ព្រះគ្រូចៅអធិការវត្ត ប្រាសាទគោកចក និងសប្បុរសជន មកពីចិន តៃវ៉ាន់ និងរាជធានីភ្នំពេញនាំយក សម្ភារៈសិក្សា ដល់សិស្សា នុសិស្សនៃសាលាបឋមសិក្សា កំពង់ភ្លុក ឃុំកំពង់ភ្លុក ស្រុកប្រាសាទគង ខេត្តសៀមរាប

សៀមរាប៖ ដើម្បីបង្ហាញពីក្តីស្រឡាញ់ព្រមទាំងការផ្តល់កម្លាំងចិត្តដល់ប្អូនសិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្ថែមទៀតផងដែរនោះជាក់ស្តែងនៅថ្ងៃទី២៩ ខែ មករា ឆ្នាំ ២០២៤នេះ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិការវត្តប្រាសាទគោកចក ក្រុងសៀមរាប បានដឹកនាំសប្បុរសជន ដែលជាជនជាតិចិនតៃវ៉ាន់ និងសប្បុរសជននៅរាជធានីភ្នំពេញ បាននាំយកនូវសម្ភារសិក្សារួមនឹងថវិកាមួយចំនួន ដើម្បីទៅចែកជូនដល់សិស្សានុសិស្សចំនួន៣៨៥នាក់ដែលកំពុងសិក្សានៅសាលាបឋមសិក្សាកំពង់ភ្លុក ឃុំកំពង់ភ្លុក ស្រុកប្រាសាទគង ខេត្តសៀមរាប ។ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិការវត្តប្រាសាទគោកចកបានមានសង្ឃដីការឱ្យដឹងថាបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ និងធ្វើកំណែទម្រង់ស៊ីជម្រៅទៅលើវិស័យអប់រំ ដោយបង្ខិតសាលារៀនឲ្យជិតកូនសិស្ស ឬអាចនិយាយបានថាសាលារៀនរត់រកមនុស្ស និងដើម្បីពង្រឹងការសិក្សា ដល់សិស្សានុសិស្សឱ្យមានគុណភាព ទទួលបានធនធានមនុស្សល្អៗ ប្រកបដោយសមត្ថភាពចូលរួមចំនែក ក្នុងការអភិវឌ្ឍន៍ប្រទេស ឱ្យទទួលបានការរីកចម្រើនជាលំដាប់។ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន បានបន្តថា សម្ភារៈសិក្សាជាច្រើនមុខដែលយកមកចែកជូនដល់ប្អូនៗសិស្សានុសិស្សនាពេលនេះ គឺបានមកពីការចូលរួមបរិច្ចាគពីសំណាក់សប្បុរសជន ដែលជាជនជាតិចិនតៃវ៉ាន់ និងសប្បុរសជននៅរាជធានីភ្នំពេញ ដែលអំណោយទាំងនេះ គឺពិតជាបានរួមចំណែកដល់ការបំពេញតម្រូវការខ្វះខាត របស់ប្អូនៗឱ្យកាន់តែល្អប្រសើរ នៅក្នុងការសិក្សានិង ដើម្បីប្រើប្រាស់ក្នុងការរៀនសូត្រ ។ ហើយ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ក៍បានសង្ឃដីកាថ្លែងអរគុណយ៉ាងខ្លាំងទៅដល់ចិត្តសប្បុរសធម៌របស់សប្បុរសជនទាំងអស់ដែលមានក្ដីស្រលាញ់ចំពោះប្អូនៗមានទឹកចិត្តដ៏ធំក្នុងការជួយទៅដល់ពួកគេ។ ក្នុងឱកាសនោះផងដែរ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិការវត្តប្រាសាទគោកចក ក៍បានមានសង្ឃដីការជំរុញនិងលើកទឹកចិត្ត ដល់ក្មួយៗ ដល់សិស្សានុសិស្សទាំងអស់ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ឲ្យបានខ្លាំងក្លាថែមទៀត ព្រោះថា ចំណេះវិជ្ជា វាជាស្ពានមួយ ដ៏សំខាន់ សម្រាប់ក្មួយៗ ឆ្លងឲ្យផុតពីគ្រោះអវិជ្ជា នឹងធ្វើឲ្យក្មួយៗ ក្លាយទៅជា ធនធានមនុស្ស ដ៏មានតម្លៃ របស់ប្រទេសជាតិយើង ហើយប្រទេសជាតិត្រូវការប្អូនៗសិស្សានុសិស្សដែលជាទំពាំងស្នងឬស្សីជំនាន់ក្រោយនេះហើយដែលជាអ្នកកសាងនិងអភិវឌ្ឍប្រទេសជាតិបន្តវេន។ សូមបញ្ជាក់ផងដែរថា សម្ភារៈសិក្សាដែលព្រះគ្រូចៅអធិការវត្តប្រាសាទគោកចកនិងសប្បុរសជនមកពីចិនតៃវ៉ាន់និងរាជធានីភ្នំពេញបានយកមកចែកជូនដល់ប្អូនៗសិស្សានុសិស្សនាពេលនោះមានដូចជា៖ប៊ិច ខ្មៅដៃ ប្រដាប់ចិតខ្មៅដៃ សៀវភៅ នំ ស្កគ្រាប់ ។ល។ព្រមទាំងមានមីជូនលោកគ្រូអ្នកគ្រូ ទាំងអស់នៅក្នុងសាលានោះផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *