កំពង់ឆ្នាំង៖ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ការកែសម្រួលទំហំប្រាក់ឧបត្ថម្ភ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និង លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទាខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់ លោក លោកស្រីគណអភិបាលក្រុង ស្រុក និង អាជ្ញាធរឃុំសង្កាត់ ។
លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការកែសម្រួលទំហំប្រាក់ឧបត្ថម្ភ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ ក្នុងគោលបំណង ដល់អាជ្ញាធរអាជ្ញាធរ ឃុំសង្កាត់ អំពីការយល់ដឹងលើនីតិវិធីនៃការអនុវត្ត និង ការឧបត្ថម្ភតាមអត្រាថ្មី របស់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ ដល់រដ្ឋបាលឃុំ សង្កាត់ ដែលជាតួអង្គប្រតិបត្តិករផ្ទាល់ និងដល់រដ្ឋបាលក្រុង ស្រុក ដែលជាតួអង្គសម្របសម្រួល ។ មូលនិធិជាតិជំនួយសង្គម ជាប្រតិបត្តិករក្នុងការដឹកនាំការងារប្រតិបត្តិជារួម អ្នកដឹកនាំ សម្របសម្រួល សហការ អនុវត្ត អ្នកតាមដានត្រួតពិនិត្យ ក្នុងការងារប្រតិបត្តិដោយ ផ្ទាល់ ជាមួយអ្នកទទួលផលរបស់យើង។
មានប្រសាសន៍នៅក្នុងឱកាសនោះលោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឱ្យដឹងថា តាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម២០១៦-២០២៥ រាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធី ជាតិជំនួយសង្គមជាបន្តបន្ទាប់ ដើម្បីផ្តល់ការគាំពារគ្រួសារក្រីក្រ ជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ ក្នុងនោះ កម្ម វិធីជាតិជំនួយសង្គមមួយចំនួនមានលក្ខណៈអចិន្ត្រៃយ៍ ហើយមួយចំនួនទៀតក៏បានបិទបញ្ចប់ទៅតាមកាលកំណត់ ជាក់លាក់។
រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានប្រកាសដាក់ឱ្យអនុវត្តកម្មវិធីជាតិ ជំនួយសង្គមផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិ ភ័យ ដោយចាប់អនុវត្តនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ផងដែរ។
លោក អភិបាលរងខេត្ត បានផ្តាំផ្ញើដល់អាជ្ញាធរឃុំសង្កាត់ និង តួអង្គប្រត្តិបត្តិករទាំងអស់ ដែលជាអ្នកអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ បន្តយកចិត្តទុកដាក់ ក្នុងការអនុវត្តនូវកិច្ចការនេះ អោយបានចំគោលដៅ និងតម្រូវការ របស់ប្រជាពលរដ្ឋប្រកបដោយតម្លាភាព រាល់សកម្មភាពការងារ ដែលបានអនុវត្តពិតជាបានជួយដល់ប្រជាពលរដ្ឋដែលខ្វខាតនិងងាយររងគ្រោះពិតប្រាកដ ៕