ពិធីប្រកាសទទួលស្គាល់ កែសម្រួលរចនាសម្ព័ន្ធ ដឹកនាំរបស់គណៈ កម្មាធិការ សម្ព័ន្ធយុវជន ស្រលាញ់សន្តិភាព ខេត្តសៀមរាប

សៀមរាប៖ ពិធីប្រកាសទទួលស្គាល់ជាកែសម្រួលរចនាសម្ព័ន្ធដឹកនាំរបស់គណៈកម្មាធិការសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព ខេត្តសៀមរាប ក្រោម អធិបតីភាព ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ប្រធានប្រតិបត្តិសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព ថ្នាក់កណ្តាល និង ឯកឧត្តម គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្ត និង លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកសាខាសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពរាជធានី ខេត្ត អាជ្ញាធរក្រុង ស្រុក ព្រមទាំងយុវជនយុវតីសមាជិកសមាជិកាយុវជនស្រលាញ់សន្តិភាព ចំនួន ៣៥០នាក់ចូលរួម នារសៀលថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២៤នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប។
បន្ទាប់ពីលោក ម៉ន សំអាត ធ្វើសេចក្តីរាយការណ៍ អំពីសកម្មភាព លទ្ធផលរបស់សាខាសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តសៀមរាប ដែលបានអនុវត្តកន្លងមក និង លោក ប៉ាន់ខែម វឌ្ឍនា អគ្គលេខាធិការសម្ពន្ធយុវជនស្រឡាញ់សន្តិភាព បានអានសេចក្តីសម្រេចកែសម្រួលរចនាសម្ពន្ធដឹកនាំគណៈកម្មាធិការប្រតិបត្តិសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពខេត្តសៀមរាប ដែលមានសមាសភាពចំនួន ១០៤រូប និង សេចក្តីសម្រេចទទួលស្គាល់រចនាសម្ព័ន្ធប្រតិបត្តិតាមផ្នែករបស់សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពខេត្តសៀមរាប ដែលមានសមាសភាពចំនួន ០៨រូបផងដែរ ។
បន្ទាប់ពីគណៈអធិបតីធ្វើការប្រគល់នូវសេចក្តីសម្រេច និង ប័ណ្ឌសម្គាល់សមាជិកសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពនិង ការប្តេជ្ញាចិត្តរបស់ប្រធានប្រតិបត្តិរួចមក មានប្រសាសន៍ក្នុងឱកាសនោះដែរលោក អ៊ឹង គឹមលាង ក្នុងនាមតំណាងឲ្យឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានធ្វើការណែនាំមួយចំនួន ដោយបានគូសបញ្ជាក់ថា សកម្មភាពរបស់យុវជននាពេលបច្ចុប្បន្ន ជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ អ្នកថែរក្សាការពារសន្តិភាព ហើយក្នុងនោះសម្ព័ន្ឋយុវជនស្រឡាញ់សន្តិភាពខេត្តសៀមរាប បានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការងារសង្គម ទាំងការងារស្ម័គ្រចិត្ត និងមនុស្សធម៌ ហើយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីមហាជនទៀតផង ។ លោកបានបន្តថា ការចូលរួមកិច្ចការងារសង្គមរបស់យុវជន(ស.យ.ស.ស) សាខាខេត្តសៀមរាប នាពេលកន្លងមក និងកំពុងបន្តធ្វើនាពេលបច្ចុប្បន្ននេះ បានបង្ហាញយ៉ាងច្បាស់ពីស្មារតីរួបរួមគ្នាសាមគ្គី ក្នុងបុព្វហេតុជាតិ ក្នុងការទទួលខុសត្រូវ ក្នុងនាមជាប្រជាជាតិតែមួយ ដើមី្បអនុវត្តគោលនយោបាយយុទ្ធសាស្ត្រ បញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឲ្យសម្រេចបានជោគជ័យ ។
ក្នុងឱកាសនោះដែរឯកឧត្តម ប៉ាន់ខែម ប៊ុនថន ប្រធានប្រតិបត្តិសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព ថ្នាក់កណ្តាល បានមានប្រសាសន៍សំណេះសំណាលផ្ដាំផ្ញើ អំពីតួនាទីភារកិច្ច របស់យុវជន ក្នុងការចូលរួមថែរក្សាសន្តិភាព និងការអភិវឌ្ឍសង្គមន៍ ឲ្យមានការរីកចម្រើន ប្រកបដោយចិរភាព ។ ឯកឧត្តម បានបន្តទៀតថា ចូលបងប្អូន យុវជន យុវតីទាំងអស់ត្រូវចេះប្រើនូវយុទ្ធវិធីត្រឹមត្រូវ តែបើខ្វះការចាត់តាំង និងអនុវត្តឲ្យបានត្រឹមត្រូវ ដោយមិនខ្វះតួអង្គពាក់ព័ន្ធចូលរួម នោះទេលទ្ធផលគឺស្មើនឹងសូន្យ ។ ឯកឧត្តមបានបន្តទៀតថា ការអនុវត្តនយោបាយឈ្នះ-ឈ្នះប្រកបដោយជោគជ័យ នោះ គឺជាគំនិតដឹកនាំផ្តួចផ្តើមរបស់សម្ដេចតេជោហ៊ុន សែន ដោយមានធាតុចូលពីគ្រប់មជ្ឈដ្ឋាន ដែលបានរំលាយអង្គការចាត់តាំងនយោបាយ របស់ខ្មែរក្រហម នាំយកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរហូតមកទល់ពេលនេះក្នុងក្របខណ្ឌមួយ «សន្តិភាពដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព» ។ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ក៏បានលើកឡើងថា នៅក្នុងនីតិកាលទី៧ នៃរាជរដ្ឋាភិបាលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តោតឆ្ពោះទៅដល់យុវជន ដែលជាកម្លាំងចលករដ៏សំខាន់នៅក្នុងសង្គម ដែលជាធនធានឆ្ពោះទៅកិច្ចអភិវឌ្ឍប្រទេស ឲ្យមានការរីកចម្រើន ។ ដោយកត្តានេះហើយសម្តេចធិបតី បានយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលធនធាន មនុស្សប្រកប ដោយគុណភាពខ្ពស់ នៅគ្រប់មូលមូលដ្ឋាន ។ ឯកឧត្តមបានធ្វើការផ្តាំផ្ញើផងដែរ ដល់ ប្រធានប្រតិបត្តិ សមាជិកសមា- ជិកាសាខាសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពខេត្តសៀមរាបទាំងអស់ ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ លំដាប់ថ្នាក់ និង បង្កើននូវសកម្មភាពសង្គម ការងារមនុស្សធម៏ ដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គមជាតិ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *