កំពង់ឆ្នាំង៖ ភ្ញៀវទេសចរណ៍ជាតិ និងអន្តជាតិ បានមកលេងកម្សាន្ត នៅតាមតំបន់រមណីដ្ឋាន នានាក្នុងខេត្តកំពង់ឆ្នាំង មានការកើនឡើងគួរឲ្យកត់សម្គាល់។
លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបញ្ជាក់ឲ្យដឹងនាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ថា៖ ក្នុងឆ្នាំ២០២៣នេះភ្ញៀវទេសចរជាតិ និងបរទេសសរុបមានចំនួន ១,១៣៤,០៤១ នាក់ ក្នុងនោះ(ភ្ញៀវជាតិ ចំនួន ១,១២៨,៧៣២ នាក់ និងភ្ញៀវបរទេស ចំនួន ៥,៣០៩នាក់) ។មានការកើនឡើងចំនួន ៣០៥,៦៨៥ នាក់ ស្មើនឹង ៣៦.៩០% ធៀបនឹងប្រចាំឆ្នាំ២០២២ ឡើង ៣០៩,៣៦៧ នាក់ ស្មើនឹង ៣៨.៩៧% បើធៀបទៅនឹងប្រចាំ ឆ្នាំ២០២២ ។
លោកប្រធានទេសចរណ៍ បញ្ជាក់ឲ្យដឹងទៀតថា៖ ខេត្តកំពង់ឆ្នាំងមានចម្ងាយ៩១គីឡូម៉ែត្រពីរាជធានីភ្នំពេញ មានសក្កានុពលរមណីយដ្ឋានវប្បធម៌ និងធម្មជាតិចំនួន២៤កន្លែង។ រមណីយដ្ឋានវប្បធម៌ធម្មជាតិ មានចំនួន១៤កន្លែង។រមណីយដ្ឋានទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត មានចំនួន ១០កន្លែង។ ក្នុងនោះសហគមន៍ទេសចរណ៍ធម្មជាតិ៣កន្លែង ដែលមានសក្តានុពលស្រូបទាញភ្ញៀវទេសចរណ៍មកលេងកម្សាន្តយ៉ាងច្រើនកុះករ ដូចជា៖សគមន៍ទេសចរណ៍ធម្មជាតិអន្លង់ស្វាយ ,សគមន៍ទេសចរណ៍ធម្មជាតិថ្មក្រាល, និងសគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ស្រែអំពិល ទាំង៣កន្លែងនេះស្ថិតក្នុងភូមិសាស្ត្រស្រុកទឹកផុស និងតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តជាច្រើនទៀត ជាពិសេស”វត្តពោធិរក្ខារាម” ហៅវត្តកំពង់ត្រឡាចលើ ស្ថិតក្នុងស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ដែលជាវត្តមានវ័យចំណាស់ជាងគេ ដែលមានរចនាបទគំនូរបុរាណខ្មែរយ៉ាងល្អឯកផងនោះ។
ទាំងនេះបញ្ជាក់ឲ្យឃើញថា ដោយសារកត្តាសុខសន្តិភាព ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ធ្វើឲ្យភ្ញៀវទេសចរណ៍ជាតិ និងបរទេស មកលេងកម្សាន្តសប្បាយដោយគ្មានការភិតភ័យ។
ជាមួយគ្នានេះលោកប្រធានទេសចរណ៍ខេត្តកំពង់ឆ្នាំង៖ អំនាវនាវដល់ភ្ញៀវទេសចរណ៍ទាំងអស់ សូមបន្តចូលរួមមកលេងកម្សាន្ត ឲ្យបានច្រើនកុះករបន្ថែមទៀត នៅបណ្តារមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងប្រវត្តសាស្ត្រ ខេត្តកំពង់ឆ្នាំង។ ព្រោះទីកន្លែងទាំងអស់មានការ ការពារសន្តិសុខ សណ្តាប់ធ្លាប់ ជូនភ្ញៀវមកលេងកម្សាន្តយ៉ាងពេញលេញ ធានាបាននូវសុខសុវត្ថិភាពបានល្អប្រសើរ៕