កិច្ចប្រជុំផ្សព្វផ្សាយ ការកែ សម្រួលទំហំប្រាក់ ឧបត្ថម្ភ សម្រាប់កម្មវិធី ឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារ ក្រីក្រ និង ងាយរងគ្រោះ ក្នុងអំឡុងពេល ប្រយុទ្ធនឹងជម្ងឺកូវិដ.១៩

សៀមរាប៖ កិច្ចប្រជុំផ្សព្វផ្សាយការកែសម្រួលទំហំប្រាក់ឧបត្ថម្ភ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជម្ងឺកូវិដ.១៩ ជូនដល់អស់លោក លោកស្រីជាអាជ្ញាធរក្រុង ស្រុក ប្រធាន អនុប្រធានការិយាល័យសង្គមកិច្ច និង សុខ មាលភាពសង្គម និង មេឃុំ ចៅសង្កាត់ មន្ត្រីទទួលបន្ទុក មកពី១០០ឃុំសង្កាត់ក្នុងខេត្តសៀមរាប ប្រមាណជា២០០នាក់ចូលរួម នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ។ កិច្ចប្រជុំនេះក្រោមការដឹកនាំរបស់លោក គង់ សំអឿន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្ត តំណាងឲ្យគណៈអភិបាលខេត្ត ។
កិច្ចប្រជុំផ្សព្វផ្សាយនេះ ក្នុង គោលបំណងផ្សព្វផ្សាយពីទំហំឧបត្ថម្ភថ្មី និងការបើកផ្តល់របស់កម្មវិធី ដល់តួអង្គ ប្រតិបត្តិករតាមភូមិ ឃុំ សង្កាត់ ដើមី្បបន្តផ្សព្វផ្សាយដល់អ្នកទទួលផលតាមមខ្នងផ្ទះ ឲ្យបានយល់ច្បាស់ពីទំហំប្រាក់ឧបត្ថម្ភ ថ្មី ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រងាយរងគ្រោះអំឡុងពេលប្រយុទ្ធ ប្រឆាំងនឹងជម្ងឺកូវីដ១៩, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងខេត្តសៀមរាប ។
តាមរបាយការណ៍របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្ត បានឲ្យដឹងថា ដែលមានសមត្ថកិច្ច ជាប្រតិបត្តិករ របស់ក្រសួង បានកំពុងអនុវត្តកម្មវិធីជាតិជំនួយសង្គម គឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជម្ងឺកូវិដ.១៩ របស់រាជរដ្ឋាភិបាល ក្នុងគោលបំណងផ្តល់កិច្ចគាំពារ ដើមី្បរក្សាលំនឹងជីវភាពរស់នៅសម្រាប់គ្រួសារក្រីក្រ និង ងាយរងគ្រោះ នៅក្នុងអំឡុងពេលប្រយុទ្ធនឹងជម្ងឺកូវិដ.១៩ ដោយបានបើកជាប្រចាំ ខែបានទៀងទាត់ ។ សម្រាប់ខេត្តសៀមរាបមកដល់បច្ចុប្បន្ននេះ បើកផ្តល់ស្ថិតក្នុងជុំទី១៥ ដោយគិតត្រឹមពីថ្ងៃទី០១ ខែកុម្ភះ ២០២០ រហូតដល់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ សរុបចំនួន សរុបចំនួន ៥៧ពាន់៤២៤នាក់ ចំណាយថវិកអស់ ១១,៧៧៩,៤៣២,០០០រៀល ។
ក្នុងនាមតំណាងឲ្យគណៈអភិបាលខេត្ត លោក គង់ សំអឿន បានសម្តែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និង សហការី មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា រដ្ឋបាលក្រុង ស្រុក សាខាមូលនិធិជាតិ ជំនួយសង្គម និង រដ្ឋបាលឃុំ សង្កាត់ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហការ និង ប្រតិបត្តិតួនាទី ភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ និង សម្រេចបានសមិទ្ធផលថ្មីៗទៀតផង ។ ក្នុងនោះលោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូអភិវឌ្ឍ អង្គការយូនីសេហ្វ និង កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ ដែលបានជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលតាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ ដែលបង្ហាញឲ្យឃើញច្បាស់ពីកិច្ចសហការប្រកបដោយភាពជាដៃគូគ្រប់ជ្រុងជ្រោយ ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាល ដើម្បីនិរន្តរភាពជាបរិយាប័ន្ន ពិសេសការកសាងនូវសមត្ថភាពរបស់មន្ត្រី។ លោកប្រធានមន្ទីរបានបញ្ជាក់ថា តាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦.២០២៥ រាជរដ្ឋាភិ បាល បានដាក់ចេញកម្មវិធីជាតិជំនួយសង្គម ដើមី្បផ្តល់ការគាំពារគ្រួសារក្រីក្រ ជនងាយរងគ្រោះ និង គ្រួសារងាយរងហានីភ័យ ។ ក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសដាក់ឲ្យអនុវត្តកម្មវិធីជាតិ ជំនួយសង្គម ផ្នែកបណ្តុះបណ្តាលវិជ្ជាជីវះ និង បច្ចេកទេស សម្រាប់យុវជនមកពីក្រីក្រ និង គ្រួសាររងហានីភ័យ ។ លោកបានបញ្ជាក់ថា ការផ្តល់ប្រាក់ឧបត្ថម្ភចាប់ពីខែមករា រហូតដល់ខែមីនា ឆ្នាំ២០២៤ ទៅតាមទំហំប្រាក់ឧបត្ថម្ភថ្មី គឺត្រូវបានបែងចែកទៅតាមប្រភេទបណ្ណសមធម៌ និង កម្រិតនៃភាពក្រីក្រ និងបានបញ្ឈប់ការឧបត្ថម្ភលើចំនួនសមាជិកគ្រួសារ ដោយរក្សាទុកនូវអត្រាឧបត្ថម្ភសម្រាប់លក្ខខណ្ឌផ្សេងទៀតគឺនៅដដែល ។ លោកក៏បានជម្រុញដល់រដ្ឋបាលឃុំ សង្កាត់ ផ្តល់ការគាំទ្រ និង ការបង្កលក្ខណៈ ដល់ដំណើរការនៃការផ្សព្វផ្សាយដល់មេភូមិ អនុភូមិ និង សមាជិកភូមិ ដែលជាអ្នកសម្របសម្រួលផ្សព្វផ្សាយ បន្តដល់អ្នកទទួលផល កុំឲ្យពួកគាត់មានការយល់ច្រឡំ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *