កំពង់ឆ្នាំងមានរៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពី« ការបើកផ្តល់ប្រាក់ឧបត្ថម្ភ សម្រាប់កម្មវិធីជាតិជំនួយសង្គម ផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យ

កំពង់ឆ្នាំង៖ លោក ជួរ រតនៈ អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម និងលោក អម សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង  លោក ឈាងចន្ធី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង។បានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី ការបើកផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កម្មវិធីជាតិជំនួយសង្គម ផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្នុងខេត្តកំពង់ឆ្នាំង ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នាសាលាខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីគ្រប់តួអង្គប្រតិបត្តិករ ពិសេស រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងអង្គការសមាគមក្រៅរដ្ឋាភិបាល ក្នុងក្របខណ្ឌខេត្តកំពង់ចាម សរុបចំនួន ១៧៨រូប។

នៅក្នុងឧិកាស់នោះផងដែរ លោកឈៀងចាន់ធីប្រធានមន្ទីរសង្គមកិច្ចនិងអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំងបានឡើងអានរបាយការណ៍ស្វាគមន៍គណៈអធិបតីដែលបានចូលរួមស្តីពីអនុវត្តន៍កន្លងមកផងដែរ ។

ក្នុងឱកាសប្រកាសបើកវគ្គបណ្តុះបណ្តាល លោក ជួរ រតនៈ បានលើកឡើងនូវចំណុចសំខាន់ ដូចខាងក្រោម៖
(១)-ការកសាងមូលធនមនុស្ស គឺជាអាទិភាពគន្លឹះទីមួយ ដែលរាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ កំពុងយកចិត្តទុកដាក់ជំរុញ សំដៅសម្រេចបាននូវគោលដៅរបស់កម្ពុជានាឆ្នាំ២០៣០ និងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

(២)-កម្មវិធីនេះជាកម្មវិធីដំបូងគេ ដែលបានផ្តល់ការឧបត្ថម្ភជាសាច់ប្រាក់ផង និងផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈផង ដែលយុវជនស្ថិតក្នុងគ្រួសារមានបណ្ណសមធម៌ និងគ្រួសារមានបណ្ណងាយរងហានិភ័យ ត្រូវតែចូលរួម​ទទួលផលពីកម្មវិធីនេះឱ្យបានគ្រប់គ្នាៗ ហើយត្រូវប្រកាន់ភ្ជាប់នូវអភិក្រម « រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ »។

(៣)-រាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យលេខ៣៧១ អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៨៨ អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយផ្តល់ប្រាក់ឧបត្ថម្ភចាប់ពីខែមករា រហូតដល់ខែមីនា ឆ្នាំ២០២៤ តាមទំហំឧបត្ថម្ភថ្មី ដែលនឹងចាប់អនុវត្តចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ ហើយអ្វីដែលត្រូវធ្វើបន្ទាប់នោះ គឺត្រៀមខ្លួនក្នុងការជួយផ្សព្វផ្សាយទៅដល់គ្រួសារទទួលផលពីកម្មវិធី ជៀសវាងការយល់ច្រលំទៅលើទំហំទឹកប្រាក់សម្រាប់ខែមករានេះ។

(៤)-បន្ទាប់ពីការបិទបញ្ចប់ជាស្ថាពរ នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលនឹងដាក់ចេញកម្មវីធីមួយថ្មីជំនួស គឺកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ ដែលជាកម្មវិធីមួយកើតចេញពីការធ្វើសមាហរណកម្មកម្មវិធីជំនួយសង្គមដែលកំពុងអនុវត្តចំនួន៤ និងរបបថ្មី១ បញ្ចូលគ្នាជាកញ្ចប់តែមួយ រួមមាន៖ (១).កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ (២).កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅថ្នាក់បឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ (៣).កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព (៤).កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ឆ្នាំឡើង) និង(៥).ការឧបត្ថម្ភអ្នកផ្ទុកមេរោគអេដស៍និងជំងឺអេដស៍ ហើយកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារនេះ បង្កើតឡើងក្នុងគោលបំណង ឆ្លើយតបនឹងតម្រូវការរបស់បុគ្គលពេញមួយវដ្ដជីវិត ហើយផ្តល់ដំណោះស្រាយគ្រប់ជ្រុងជ្រោយចំពោះហានិភ័យ និងភាពងាយរងគ្រោះនានា។

នៅក្នុងពិធីនោះក៏មានការប្រគល់វត្ថុអនុស្សាវរីយ៍ដល់អាជ្ញាធរស្រុកទាំង៨និងអាជ្ញាឃុំដែលបានចូលរួមទាំងអស់ផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *