាល់ដល់សុខភាពសាធារណ: និងអាយុជីវិតប្រជាពលរដ្ឋ ។ យើងសង្កេតឃើញផងដែរ ថា បទល្មើសនៅតែកើតមាន ហើយប្រជាពលរដ្ឋនៅតែបន្តរងគ្រោះជាបន្តបន្ទាប់ ដែលភាពរងគ្រោះមួយចំនួន គឺកើតឡើងនៅក្រៅប្រទេស ក្នុងពេលដែលប្រជាពលរដ្ឋធ្វើចំណាកស្រុក ជាពិសេសការធ្វើទេសន្តរប្រវេសន៍ ដោយមិនមានច្បាប់ត្រឹមត្រូវ ក្នុងការស្វែងរកការងារ ទាំងការស្វែងរកគូស្រករនៅក្រៅប្រទេស ។ ម៉្យាងទៀតបទល្មើសមួយចំនួន ជនរងគ្រោះក៏ក្លាយជាជនល្មើសផងដែរ ទៅតាមរូបភាព ដូចជា(ការពរពោះ បង្កើតយកកូនលក់) ជាដើម ។ លោកជំទាវក៏បានគូសបញ្ជាក់ថា ភាពស្មុគ្រស្មាញនៃបទល្មើសជួញដូរមនុស្ស បានធ្វើឲ្យការអនុវត្តច្បាប់ជួបការលំបាក ក្នុងការវិភាគរកធាតុផ្សំនៃអំពើល្មើស ដើម្បីបង្ក្រាប ហើយបានអូសបន្លាយឲ្យជនល្មើសរួចផុតពីការផ្តន្ទាទោស បើទោះបីមើលឃើញថា ជនទាំងនេះជាអ្នកបង្ក ឬអូសទាញឲ្យជនរងគ្រោះជួបនូវគ្រោះមហន្តរាយ ដោយការរំលោភបំពានកេងប្រវ័ញ្ច ការប្រើអំពើហិង្សា បង្ខិតបង្ខំទាំងផ្លូវកាយ និងផ្លូវចិត្ត ប្រៀបបាននឹងទាសករ ។ លោកជំទាវ ជូ ប៊ុនអេង បានបន្តទៀតថា រាល់បទល្មើសនៃការជួញ ដូរមនុស្សនេះ នៅពេលអនុវត្តការងារ ត្រូវកំណត់នូវអត្តសញ្ញាណឲ្យបានត្រឹមត្រូវច្បាស់លាស់ ចំពោះជនល្មើស និង ជនរង គ្រោះ ដោយជនរងគ្រោះមួយចំនួនក៏ជាជនល្មើសផងដែរ ។ បច្ចុប្បន្ននេះមានអនិជនរងគ្រោះប្រមាណជា៥០% បានកំពុងទទួលរងនូវអំពើជួញដូរទៅតាមគ្រប់រូបភាព ប្រឈមទៅភាពគ្រោះថ្នាក់បំផុត និង ធ្វើឲ្យមានវិបត្តិដល់សង្គមទៀតផង ។ លោកជំទាវក៏បានជម្រុញដល់កម្លាំងជំនាញ អាជ្ញាធរមូលដ្ឋាន ធ្វើការជម្រុញផ្សព្វផ្សាយជាសាធារណ: អប់រំទូន្មាន ដាស់ តឿន ក្រើនរំលឹកជាប្រចាំ យ៉ាងទូលំទូលាយ ដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង បានដឹងបានលឺ ឬធ្លាប់បានទទួលភាពរងគ្រោះរួចហើយក្តី តែហាក់ដូចជានៅមិនទាន់បានយកចិត្តទុកដាក់ ហើយនៅតែមានអ្នកបន្តផ្សងព្រេង និងជឿលើការអូសទាញពីជនខិលខូចជាមេខ្យល់ ជាងការដាស់តឿនឲ្យប្រុងប្រយ័ត្នរបស់អាជ្ញាធរ និង អ្នកពាក់ព័ន្ធ ។ លោកជំទាវបានបន្តទៀតថា ដើមី្បលើកកម្ពស់កិត្យានុភាពនៃប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស យើងទាំងអស់គ្នា ត្រូវចូលរួមក្នុងការប្រយុទ្ធប្រឆាំងលុបបំបាត់កុំឲ្យកើតមាននៅក្នុងមូលដ្ឋានខ្លួន ឲ្យសក្តិសមជាប្រទេសមានអរិយធម៌ខ្ពង់ខ្ពស់នៅក្នុងតំបន់អាស៊ីក៏ដូចនៅលើពិភពលោកផងដែរ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប