សិក្ខាសាលាបណ្តុះបណ្តាល ស្តីពីគោលការណ៍ បែបបទ និងនីតិវិធី នៃការអនុវត្តមុខងារអប់រំ យុវជន និង កីឡា ដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ

នៅសាលប្រជុំសាលាខេត្តសៀមរាប នាថ្ងៃទី ១៧ ខែ មករា ឆ្នាំ២០២៤ មានបើកសិក្ខាសាលាបណ្តុះបណ្តាល ស្តីពី គោលការណ៍ បែបបទ និងនិតីវិធី នៃការអនុវត្តមុខងារអប់រំ យុវជន និងកីឡា ដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ មានរយៈពេល៣ថ្ងៃ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប តំណាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុរដ្ឋលេខាធិការ អភិបាលរងខេត្ត ព្រមជាមួយសមាជិក សមាជិកា នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ មកពីខេត្តសៀមរាប ,កំពង់ធំ ,ព្រះវិហារ និងខេត្តឧត្តរមានជ័យ ប្រមាណជា២០០នាក់ ដែលបានចូលរួម ។
ក្នុងកិច្ចស្វាគមន៍របស់លោកស្រី ម៉ននី រងី្ស អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានសម្ដែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅនូវកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការដ៏ល្អរវាងគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តកំណែទម្រង់ តាមបែបប្រជា ធិបតេយ្យ ជាពិសេសការធ្វើវិមជ្ឈការមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា មកឲ្យរដ្ឋបាលថ្នាក់ក្រោជាតិ នៅកម្រិតថ្នាក់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និង បានផ្តល់ការអភិវឌ្ឍសមត្ថភាពដល់មន្ត្រីជំនាញរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន។ ជាក់ស្ដែងការបណ្តុះបណ្តាលនាថ្ងៃនេះ គឺការពង្រឹងសមត្ថភាពរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការអនុវត្តមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ប្រកបដោយប្រសិទ្ធភាព ។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ ចំពោះរាល់កិច្ចសហការចូលរួម គាំទ្រពីគ្រប់ស្ថាប័នរដ្ឋ និងស្ថាប័នមិនមែនរដ្ឋ ក្នុងការជម្រុញនិងលើកកម្ពស់ការធ្វើវិមជ្ឈការ និងវិសហមជ្ឈការការងារអប់រំឲ្យកាន់តែល្អប្រសើរ ជាពិសេស ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ជាប្រធាន គ.ជ.អ.ប. ដែលបានផ្ដល់ការគាំទ្រ និងរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលណែនាំ តម្រង់ទិសជម្រុញ និង គាំទ្រដល់ការធ្វើវិមជ្ឈការ និងវិសហមជ្ឈការមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងបង្កើនគុណភាពនៃសេវាអប់រំជូនដល់ប្រជាជនគ្រប់រូប ។ ឯកឧត្តមរដ្ឋលេខាធិការ បាន គូសបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្ននេះ គឺជាជំហានថ្មីមួយទៀត ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និង សហវិមជ្ឈការ ព្រមទាំងបង្ហាញអំពីសុឆន្ទៈ និងការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់អទិភាព និងការគាំទ្រ ដល់វិស័យអប់រំ យុវជន និងកីឡា។ ការធ្វើវិមជ្ឈការមុខងារអប់រំ យុវជន និងកីឡា ទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេសនេះ ផ្តោតលើ “ការប្រគល់មុខងារគ្រប់គ្រង” ចំនួន៣ រួមមាន ការអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធ និង “ការធ្វើប្រតិភូកម្មមុខងារគាំទ្រ ផ្នែករដ្ឋបាល” ចំនួន៣ ដល់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ ការងារអភិវឌ្ឍយុវជន និងការងារអប់រំកាយ និងកីឡា ទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស ។ ឯកឧត្តមបានបន្តទៀតថាទោះបីជាការធ្វើវិមជ្ឈការមុខងារអប់រំ យុវជន និងកីឡាទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្រសួងអប់រំ យុវជន និងកីឡានៅតែជាស្ថាប័នដែលត្រូវមានគណនេយ្យភាព ចំពោះរាជរដ្ឋាភិបាល និងរដ្ឋសភាលើវិស័យអប់រំ យុវជន និងកីឡា ។ ក្នុងកិច្ចការ នេះ ក្រុមប្រឹក្សា និងគណៈអភិបាលនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវមានការទទួលខុសត្រូវ និង មានគណនេយ្យភាព ចំពោះ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមន្ទីរអប់រំ យុវជន និង កីឡាខេត្ត ហើយក្រុមប្រឹក្សា និងគណៈអភិបាលនៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ត្រូវមានការទទួលខុសត្រូវ និងគណនេយ្យភាពចំពោះប្រជាជន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនលើ លទ្ធផលនៃការអនុវត្តមុខងារអប់រំ ដែលបានផ្ទេរឲ្យទាំងនោះ និង ត្រូវធានាឲ្យបានថា ការអនុវត្តមុខងារត្រូវតែស្របតាមគោលនយោបាយ ផែនការយុទ្ធសាស្ត្រជាតិ កម្មវិធីសិក្សាជាតិ និយាម និងស្តង់ដានានាដែលបានកំណត់ ។ ឯកឧត្តមបានស្នើដល់សិក្ខាកាមទាំងអស់ ត្រូវព្យាយាមសិក្សាឲ្យបានហ្មត់ចត់ ក្នុងរយៈពេល៣នេះ ក្តាប់ឲ្យបាននូវខ្លឹមសារ ដើម្បីយកទៅអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកំណែទម្រង់វិស័យអប់រំ ព្រមទាំងបានបង្ហាញអំពីឆន្ទៈ និង ការប្ដេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្ដល់អាទិភាព និង ការគាំទ្រដល់វិស័យអប់រំ យុវជន និងកីឡា ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *