អភិបាលរងខេត្តតាកែវ ណែនាំដល់ស្ថាប័ន ពាក់ព័ន្ធត្រូវរួមគ្នាទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនតាមមូលដ្ឋាន អោយបានខ្លាំងក្លាបន្តទៀត

តាកែវ៖ថ្លែងក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រឿងញៀនប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ របស់លេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្តតាកែវ នៅព្រឹកថ្ងៃអង្គារ៍ ទី១៦ ខែមករា ឆ្នាំ២០២៤នេះ លោក យ៉ង់ សុវឌ្ឍនា អភិបាលរងខេត្តតាកែវ និងជាប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្តបានធ្វើការណែនាំ និងក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន ភូមិឃុំសង្កាត់ រួមនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបង្កើនសកម្មភាពចុះអប់រំផ្សព្វផ្សាយ និងរួមគ្នាទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ក្នុងមូលដ្ឋានរបស់យើងអោយបានខ្លាំងក្លាបន្តទៀត ដើម្បីធានាបាននូវភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោកអភិបាលរងខេត្តបានមានប្រសាសន៍ថាបញ្ហាគ្រឿងញៀនជាបញ្ហាសង្គមមួយដ៏រ៉ាំរៃ និងស្មុគស្មាញដែលវាបង្ករផលវិបាកជាច្រើនដល់សង្គមជាតិរួមនិងមនុស្សទូទៅ។ ប្រទេសកម្ពុជាយើងមិនមែនជាប្រទេសផលិតគ្រឿងញៀននោះទេ តែជាប្រទេសដែលគេជួញដូរចែកចាយគ្រឿងញៀនទៅវិញ។ ហើយដើម្បីដោះស្រាយបញ្ហាគ្រឿងញៀននេះទាមទារអោយមានការចូលរួមចាប់ពីបុគ្គលម្នាក់ៗ ក្រុមគ្រួសារ សហគមន៍ អាជ្ញាធរមូលដ្ឋាន  អង្គការជាតិ អន្តរជាតិ ដើម្បីធ្វើយ៉ាងណាឈានទៅរកការលុបបំបាត់ការប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋាន និងក្លាយជាភូមិឃុំសគ្មានគ្រឿងញៀន។

បើតាមលោក យ៉ង់ សុវឌ្ឍនា អភិបាលរងខេត្តតាកែវបានមានប្រសាសន៍បញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយកចិត្តទុកដាក់លើគោលនយោបាយភូមិឃុំមានសុវត្ថិភាព ពិសេសបញ្ហាគ្រឿងញៀននេះ ដែលបច្ចុប្បន្ននេះវាកំពុងបង្ករផលប៉ះពាល់ដល់យ៉ាងខ្លាំង ដល់ស្រទាប់យុវវ័យ  ដូច្នេះអាជ្ញាធរមូលដ្ឋាន រួមនិងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ រួមគ្នា ទប់ស្កាត់ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ពិសេសតំបន់នៅជាប់ព្រំដែនវៀតណាម ក៏ត្រូវពង្រឹងការចេញចូល ក្រែងមានការចរាចរណ៍គ្រឿងញៀនឆ្លងដែនខុសច្បាប់ ដើម្បីធានាបាននូវគោលនយោបាលភូមិឃុំមានសុវត្ថិភាព ដែលរាជ     រដ្ឋាភិបាលបានដាក់ចេញ។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *