ពោធិសាត់៖ ក្រោមការជួយទំនុកបម្រុងពីព្រះមេគណខេត្ត ព្រះចៅ អធិការវត្តកែវសុវណ្ណ និងពុទ្ធបរិស័ទចំណុះជើងវត្តនោះ បានដំណើរការប្រឡងវិញ្ញាបនបត្រពុទ្ធិក បឋមសិក្សា (បាលីរង)ឆ្នាំសិក្សា២០២៣ -២០២៤ មណ្ឌលពោធិ៍សាត់ដែលបានប្រារព្ធធ្វើឡើងនៅសាលាបឋម និងអនុវិទ្យាល័យកែវសុវណ្ណ ស្ថិតក្នុងសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ រយៈពេល២ថ្ងៃ។
និមន្តនិងអញ្ជើញកាត់ បើកវិញ្ញាសារស្ថិតក្រោមព្រះវត្តមានព្រះព្រហ្មភិរ័ត កែវ កន ព្រះរាជាថ្នាក់កិត្តិយសព្រះរាជាណាចក្រកម្ពុជា ព្រះពោធិវង្សាវិមល ព្រះមេគណខេត្ត និងជាព្រះចៅអធិការវត្តកែវវិជ័យ លោកស្រីប៉ុក ណាឌី អភិបាលរងនៃគណៈអភិបាលខេត្ត លោក អែម សុធា ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត លោក ម៉ែង សាម៉ែត លោក សរ សុខនី តំណាងក្រសួងធម្មការនិងសានា ព្រមទាំងព្រះមន្ត្រី គ្រប់ឋានានុក្រមជាច្រើនទៀត។
លោក អែម សុធា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តពោធិ៍សាត់ បានឱ្យដឹងថា សម័យប្រឡងវិញ្ញាបនបត្រពុទ្ធិក បឋម សិក្សា (បាលីរង)ក្នុងឆ្នាំសិក្សា ២០២៣ -២០២៤នៃមណ្ឌលពោធិ៍សាត់មានសមណសិស្សចំនួន១៩២អង្គ/នាក់ក្នុងនោះជាគ្រហស្ថចំនួន១៥នាក់។មណ្ឌលប្រឡងនេះចែកចេញជា ៨បន្ទប់ និងមាន៦មុខវិទ្យា គឺមុខវិទ្យាភាសាបាលី តែងសេចក្តី ប្រវត្ត ភូមិវិទ្យាសាស្ត្រអនុវត្តន៍ ពុទ្ធវិន័យ ពុទ្ធប្រវត្ត ពុទ្ធសាសនា សរសេរតាមអាននិងគណិតវិទ្យា មានរយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី២០-២១ខែមករាឆ្នាំ២០២៤។
លោកស្រី ប៉ុក ណាឌី អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានប្រគេននិងជម្រាបជូនដល់បេក្ខជនជាសមណសិស្សនិងគ្រហស្ថនាពេលប្រឡងនោះថា ការប្រឡងនាឆ្នាំនេះក៏ដូចបណ្តាឆ្នាំកន្លងក្រសួងធម្មការនិងសាសនាតែងតែរៀបចំការប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សានេះឡើងក្នុងគោលបំណងវាស់នូវកម្រិតយល់ដឹងនិងបន្តទៅសិក្សាថ្នាក់បន្ទាប់។
ការប្រឡងតែងតែដាក់នូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដើម្បីរក្សារបៀបរៀបរយសណ្តាប់ វិន័យសំដៅធ្វើយ៉ាងណាឱ្យបេក្ខសមណសិស្ស ទាំងអស់ត្រូវគោរព អនុវត្ត មានភាពរលូន សុក្រិតត្រឹមត្រូវនិងទទួលបានទាំងបរិមាណនិងគុណភាព។
ក្នុងបរិបទនេះសូមឱ្យបេក្ខសមណសិស្សគ្រប់អង្គ/នាក់ត្រូវតែខិតខំប្រឹងប្រែងអស់លទ្ធភាពដែលខ្លួនចេះ ចាំ កុំពឹងផ្អែកទៅលើសំណេរឬឯកសារពីខាងក្រៅ ព្រោះថានេះគឺជាពេលវេលាសម្រាប់បេក្ខសមណសិស្សក្នុងការវាស់កម្រិតយល់ដឹងនិងសមត្ថភាពទាំងអក្សរសាស្ត្រ ព្រោះថាបើយើងមានលទ្ធភាពជាប់ បើគ្មានលទ្ធភាពទេនោះពិតជាធ្លាក់ជាក់ជាមិនខានឡើយ។
លោកស្រីបានបញ្ចាក់ថា នៅក្នុងសង្គមយើងនា ពេលបច្ចុប្បន្ននេះគឺទាមទាអ្នកមានចំណេះដឹង ចំណេះធ្វើនិងមានបទពិសោធន៍ស្របទៅតាមទីផ្សារការងារនិងបច្ចេកវិទ្យាទំនើបទាំងក្នុងតំបន់និងនៅលើពិភពលោក។
ក្នុងនាមរដ្ឋបាលខេត្ត ព្រះមេគណខេត្ត ថ្នាក់ដឹកនាំក្រសួងនិងមន្ទីរធម្មការនិងសាសនាខេត្ត សូមឱ្យបេក្ខសមណសិស្សទាំងបានប្រឡងជាប់និងចូររក្សានិងអនុវត្តបទបញ្ជាផ្ទៃក្នុងពេលប្រឡងនេះឱ្យបានត្រឹមត្រូវ ដើម្បីនាំមកនូវកិត្តិយសនិងភាពថ្លៃថ្នូព្រមទាំងបានសម្តែងនូវអំណរព្រះគុណ អរគុណចំពោះព្រះមេគណខេត្ត ព្រះមន្ត្រីសង្ឃ ព្រះមេគណស្រុក ក្រុង ចៅអធិការវត្តនិងពុទ្ធបរិស័ទដែលបានចូលរួមជួយឧបត្ថម្ភ សម្ភារៈ ថវិកា ចង្ហាន់ និងភេសជ្ជៈដល់បេក្ខសមណសិស្សប្រឡង យកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា(បាលីរង)ប្រកបដោយភាពរលូន៕