សៀមរាប៖ លោកជំទាវ ទុយ ជិ អនុប្រធានគណៈកម្មាធិការសាខាកាកក្រហមកម្ពុជាខេត្តសៀមរាបបានជួបទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍របស់គណៈប្រតិភូកាកបាទក្រហមសាធារណរដ្ឋកូរ៉េសាខាឆុងជឺ ចំនួនប្រមាណជាង៣០រូបដែលដឹកនាំដោយលោកស្រី គឹម ស៊ូអ៊ីយ៉ុន ប្រធានប្រតិភូ ដែលជំនួបនេះប្រព្រឹត្តទៅនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ខែមករាឆ្នាំ២០២៤នេះ។ លោកជំទាវ ទុយ ជិត អនុប្រធានគណៈកម្មាធិការសាខាខេត្ត បានមានប្រសាសន៍ថាក្នុងដំណើរទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធន៍របស់ប្រតិភូកាកបាទក្រហមសាធារណរដ្ឋកូរ៉េសាខាឆុងជឺនាពេលនេះលោកជំទាវបានសម្តែងនូវក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍រយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃ២៣ដល់ថ្ងៃទិ២៥ ខែមករាឆ្នាំ២០២៤របស់កាកបាទក្រហមសាធារណរដ្ឋកូរ៉េសាខាឆុងជឺជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ។ ក្នុងនោះដែរ លោកជំទាវ ទុយ ជិ ក៍បានជម្រាបជូនពី ប្រវត្តិរបស់កាកបាទក្រហមកម្ពុជា ដែលបានចាប់បដិសន្ធិនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ និងមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយសទ្រង់គង់ប្រថាប់ជាព្រះប្រធានកិត្តិយ និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងបញ្ញាញាណខ្ពស់ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បាននិងកំពុងអនុវត្តបន្តនូវយុទ្ធសាស្ត្រ ២០២១-២០៣០ ដែលបានលើកឡើងពីទស្សនវិស័យ គឺ កាកបាទក្រហមកម្ពុជា ជាស្ថាប័ននាំមុខគេនៅកម្ពុជា នឹងក្លាយជាសមាគមជាតិ ដែលមានភាពម្ចាស់ការខ្ពស់ អនុវត្តនូវបេសកកម្ម ប្រមូលផ្ដុំកម្លាំងមនុស្សធម៌ ដើម្បីចូលរួមលើកកម្ពស់ជីវភាពជនងាយរងគ្រោះបំផុត និងជនរងគ្រោះ ដោយយកចិត្តទុកដាក់សំខាន់លើវិស័យអាទិភាពទាំង៤ គឺ៖១-ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ ២- សុខភាព និងការថែទាំសុខភាពសហគមន៍ ៣-ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ ៤-ការអភិវឌ្ឍស្ថាប័ន ។ លោកជំទាវ ក៍បានមានប្រសាសន៍បន្ថែមថា ជាមួយនឹងកិច្ចការមមាញឹកជួយដល់ប្រជាពលរដ្ឋរងគ្រោះ គណៈកិត្តិយស គណៈកម្មាធិការសាខាតែងយកចិត្តទុកដាក់ជាចម្បងលើការកៀរគររកថវិកា សម្ភារទ្រទ្តង់សកម្មភាពមនុស្សធម៌ ការការពារបរិស្ថាន ពង្រឹងភាពធន់ខាងសុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ជាពិសេសត្រូវគឹតគូរដល់កម្លាំងប្រតិបត្តិករ មានមន្ត្រី អ្នកស្ម័គ្រចិត្តនៅសហគមន៍ និងយុវជនកាកបាទក្រហមកម្ពុជា នៅតាមសាលារៀនគោលដៅ គឺបានអប់រំបណ្តុះបណ្តាល តម្រង់ទិសការងារ ផ្តល់នូវសិទ្ធិបញ្ចេញមតិយោបល់ ទទួលយកនូវគំនិតថ្មីជាវិជ្ជាមានរបស់ពួកគាត់ និង គិតពីសុខទុក្ខពេលបំពេញភារកិច្ច ដោយជួយឧបត្ថម្ភពេលមានជំងឺ ឬមរណៈភាព។ ធ្វើឱ្យកម្លាំងនេះបំពេញការងារមនុស្សធម៌បានយ៉ាងសកម្ម ពិសេសក្នុងដំណាក់កាលដ៏លំបាក នៃការរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ កន្លងទៅនេះ។ លោកជំទាវ ប្រធានគណៈកម្មាធិការសាខាកាកក្រហមកម្ពុជាខេត្តសៀមរាបក៍បានសង្ឃឹមថាតាមរយៈក្នុងដំណើរទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធន៍របស់ប្រតិភូកាកបាទក្រហមសាធារណរដ្ឋកូរ៉េសាខាឆុងជឺ និងសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបនាពេលនេះ នឹងទទួលបាននូវ គំនិតថ្មី ចំណេះដឹង បទពិសោធន៍ និងបំណិនជីវិតថ្មីៗទៀតជាក់ជាមិនខានផងដែរ ។
លោកស្រី គឹម ស៊ូអ៊ីយ៉ុន ប្រធានប្រតិភូកាកបាទក្រហមសាធារណរដ្ឋកូរ៉េសាខាឆុងជឺ ក៍បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការធ្វើបទបង្ហាញរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលឆ្លុះបញ្ចាំងពីសកម្មភាពមនុស្សធម៌ មានលក្ខណៈស្រដៀងគ្នាទៅនឹងការងាររបស់កាកបាទក្រហមសាធារណរដ្ឋកូរ៉េផងដែរ។ លោកស្រីគឹម ស៊ូអ៊ីយ៉ុន បានថ្លែងអំណរគុណចំពោះក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅក្នុងកំឡុងពេលស្នាក់នៅខេត្តសៀមរាប ក៏ដូចជាការសម្របសម្រួលនានាក្នុងដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍នេះ។ ជាមួយគ្នានេះលោកស្រីបានគូសបញ្ជាក់ថា កាកបាទក្រហមសាធារណរដ្ឋកូរ៉េ និងកាកបាទក្រហមកម្ពុជា តែងតែមានទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អជាមួយគ្នានាពេលកន្លងមក ហេតុដូច្នេះហើយ ការផ្លាស់ប្តូរបទពិសោធន៍ជាលើកទី២នេះ នឹងធ្វើឱ្យសមាគមជាតិទាំងពីរកាន់តែមានភាពជិតស្និទ្ធ សាមគ្គីភាព និងមិត្តភាពយូរអង្វែងតទៅ ។ នៅក្នុងឱកាសនោះផងដែរលោកជំទាវ ទុយ ជិ និងគណៈប្រតិភូកាកបាទក្រហមសាធារណរដ្ឋកូរ៉េសាខាឆុងជឺ ក៍បានដាំកូនឈើទាលនៅក្នុងបរិវេណសាខាកាកបាទក្រហមកម្ពុជាខេត្តដើម្បីទុកជាអនុស្សាវរីយ៍ ហើយបន្តទៀតគណៈប្រតិភូកាកបាទក្រហមសាធារណរដ្ឋកូរ៉េសាខាឆុងជឺ ក៍បាន អញ្ជើញទស្សនាព្រៃឈើ ក្នុងសួនឧទ្យានសហវត្សកាកបាទក្រហមកម្ពុជាផងដែរ ៕