ពិធីផ្សព្វផ្សាយខ្លឹមសារ អនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃលើកទី៣១ ខេត្តសៀមរាប

សៀមរាប៖ នៅរសៀលថ្ងៃទី២៩ ខែមករាឆ្នាំ២០២៤ នៅវត្តរាជបូណ៌ ខេត្តសៀមរាប មានបើកពិធី ផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃលើកទី៣១ ក្រោមព្រះអធិបតីភាព អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុ វណ្ណោ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការនិមន្ត អញ្ជើញចូលរួមពីព្រះមេគណខេត្តទាំងពីរគណៈ និង ឯកឧត្តមរដ្ឋលេខាធិការក្រសួងធម្មការ និង សាសនា ,ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ,មន្ត្រីសង្ឃក្រុង ស្រុក ,ព្រះគ្រូចៅអធិការ ,គ្រូសូធ្រស្តាំ និងឆ្វេង ,គ្រូអាចារ្យ គណៈកម្មការវត្ត និង ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ស្រុក ប្រមាណជា ៩០០អង្គ/នាក់ចូលរួម ។
មានប្រសាសន៍នោះដែរលោកស្រី យូ សុភា អភិបាលរងខេត្ត និងឯកឧត្តម ផាន់ ចន្ទតារា រដ្ឋលេខាធិការ បានលើកឡើងថា ក្នុងការពង្រឹងវិស័យសាសនា,កែលម្អបន្ថែមលើវិន័យសង្ឃ បន្តលើទឹកចិត្តមន្រ្តីសង្ឃនិងព្រះសង្ឃនៅតាម ទីវត្តអារាមក្នុងខេត្ត ដើម្បីចុះអប់រំសីលធម៌ ចរិយាធម៌និងធម្មវិជ្ជាដល់កុលបុត្រ កុលធិតាក្នុងស្ថាប័នអប់រំ,បង្កើតសាសាធម្មវិន័យ ពុទ្ធិកសិក្សា, ពង្រឹងសាមគ្គីភាព, ពិសេសវិស័យសង្ឃក្នុងការផ្សព្វផ្សាយគ្រប់រូបភាពតាមប្រព័ន្ធសង្គម។ ឯកឧត្តមក៏បានបញ្ជាក់ថា វិស័យព្រះពុទ្ធសាសនា មានភាពរីកចម្រើនជាខ្លាំង ប៉ុន្តែយើងក៏នៅមានការងារច្រើនទៀតដែលត្រូវខិតខំប្រឹងប្រែងទាំងអស់គ្នា ដើម្បីពង្រឹង គុណភាពបន្ថែមទៀត ។ ហើយក៏ជាប្រភពបណ្តុះបណ្តាលនូវបញ្ញាញាណ ជាថ្នាលបណ្តុះធនធានបញ្ញាជន ជាប្រវត្តិសាស្ត្រ និងបទពិសោធន៍ បង្ហាញឲ្យឃើញថា វត្ដអារាម និងព្រះសង្ឃ មានតួនាទីរួមចំណែក ក្នុងការកសាងសង្គមជាតិមួយ ប្រកបដោយសីលធម៌ ចរិយាធម៌ ដើម្បីឲ្យមានការអភិវឌ្ឍន៍សង្គមកិច្ច សេដ្ឋកិច្ច ប្រកបដោយសមធម៌ ក្នុងនោះត្រូវអភិវឌ្ឍន៍ផ្នែកអប់រំជាចម្បង ។
សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ សង្ឃដីកាស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមឲ្យមានប្រយោជន៍សម្រាប់ពុទ្ធសាសនា និងសង្គមជាតិ សូមរៀបចំវត្តអារាមឲ្យក្លាយទៅជាតំបន់ទេសចរណ៍តាមបែបពុទ្ធសាសនា ពិសេសគឺសូមបង្កើតឲ្យមានមូលនិធិមនុស្សធម៌តាមវត្តអារាម ដើម្បីចូលរួមចំណែកក្នុងការងារសង្គម និងមនុស្សធម៌ ។ សម្ដេចព្រះព្រហ្មរតនមុនី ក៏បានគូសបញ្ជាក់ថា វិស័យព្ឬះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំចិត្តចំពោះពុទ្ធបរិស័ទអ្នកគោរពប្រត្តិបត្តិ ដោយមានការនិមន្តចូលរួមពីព្រះមេគណខេត្តទាំងពីរគណៈ ព្រះមន្ត្រីសង្ឃខេត្ត ក្រុង ស្រុកគ្រប់ឋានានុក្រម ព្រះគ្រូចៅអធិការវត្តគណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយទៀតផង ។ វិស័យសាសនាមានការអភិវឌ្ឍន៍រីកចំរើនទៅបាន គឺត្រូវទាមទាពីការចូលរួមពីពុទ្ធបរិស័ទ ប្រជាពលរដ្ឋគ្រប់ស្រទាបវណ្ណៈ នៅគ្រប់មជ្ឈដ្ឋានក្នុងសង្គមជាតិទាំងមូល ដើមី្បទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍជាតិ និងបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបញ្ញាស្មារតី ចំណេះដឹងទូទៅ ក្នុងការអប់រំសីលធម៌ គុណធម៌ និង សុជីវធម៌ ដល់ប្រជាពុទ្ធបរិស័ទ ។ ក្នុងនោះដែរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ក៏បានមានសង្ឃដីកាបញ្ជាក់ថា អនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១នេះ បានសម្រេចជាឯកច្ឆន្ទគាំទ្រនូវសង្ឃប្រកាសទូទាំងប្រទេសដែលមានខ្លឹមសារចំនួន៩ចំណុច ដើម្បីតម្រង់ទិស និង អនុវត្តនូវទិសដៅបន្តទៀត សម្រាប់ព្រះសង្ឃទូទាំងប្រទេសបានគ្រប់គ្រាន់ និង ទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ សម្ដេចព្រះព្រហ្មរតនមុនី បានមានសង្ឃដីកាផ្តាំផ្ញើដល់មន្ត្រីសង្ឃខេត្ត ក្រុង ស្រុង និង គ្រូចៅអធិការវត្តទាំងអស់ ត្រូវពង្រឹង និង លើកកិត្យានុភាពព្រះពុទ្ធសាសនា , តម្រង់ទិសដល់ពុទ្ធបរិស័ទក្នុងការប្រតិបត្តិធម្មវិន័យ , ពិនិត្យផ្ទៀងផ្ទាត់ធម្មវិន័យរបស់ព្រះសង្ឃគ្រប់ព្រះអង្គ , ពង្រឹងការអប់រំមនុស្សតាមបែបព្រះពុទ្ធសាសនា (សីល សមាធិ បញ្ញា) , លើកកម្ពស់ក្រមសីលធម៌សង្គម , ពង្រឹងសាមគ្គីភាពពុទ្ធបរិស័ទ , ផ្សារភ្ជាប់ព្រះពុទ្ធសាសនានឹងសង្គម និង កំណត់ទិសដៅការអនុវត្តបន្តសម្រាប់ឆ្នាំបន្ទាប់ ។ ម៉្យាងទៀត ក៏ត្រូវចូលរួមអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ ទប់ស្កាត់មិនឲ្យមានគ្រោះថ្នាក់ចរាចរណ៍ និង ត្រូវ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន កុំឲ្យមានកើតឡើងក្នុងទីវត្តអារាមរបស់ខ្លួន ។
ក្នុងខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី ៣១នេះ ត្រូវបានព្រះមេគណទាំងពីរគណៈ និង សមាជិកនៃអង្គផ្សព្វផ្សាយ ក៏ដូចជាក្រុមប្រឹក្សាខេត្ត អាជ្ញាធរខេត្ត ក្រុង ស្រុក ,មន្ត្រីសង្ឃក្រុង ស្រុក , ព្រះគ្រូចៅអធិការ , គ្រូសូធ្រស្តាំ និង ឆ្វេង ,អាចារ្យ គណៈកម្មការវត្ត បានបន្តគាំទ្រឥតងាករេ និង ជឿជាក់ យ៉ាងមុតមាំចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបន្តគាំទ្រនៅអាណត្តិបន្តបន្ទាប់ខាងមុខទៀត។

តាមសេចក្តីរាយការណ៍របស់លោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការ និង សាសនាខេត្ត បានគូសបញ្ជាក់ថា នៅខេត្តសៀមរាប មានព្រះពុទ្ធសាសនាពីរនិកាយ គឺ គណៈមហានិកាយ និង គណៈធម្មយុត្តិកនិកាយ និង មានវត្តអារាម មានចំនួន២៦១វត្ត និង អាស្រម ១៨កន្លែង ដែលមានព្រះសង្ឃ ៥ពាន់១៦អង្គ , អាចារ្យ ៧៣០នាក់ គណៈកម្មការវត្ត ចំនួន ១ពាន់៨៧៧នាក់ ,មានដូនជី ១ពាន់២៧២នាក់ , ក្មេងវត្ត សិស្ស និសិ្សតស្នាក់នៅវត្ត មាន៦៨៤នាក់ និង មានឈាបនដ្ឋាន ១២២កន្លែង និង មណ្ឌលវិបស្សនា ចំនួន២៧កន្លែងទៀតផង ។ ក្នុងនោះដែរក៏មានសាសនាផ្សេងៗដូចជា សាសនាឥស្លាម មានវិហារ៣កន្លែង, ស៊ូរ៉ាវ ១៣កន្លែង ,សាលាបង្រៀនសាសនា ២០កន្លែង មានបរិស័ទ ៥ពាន់៥១៥នាក់ ។ សាសនាគ្រឹស្ត មាន៣កន្លែង ស្នាក់ការ ៧៨កន្លែង , សាលាបង្រៀនសាសនា ៥៧កន្លែង មានបរិស័ទ ៥ពាន់ ៥៧៤នាក់ ។ សាសនាមហាយាន មានវិហារ១ ស្នាក់ការ ២កន្លែង មានបរិស័ទ ៤៣៦នាក់ និង សាសនា បាហៃ មាន ស្នាក់ការថ្វាយបង្គំ ១ មានបរិស័ទ ៧១នាក់ ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *