សាលាវេសហ្គេតអន្តរ ជាតិខេត្តសៀមរាបប្រគល់ប័ណ្ណសរសើរប្រចាំឆ្នាំសិក្សា២០២២ -២០២៣ ជូនដល់សិស្សានុសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ជ័យលាភីនិទ្ទេស A និងវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាបឋមភូមិ មានចំណាត់ថ្នាក់ល្អ

នៅថ្ងៃទី១៣ខែមករាឆ្នាំ២០២៤ សាលាវេសហ្គេតអន្តរជាតិខេត្តសៀមរាប បានរៀបចំពិធីប្រគល់ប័ណ្ណសរសើរប្រចាំឆ្នាំសិក្សា២០២២-២០២៣ និងរង្វាន់លើកទឹកចិត្ត ជូនដល់សិស្សានុសិស្សមធ្យមសិក្សាទុតិយភូមិ ជ័យលាភីនិទ្ទេស A ចំនួន ៤ នាក់ និងនិទ្ទេសB ចំនួន៥នាក់ និងផ្តល់វិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាបឋមភូមិនិងចំណាត់ថ្នាក់ល្អ៩នាក់ ព្រមទាំងប័ណ្ណសរសើរ និង វិញ្ញាបនបត្របញ្ចប់បឋមសិក្សា(ថ្នាក់ទី៦) ប្រចាំឆ្នាំសិក្សា ២០២២-២០២៣។
ក្នុងរបាយការណ៏សង្ខេបរបស់ លោក រ័ត្ន រស្មី នាយកគ្រប់គ្រងសាលាវេសហ្គេតអន្តរជាតិ បានបង្ហាញថា៖ ឆ្នាំសិក្សា២០២២-២០២៣ កន្លងទៅនេះ សាលាវេសហ្គេតអន្តរជាតិ គ្រប់សាខាទាំងអស់ បានទទួលសិស្សានុសិស្សចុះឈ្មោះចូលរៀនក្នុងកម្មវិធីសិក្សាចំណេះទូទៅខេមរភាសា កម្មវិធី សិក្សាភាសាអង់គ្លេសពេញម៉ោង និងក្រៅម៉ោង និងកម្មវិធីសិក្សាភាសាចិន រាប់ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់ថ្នាក់ មធ្យមសិក្សាទី១២ មានចំនួនសរុបប្រមាណ២.១០១នាក់ ក្នុងនោះសិស្សស្រីមានប្រមាណ៦៦% យោងតាមលទ្ធផល នៃការរង្វាយតម្លៃលទ្ធផលសិក្សាទទួលបានជោគជ័យប្រមាណ ៩៩ភាគរយ ក្នុងនោះសិស្សានុសិស្ស ចូលរួមប្រឡង សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ថ្នាក់ទី៩) ទទួលជោគជ័យ ១០០ ភាគរយ ដោយយើងទទួលបានសិស្សនិទ្ទេសល្អ ចំនួន ៩ នាក់ និងសិស្សានុសិស្ស ចូលរួមការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ថ្នាក់ទី១២) ទទួលជោគជ័យ ប្រមាណ ៨៦ ភាគរយ ដោយទទួលបានសិស្សជ័យលាភីនិទ្ទេស A ចំនួន ៤ នាក់ និងនិទ្ទេសB ចំនួន៥នាក់ផងដែរ។លោកនាយកបន្តថា៖ក្នុងបេសកកម្ម និងទិសដៅ សាលា មានការប្តេជ្ញាចិត្តដ៏ខ្លាំងក្លា ក្នុង ការចូលរួមចំណែកបណ្តុះបណ្តាលឱ្យមានធនបានដែលមានគុណភាព សម្រាប់ចូលរួមប្រកួតប្រជែងចំណេះដឹង ស្នាដៃផ្សេងៗទាំងក្នុង និងក្រៅប្រទេស។ ជាក់ស្តែងកន្លងមកនេះ បានរៀបចំកម្មវិធីដំណើរទស្សនកិច្ចសិក្សា ស្រាវជ្រាវ និងថតផ្ចិតស្រង់យករូបភាពសំណាកដាក់ស្តែងនៃស្ថានីយប្រវត្តិសាស្ត្រ បុរាណដ្ឋាន រមណ៏យដ្ឋាន កែច្នៃជាដើម និងបានធ្វើ ដំណើរទស្សនកិច្ចសិក្សាទៅកាន់បណ្តាប្រទេសមួយចំនួន រួមមាន ប្រទេសអង់គ្លេស ប្រទេសថៃ នាទីក្រុងបាងកក ផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យាវ័យក្មេង ដែលជាកម្មវិធីផ្តោតលើការបង្កើតមនុស្សយន្ត កម្មវិធី អេ អាយ (AI) កម្មវិធីSTEM និងការបណ្តុះបណ្តាលសហគ្រិនភាព ដើម្បីឱ្យសិស្សានុសិស្សក្លាយជាពលរដ្ឋដែលមាន ចំណេះដឹងទូលំទូលាយស្របតាមការវិវត្ត នៃបរិវិត្តកម្មឌីជីថល និងបដិវត្តន៍ឧស្សាហកម្ម៤.០ផងដែរ។ថ្លែងសំណេះសំណាលក្នុងឱកាសនោះ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសម្តែងនូវការអបអរសាទរ ចំពោះលទ្ធផលសិក្សារបស់ក្មួយៗសិស្សានុសិស្សទាំងអស់ ដែលទទួលបានជ័យលាភីនិទ្ទេសA និងចំណាត់ថ្នាក់ល្អ ព្រមទាំង កោតសរសើរដល់ នាយក គណៈគ្រប់គ្រងសាលា បុគ្គលិក ព្រមទាំងសហការី នៃសាលាវេសហ្គេតអន្តរជាតិទាំងអស់ ដែលបានចំណាយពេលវេលា និងការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីផ្ទេរនូវចំណេះដឹង និងបទពិសោធន៍ល្អៗទៅឱ្យក្មួយៗ ទទួលបាននូវចំណេះដឹងប្រកបដោយគុណភាព ដែលទាំងអស់នេះបានបញ្ជាក់ពីការផ្សារភ្ជាប់រវាងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ការបម្រើសេវាសាធារណៈ និងប្រសិទ្ធភាព គុណភាព ស្តង់ដារអប់រំ ដែលអាចទទួលយកបានក្នុងស្ថានភាព នៃការរីកចម្រើនរបស់ពិភពលោកដែលយើងរស់នៅ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *