ខេត្តតាកែវ៖ នារសៀលថ្ងៃអង្គារ ទី ២៣ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានបន្តដឹកនាំគណៈប្រតិភូរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ។ អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំ២០២៤ ជូនចំពោះលោកវរសេនីយ៍ឯក ឡឹម ភឿកង្វៀង ស្នងការនគរបាលខេត្តអានយ៉ាង និងសហការី នៅស្នងការដ្ឋាននគរបាលខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ឆ្លៀតក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានសំណូមពរទៅលោកវរសេនីយ៍ឯក ឡឹម ភឿកង្វៀង ស្នងការនគរបាលខេត្តអានយ៉ាង បន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាលើការងារបង្ការ ទប់ស្កាត់អំពើប្រឆាំងភេរវកម្ម ឧក្រិដ្ឋឆ្លងដែន ពួកអមិត្ត បទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ជួញដូរមនុស្ស-អាវុធ និងបទល្មើសឆ្លងដែនខុសច្បាប់នៅតាមតំបន់ព្រំដែន នៃខេត្តទាំងពីរ(តាកែវ-អានយ៉ាង)។ បន្ទាប់មកលោកឧត្តមសេនីយ៍ទោស្នងការ ក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តអានយ៉ាង ដែលបានចាត់តាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាជននៅខេត្តតាកែវចំនួនពីរលើក និងផ្តល់ជាសម្ភារសម្រាប់ឧបត្ថម្ភដល់ក្រុមកីឡាករបាល់ទះរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ។
លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ បានសំណូមបន្ថែមទៅលោកវរសេនីយ៍ឯក ឡឹម ភឿកង្វៀង ស្នងការនគរបាលខេត្តអានយ៉ាង លោកបានបញ្ជាក់ថាៈ លោកនឹងបន្តថែរក្សាចំណងមិត្តភាពរវាងស្នងការដ្ឋាននគរបាលខេត្តតាកែវ ជាមួយស្នងការដ្ឋាននគរបាលខេត្តអានយ៉ាង ពិសេសលើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីការអភិវឌ្ឍន៍នៅតាមតំបន់ព្រំដែន នៃខេត្តទាំងពីរ(តាកែវ-អានយ៉ាង) និងបន្តឧបត្ថម្ភជាសម្ភារជូនដល់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ព្រមទាំងបន្តចាត់តាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទៅពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាជននៅខេត្តតាកែវ បន្តទៀត ដើម្បីចូលរួមចំណែកការងារមនុស្សធម៌។ ជាចុងក្រោយលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ដល់លោកវរសេនីយ៍ឯក ស្នងការនគរបាលខេត្តអានយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងសហការី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិវៀតណាមនាពេលខាងមុខនេះ និងបាននាំយកការដូរវត្ថុអនុស្សាវរីយ៍ពីឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ តាមរយៈលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវផងដែរ៕