សិស្សក្រីក្រនៅស្រុកបន្ទាយស្រី ទទួលបានកុំព្យូទ័រ សម្ភារៈសិក្សា កង់ និងទ្រនាប់ជើង ពីអង្គការ រ៉ូតារីក្លឹបសិនតូសាសាំងហ្គាពូរ និង អង្គការសុបិន្តសហគមន៍កម្ពុជា

អង្គការរ៉ូតារីក្លឹបសិនតូសាសាំងហ្គាពូរ និងអង្គការសុបិន្តសហគមន៍កម្ពុជា នៅរសៀលថ្ងៃទី១៧ ខែ មករា ឆ្នាំ២០២៤ បាននាំយកកុំព្យូទ័រ ១៥គ្រឿង កង់ ៥០គ្រឿង និង សម្ភារសិក្សា កីឡា ព្រមទាំងទ្រនាប់ជើង ជូនដល់ក្មួយៗសិស្សក្រីក្រ នៅអនុវិទ្យាល័យ ឃុនរាម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ ពិធីនេះបានប្រព្រឹត្តទៅក្រោម វត្តមានលោក ពេជ្រ សុភត្រា អនុប្រធានការិយាល័យមធ្យមមសិក្សា នៃមន្ទីរអប់រំ យុវជន និង កីឡាខេត្តសៀមរាប និង លោកស្រី ជេនី លីប៉ា ប្រធានអង្គការសុបិន្តសហគមន៍កម្ពុជា និង លោក ជេខ លីន ប្រធានអង្គការរ៉ូតារីក្លឹបសិនតូសាសាំងហ្គាពូរ រួមទាំងសហការី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមាតាបិតា អាណាព្យាបាលសិស្សផងដែរ ។
ក្នុងកិច្ចស្វាគមន៍លោកស្រី សឿន សុខសែន នាយិការអនុវិទ្យាល័យ ឃុនរាម បានលើកឡើងថា នេះជាលើកទី២ហើយដែលអង្គការរ៉ូតារីក្លឹបសិនតូសាសាំងហ្គាពូរ ផ្តល់ជូនដល់អនុវិទ្យាល័យឃុនរាម ហើយក៏បានសាងសង់ នូវបង្គន់ អនាម័យ បួនបន្ទប់ជូនដល់សាលា ព្រមទាំងផ្តល់នូវសម្ភារះសិក្សាទៀតផង ។ លោកស្រីនាយិការ ក៏បានសំណូមពរដល់ អង្គការរ៉ូតារីក្លឹបសិនតូសាសាំងហ្គាពូរ និងអង្គការសុបិន្តសហគមន៍កម្ពុជា ជួយសាងសង់អគារ១ខ្នង ដើមី្បបំពេញតម្រូវការសិស្សសិក្សានៅឆ្នាំខាងមុខផងដែរ ។
មានប្រសាសន៍នោះដែរលោក ពេជ្រ សុភត្រា អនុប្រធានការិយាល័យមធ្យមមសិក្សា នៃមន្ទីរអប់រំ យុវជន និង កីឡាខេត្តសៀមរាប ក៏បានធ្វើការថ្លែងអំណរគុណដល់អង្គការរ៉ូតារីក្លឹបសិនតូសាសាំងហ្គាពូរ និងអង្គការសុបិន្តសហគមន៍ប្រចាំនៅកម្ពុជា ដែលតែងបានជួយដល់សិស្សក្រីក្រនៅតាមតំបន់ជនបទ សំខាន់ក្នុងស្រុកបន្ទាយស្រី។លោកបានបន្តទៀតថា អំណោយកង់ទាំងនេះ ក៏ជាយានជំនឹះរបស់ក្មួយៗ សម្រាប់ធ្វើដំណើរមកសិក្សា និងបានផ្តល់នូវផលប្រយោជន៍ដល់ក្មួយៗ ក្នុងការកសាងអនាគតខ្លួនដល់ត្រើយសុភមង្គមនៃក្រុមគ្រួសារ ដោយក្មួយៗនេះហើយដែលជាសសរស្តម្ភដ៏រឹងមាំនៃធនធានមនុស្ស ក្នុងការអភិវឌ្ឍសង្គមជាតិទៅអនាគត ។ លោកក៏បានសម្តែង ចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់ អង្គការ ដែលតែងយកចិត្តទុកដាក់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាលនូវធនធានមនុស្សនៅថ្នាក់មូលដ្ឋាន ដោយមានការផ្គត់ផ្គង់ជាមធ្យោបាយធ្វើដំណើរ និង សម្ភារះសិក្សា សម្លៀកបំពាក់ជូនដល់សិស្សក្រីក្រ ដែលខ្វះមធ្យោបាយធ្វើដំណើរមកសាលារៀន សំខាន់ការផ្តល់កុំព្យូទ័រដល់សាលា ដើមី្បបណ្តុះបណ្តាលសិស្សទៀតផង។ លោកក៏បានសំណូមពរដល់អង្គការ សូមឲ្យបន្តនូវប្រពៃណី នៃការគាំទ្រដល់វិស័យអប់រំនៅកម្ពុជា ក៏ដូចនៅតាមមូលដ្ឋានខេត្ត សៀមរាប ដែលមានសាលាជួបនូវការខ្វះខាតទៀតផង។ លោកក៏បានផ្តាំផ្ញើផងដែរ ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក៏ដូចជាមាតាបិតា អាណាព្យាបាល និង គណៈកម្មការគ្រប់គ្រងសាលា ចូលរួមថែរក្សានូវទ្រព្យសម្បត្តិក្នុងសាលា ដែលបានការបំពាក់ដោយអង្គការ ដើមី្បប្រើប្រាស់បាយយូរអង្វែង ។
លោកស្រី ជេនី លីប៉ា ប្រធានអង្គការសុបិន្តសហគមន៍ប្រចាំនៅកម្ពុជា និងលោក អេប៊ី ចាកុប អង្គការរ៉ូតារីក្លឹបសិនតូសាសាំងហ្គាពូរ សម្តែងនូវភាពត្រេកអរបានជួបជាមួយសិស្សានុសិស្ស ក្នុងការទទួលស្វាគមន៍ប្រកបដោយភាពរាក់ទាក់សុភាពរាបសា ដែលធ្វើឲ្យប្រតិភូមិនអាចបំភ្លេចបាននូវអនុស្សាវរីយ៍របស់សិស្សអនុវិទ្យាល័យឃុនរាម កម្ពុជារស់នៅក្រោមដំបូលសុខសន្តិភាព ។ លោកទាំងពីរ បានបញ្ជាក់ថា អំណោយជូនដល់សិស្សក្រីក្រនៅកម្ពុជា គឺមិនខុសពីបំណងរបស់អង្គការរ៉ូតារីក្លឹបសិនតូសាសាំងហ្គាពូរឡើយ ដែលធ្វើឲ្យមានសង្ឃឹមជឿជាក់ថា បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅតាមមូលដ្ឋានដាច់ស្រយ៉ាល។ ក្នុងនោះដែរ លោកទាំងពីរ ក៏បានផ្តល់ដំបូន្មានល្អៗមួយ ចំនួនដល់សិស្សានុសិស្ស គឺត្រូវប្រកាន់ភ្ជាប់នូវចរិកសីលធម៌ ត្រូវគោរពស្តាប់ដំបូន្មានលោកគ្រូអ្នកគ្រូ ឪពុកម្តាយ អាណាព្យាបាល ព្រមទាំងរៀមច្បង ដើមី្បឲ្យយើងក្លាយទៅជាធនធានដ៏សំខាន់របស់ប្រទេសជាតិ ជាពិសេសចូលគ្រប់គ្នាត្រូវខិតខំសិក្សារៀនសូត្រ ដែលជាទ្រព្យសម្បត្តិជាប់ខ្លួនមិនបាត់ទៅណាឡើយ។ លោកទាំងពីរបន្តថា ដើមី្បឲ្យក្លាយជាសិស្សពូកែ ចូលសិស្សគ្រប់គ្នា មានការអំណត់អត់ធន ឧស្សាហ៍ព្យាយាមសិក្សាស្វែងយល់រាល់កិច្ចការទៅតាមកម្មវិធីសិក្សា និងស្តាប់ការពន្យល់របស់គ្រូ និងមានភាពក្លាហានក្នុងការសិក្សាផងដែរ។ជាមួយនេះដែរ លោកអគ្គនាយកអង្គការរ៉ូតារីក្លឹបសិនតូសាសាំងហ្គាពូរ ក៏បានបញ្ជាក់ថា អង្គការរ៉ូតារី នៅតែបន្តជួយដល់សិស្សក្រីក្រនៅកម្ពុជា ទៅតាមលទ្ធភាពដែលអង្គការរ៉ូតារី ធ្វើទៅបានផងដែរ ។ក្នុងនោះដែរក៏មានធ្វើការចុះអនុស្សរណៈយោគយល់គ្នា ក្នុងភាពជាដៃគូររវាងអង្គការរ៉ូតារីក្លឹបសិនតូសាសាំងហ្គាពូរ និង អង្គការសុបិន្តសហគមន៍កម្ពុជាផងដែរ ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *