នៅព្រឹកថ្ងៃទី ១៦ ខែ មករា ឆ្នាំ២០២៤នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប អាជ្ញាធរខេត្តបានបើកកិច្ចប្រជុំ ណែនាំដល់អាជ្ញាធរមូលដ្ឋានក្នុងការទប់ស្កាត់មិនឲ្យមានការសាងសង់សំណង់ថ្មី នៅក្នុងតំបន់រមណីយដ្ឋានអង្គរតាមរយៈការសម្រេចរបស់ក្រុមការងារអនុវត្តកន្លងមក ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អស់លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរក្រុង ស្រុក មេឃុំ ចៅសង្កាត់ មេភូមិ ដែលមានមូលដ្ឋាននៅក្នុងតំបន់រមនីយដ្ឋានអង្គរ ចូលរួមផងដែរ ។
មានប្រសាសន៍បើកកិច្ចប្រជុំនោះដែរ ឯកឧត្តម ប្រាក់ សោភ័ណ ក៏បានលើកឡើងពីគោលបំណងនៃកិច្ចប្រជុំ គឺដើមី្ប ធ្វើការណែនាំ ដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ក្នុងការចូលរួមសហការគ្នាឲ្យបានល្អ លើការទប់ស្កាត់មិនឲ្យមានការសាងសង់សំណង់ថ្មី នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងរយៈពេលយុទ្ធនាការតម្រង់ទិសនេះ ។ ឯកឧត្តមអភិបាលខេត្ត ក៏បានស្មើឲ្យអាជ្ញាធរមូលដ្ឋាន ធ្វើសេចក្តីរាយការណ៍ អំពីវឌ្ឍនភាពនៅក្នុងមូលដ្ឋានខ្លួន និង បញ្ហាប្រឈមរបស់មូលដ្ឋាន ក្នុងពេលយុទ្ធនាការតម្រង់ទិស របស់រាជរដ្ឋាភិបាល ។
ក្នុងនោះដែរអាជ្ញាធរក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមេភូមិ ក៏បានធ្វើសេចក្តីរាយការណ៍ ស្តីពីកិច្ចសហការរបស់ អាជ្ញាធរមូលដ្ឋាន ជាមួយកម្លាំងអាជ្ញាធរជាតិអប្សរា ក្នុងពេលកន្លងមក ក៏តែងតែជួបការប្រទោះសារាយជាមួយប្រជាពលរដ្ឋ ដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគាត់ផងដែរ ។ ក្នុងនោះអាជ្ញាធរមូលដ្ឋានក៏បានលើកផងដែរថា ក្នុងរយៈ ពេលយុទ្ធនាការតម្រង់ទិសនេះ ប្រជាពលរដ្ឋស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរ មួយចំនួនបានស្ម័ត្រចិត្តរុះរើលំនៅដ្ឋានខ្លួន ទៅរស់នៅលើដីឡូត៌តំបន់អភិវឌ្ឍន៍រុនតាឯក និង តំបន់ពាក់ស្នែង ស្រុកអង្គរធំ ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន តែមួយចំនួន នៅមិនទាន់បានរុះរើផ្ទះនៅឡើយ ដោយតំបន់ដែលពួកគាត់ទៅរស់នៅ តំបន់ពាក់ស្នែង នៅមិនទាន់បានរៀបចំ បានរៀបរយនៅឡើយ ។ ក្នុងនោះដែរអាជ្ញាធរមូលដ្ឋាន ក៏បានប្តេជ្ញា ក្នុងការទប់ស្កាត់មិនឲ្យមានការសាងសង់សំណង់ថ្មី នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ឬ សំណង់អាណាធិបតេយ្យជាដើម ។
ក្រោយពីបានស្តាប់នូវរាល់បញ្ហាដែលអាជ្ញាធរមូលដ្ឋានបានលើកឡើងរួចមក មានប្រសាសន៍បូកសរុបនោះដែរ ឯកឧត្តម ប្រាក់ សោភ័ណ បានលើកឡើងនូវចំណារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានផ្តល់ភារកិច្ចជូនអាជ្ញាធរខេត្តសៀមរាប , ក្រុងសៀមរាប, ស្រុកប្រាសាទបាគង , ពួក ,បន្ទាយស្រី និងស្រុកអង្គរធំ ត្រូវធ្វើការហាមឃាត់ដាច់ខាត គឺមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋ ចូលទៅតាំងទីលំនៅ សាងសង់ផ្ទះ ទីជម្រក នៅ ក្នុងតំបន់ការពារបេតិកភណ្ឌ ។ ក្នុងនោះឯកឧត្តមក៏បានបញ្ជាក់ អំពីអត្ថន័យខ្លឹមសារ នៃចំណារលិខិត ដោយតួនាទីក្នុងពេលកន្លងមក គឺជាតួនាទីរបស់អាជ្ញាធរជាតិអប្សរាជាអ្នកគ្រប់គ្រង ។ ក្នុងខ្លឹមសារនេះបានន័យថា អាជ្ញាធរខេត្តជាអ្នកគ្រប់ គ្រងវិញ និង ការគ្រប់គ្រងពីការចូលមកថ្មីរបស់ប្រជាពលរដ្ឋ ។ ឯកឧត្តមក៏បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវផ្តោតដោយប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារនៅតំបន់ដែលប្រជាពលរដ្ឋបានស្ម័ត្រចិត្តរុះរើទៅរស់នៅតំបន់រុនតាឯក ដើមី្បកុំឲ្យមានការចូលមករស់នៅបន្តទៀត ។ ឯកឧត្តមក៏បានណែនាំអាជ្ញាធរមូលដ្ឋានឲ្យចូលរួមទប់ស្កាត់និងបំពេញតួនាទីឲ្យបានត្រឹមត្រូវ ស្របតាមការណែនាំ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ។ ក្នុងនោះឯកឧត្តមក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ដែលមានតួនាទីភារកិច្ចក្នុងការគ្រប់គ្រង ត្រូវចូលរួមក្នុងការទប់ស្កាត់ និង ការពារនៅតំបន់ទាំងនោះ កុំឲ្យកើតមានសាជាថ្មីបន្ត ព្រមទាំងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋកុំឲ្យមានការសាងសង់សំណង់ថ្មី ឬសាងសង់បន្ថែមលើសំណង់ដែលមានស្រាប់ផងដែរ ។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា រាល់ការងារដែលកំពុងអនុវត្ត ក្នុងយុទ្ធនាការតម្រង់ទិសនេះ គឺដើមី្បជួយដល់រាជរដ្ឋាភិបាល ចូលយើងជាអាជ្ញាធរមូលដ្ឋានចូលរួមក្នុងការថែទាំអភិរក្សនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាមរតកកេរ្តិ៍ដូនតា ជាអត្តសញ្ញាណ និងដួងព្រលឹងរបស់ជាតិ ក៏ដូចជាតម្លៃជាសកល នៃសម្បត្តិបេតិកភណ្ឌពិភពលោក សម្រាប់មនុស្សជាតិទាំងមូល និង ដើមី្បឲ្យជៀសផុតពីការព្រមានពីសំណាក់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប