ពោធិសាត់៖ លោកជំទាវ អាំង សុជាតា ខូយ រីដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៣ខែមករា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ សំណេះសំណាលជាមួយជនចាស់ជរា និងកម្លាំងប្រជាការពារភូមិប្រឡាយធំ ឃុំវាល ស្រុកកណ្តៀង ដោយនាំយកវត្ថុកំដៃនិងឯកសណ្ឋានប្រជាការពារចែកជូនផងដែរ។
នាឱកាសនោះលោកជំទាវ អាំង សុជាតា ខូយ រីដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំនៃសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងអភិបាលនៃគណៈ អភិបាលខេត្ត តែងតែផ្តល់នូវអនុសាសន៍មួយចំនួនដល់សាខា អនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍បន្តការចុះសួរសុខទុក្ខ សំណេះសំណាលដល់ជនចាស់ជរា ក៏ដូចបងប្អូនស្ត្រីមានផ្ទៃពោះ ស្រ្តីសម្រាលកូន ស្ត្រីមានជំងឺនិងស្ត្រីជួបកង្វះខាតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ។
លោកជំទាវ ថ្លែងថា លោកតា លោកយាយ គប្បីផ្តោតការយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុតអំពីបញ្ហាសុខភាពផ្ទាល់ខ្លួន ត្រូវប្រកាន់ភ្ជាប់អំពីអនាម័យទាំងការទទួលទាននិងការរស់នៅប្រកបដោយអនាម័យ និងឧស្សាហ៍ទើបធ្វើឱ្យលោកតាលោកយាយ មានសុខភាពមាំមួនបានជាម្លប់ដល់កូនចៅ ។
បើលោកតា លោកយាយ មានករណីអ្វីកើតឡើងជាយថាហេតុដល់សុខភាពនោះ សូមប្រញាប់ប្រញាល់មកកាន់មន្ទីរពេទ្យឬមណ្ឌលសុខភាពជាបន្ទាន់ចៀសវាងជួបបញ្ហាប្រឈមគ្រោះថ្នាក់ដល់អាយុជីវិត។
តាមរយៈនេះលោកជំទាវ ក៏បានអំពាវនាវដល់បងប្អូន កូនក្មួយជាកម្លាំងប្រជាការពារភូមិ ត្រូវបង្កើនការយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចសំដៅរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱបានល្អប្រសើរដើម្បីកាត់បន្ថយនូវរាល់បទល្មើសជាបណ្តើៗ។
ជាមួយគ្នានោះ លោកជំទាវ បានថ្លែងអំណរគុណចំពោះអាជ្ញាធរមូលដ្ឋានទាំងអស់ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់គិតគូរអំពីសន្តិសុខ សុវត្ថិភាពសាធារណៈ ក៏ដូចការងារអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ ធ្វើឱ្យមូលដ្ឋានកាន់តែរីកចម្រើននិងឈានទៅកាត់បន្ថយភាពក្រីក្រ។
លោកជំទាវបានឱ្យដឹងទៀតថា នេះគឺមិនមែនជាលើកទី១នោះទេ គឺជានិច្ចកាលសាខា អនុសាខា និងបណ្តាញ សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ទាំងថ្នាក់ខេត្ត ថ្នាក់ស្រុក ក្រុង ឃុំ សង្កាត់តែងតែចុះធ្វើសកម្មភាពមនុស្សធម៌នេះ គ្រប់ទីកន្លែងជាពិសេសក្នុងឱកាសពិធីបុណ្យផ្សេងៗក្នុងគោលបំណងផ្សារភ្ជាប់ភាពស្និទ្ធស្នាលពីគ្នាទៅវិញទៅមកដូចមហាគ្រួសារតែមួយ ។
ជាក់ស្តែងនាពេលនេះប្រតិភូសាខាសមាកមនារីបានចុះមកសួរសុខទុក្ខនិងសំណេះ សំណាលជាមួយលោកតា លោកយាយនៅក្នុងភូមិប្រឡាយធំ ឃុំវាលចំនួន២១នាក់ក្នុងម្នាក់ៗលោកជំទាវ អាំង សុជាតា បានផ្តល់ជូនវត្ថុកំដៃនូវអង្ករចំនួន២៥គីឡូក្រាម និងឃីតមួយកញ្ចប់ក្នុងនោះមានកន្ទេល១ ភួយ១ មុង១ ខ្នើយ១ ក្រមា១និងថវិកា២ម៉ឺនរៀល កម្លាំងប្រជាការពារភូមិប្រឡាយធំ ចំនួន២០នាក់ក្នុងម្នាក់ៗមី៦កញ្ចប់ ស្កស២គីឡូក្រាម សម្លៀកបំពាក់មួយកំប្លែ មួក១និងថវិកា២ម៉ឺនរៀល។
បើតាមលោកជំទាវ ឈឹម ស៊ីណា សមាជិកាក្រុមប្រឹក្សាខេត្តនិងជាប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត បានឱ្យដឹងថា ជានិច្ចកាល សាខាសមាគមនារី កម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ក្រោមពីបាន ការជួយឧបត្ថម្ភទាំងថវិកា និងសម្ភារៈ ពីភរិយារបស់ថ្នាក់ដឹកនាំ និងសមាជិកាគ្រប់ផ្នែកគ្រប់ថ្នាក់ព្រមទាំងសប្បុរសជនជាពិសេសលោកជំទាវ អាំង សុជាតា ភរិយាឯកឧត្តម ខូយ រីដា នោះទើបធ្វើ ឱ្យសាខាមានសទ្ធភាពក្នុងការផ្តល់ជូនជាអំណោយទៅដល់ជនចាស់ជរា ស្ត្រីម៉េម៉ាយ ស្ត្រីមានជំងឺនិងគ្រួសារជួបកង្វះខាត់នៅតាមបណ្តាល ភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ជាបន្តបន្ទាប់មិនដែលខកខាននោះឡើយនេះគឺជាការរួមចំណែកជួយដោះស្រាយជីវភាពជូនលោកតា លោកយាយ បានមួយរយៈពេល៕