មាតាមនុស្សធម៌​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ សម្រេចសាងសង់ផ្ទះមួយខ្នង​ ដល់កុមារកំព្រា ២នាក់បងប្អូន​ និងចេញថ្លៃព្យាបាលទាំងស្រុង​ដល់បងប្រុស ដែលមានជំងឺមិនប្រក្រតីទ្វារធំ ពីកំណេីត​ រស់នៅស្រុកសាមគ្គីមានជ័យ

​កំពង់ឆ្នាំង៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ នៅថ្ងៃទី​ ២៩​ ខែមករា​ ឆ្នាំ២០២៤នេះ បានចាត់ឱ្យលោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១ ចុះពិនិត្យភ្លាមៗទីតាំងសាងសង់ផ្ទះថ្មី ១ខ្នង​​ ជូនដល់កុមារកំព្រា​ ២នាក់បងប្អូន​ រស់នៅភូមិត្បែងខ្ពស់​ ឃុំត្បែងខ្ពស់​ ស្រុកសាមគ្គីមានជ័យ​ ខេត្តកំពង់ឆ្នាំង និងបញ្ជូនកុមារជាបង​ មកព្យាបាលបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។
កុមារកំព្រា​ ២នាក់​បងប្អូន​ មានបងប្រុសឈ្មោះ​ ពឹម​ សំណាង​ អាយុ​ ១៧ឆ្នាំ​ មានជំងឺមិនប្រក្រតីទ្វារធំពីកំណេីត​ (ធ្លាប់ព្យាបាលនៅមន្ទីរពេទ្យកុមារគន្ធបុប្ផា)​ បច្ចុប្បន្នធ្វេីជាកម្មករនៅកសិដ្ឋានចិញ្ចឹមជ្រូក​ និងប្អូនស្រីឈ្មោះ​ ពឹម​ ណេង​ អាយុ​ ១២ឆ្នាំ​ ជាសិស្សរៀនថ្នាក់ទី៦។

តាមការបញ្ជាក់របស់​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ បានឱ្យដឹងថា​​ ៖​ «បន្ទាប់ពីបានទទួលព័ត៌មានពីភាពងាយរងគ្រោះបំផុតរបស់កុមារទាំងពីរខាងលេី,​​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានចាត់ឱ្យសហការី​ ចុះពិនិត្យទីតាំងសមស្រប​ ដែលអាចសាងសង់ផ្ទះបានសមរម្យ​។

ជាក់ស្តែង​ បេសកកម្មក្នុងថ្ងៃនេះ​ គឺក្រុមការងារ​​ បានចុះមកពិនិត្យស្ថានភាពជាក់ស្តែងរួចហេីយ​ ហេីយដែលក្រុមជាងសាងសង់ផ្ទះនឹងចុះមកសាងសង់ឱ្យបានឆាប់ៗ​ ទៅតាមអនុសាសន៍របស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​។»

លោកជំទាវ​ បានបញ្ជាក់បន្ថែមថា​ ៖​ ការសម្រេចសាងសង់ផ្ទះឱ្យបានសមរម្យនេះ​ គឺជាការបន្ថែមនូវគុណតម្លៃចំពោះសប្បុរសជនទាំងអស់ដែលបានជួយដល់កុមារ​ និងជាការគិតគូរវែងឆ្ងាយ​របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប្រធានកាកបាទក្រហមកម្ពុជា​ ដែលយកចិត្តទុកដាក់ទៅលេី សុខភាព​ អនាម័យ​ មានបន្ទប់ទឹកត្រឹមត្រូវ​ និងគិតគូរពីសុវត្ថិភាព​របស់ក្មេងស្រី​ ដែលត្រូវសិក្សារៀនសូត្រ​ និងរស់នៅបានយូរអង្វែងតទៅមុខទៀត។

ចំពោះការគិតគូរពីជំងឺរបស់​ ពឹម​ សំណាង​ វិញ​,​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ បានផ្តល់អនុសាសន៍ឱ្យបញ្ជូនមកព្យាបាលបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត​ ដេីម្បីជួបជាមួយវេជ្ជបណ្ឌិតជំនាញ​ ធ្វេីការរករោគវិនិច្ឆ័យ​ និងព្យាបាលឱ្យបានជាសះស្បេីយ​។

ក្នុងឱកាសចុះសួរសុខទុក្ខនៅមន្ទីរពេទ្យ​,​ លោកជំទាវ​ អគ្គលេខាធិការរងទី​១​ បានពាំនាំប្រសាសន៍របស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលផ្តាំផ្ញេីសួរសុខទុក្ខ​ និងគិតគូរពីជីវភាពរស់នៅ​ ព្រមទាំងបានជម្រាបជូនពី​ការសាងសង់ផ្ទះថ្មី​ ១ខ្នង​ រួមទាំងការគិតគូរពីសុខភាព​ បញ្ជូនមកពិនិត្យព្យាបាលភ្លាមៗ​ និងរ៉ាប់រងថ្លៃការចំណាយទាំងស្រុងលេីការព្យាបាលនេះផងដែរ។

លោកជំទាវ​ បានផ្តាំផ្ញេីលេីកទឹកចិត្តឱ្យថែទាំសុខភាពឱ្យបានល្អ​ អនុវត្តតាមវេជ្ជបញ្ជាគ្រូពេទ្យ​ និងជូនពរឆាប់បានជាសះស្បេីយឡេីងវិញ។ ទន្ទឹមនឹងនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានឧបត្ថម្ភថវិកាចំនួន​ ៥លានរៀល​ ក្នុងអំឡុងពេលកំពុងសម្រាកព្យាបាលផងដែរ។ លោកជំទាវ​ ក៏បានថ្លែងអំណរគុណចំពោះម្តាយធំឪពុកធំរបស់កុមារទាំងពីរ ដែលបានផ្តល់ជម្រកស្នាក់នៅបណ្តោះអាសន្ន​ និងនៅមេីលថែទាំក្មួយក្នុងពេលកំពុងសម្រាលព្យាបាលជំងឺនេះផងដែរ​។

ជាកិច្ចឆ្លេីយតប​ កុមារទាំង២នាក់បងប្អូន​ រំភេីបរីករាយឥតឧបមា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលបានគិតគូរ​ លេីកទឹកចិត្ត​ និងផ្តល់ការឧបត្ថម្ភដ៏ធំធេងក្នុងឆាកជីវិត​ ដែលរំពឹងថានឹងមានអនាគតភ្លឺស្វាងដូចកុមារដទៃទៀតដែរ។

សូមជម្រាបជូនថា​ ក្នុងឱកាសចុះពិនិត្យទីតាំងសាងសង់ផ្ទះនោះ​ កាកបាទក្រហមកម្ពុជា​ ក៏បានឧបត្ថម្ភជូនដល់ចាស់ៗដែលរស់នៅក្បែរខាងចំនួន​ ៣៤គ្រួសារ​ ក្នុង​ ១គ្រួសារ​ ទទួលបាន​ អង្ករសុខភាព​ចំនួន​ ២កញ្ចប់ផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *