សម្តេចពិជ័យសេនា ទៀ បាញ់ ជួបសាវនាការជាមួយឯកឧត្តម លី ស៊ូឡី

នៅសណ្ឋាគារសូហ្វីតែល អង្គរ ភូគីត្រា ខេត្តសៀមរាប នៅរសៀលថ្ងៃទី ១៣ ខែ មករា ឆ្នាំ២០២៣ គណៈប្រតិភូជាន់ខ្ពស់គណបក្សកុម្មុយនីស្តចិន ដឹកនាំដោយឯកឧត្តម លី ស៊ូឡី សមាជិកការិយាល័យនយោបាយនិងជារដ្ឋមន្ត្រីក្រសួងឃោសនា ការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន បានជួបធ្វើសាវនាការជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសបើក«ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤»ដោយមានសមាសភាពចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិកគណៈកម្មាធិការថ្នាក់កណ្តាលនៃគណបក្សប្រជាជនកម្ពុជា រួមទាំងអស់លោក លោកស្រីជាសមាជិកប្រតិភូផងដែរ
មានប្រសាសន៍ក្នុងជំនួបនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ជំនួយសំខាន់ៗរបស់ចិន ក្នុងការកសាង និងអភិវឌ្ឍប្រទេសកម្ពុជាទាំងនោះ ត្រូវបានសម្តេចពិជ័យ បញ្ជាក់ថា មានដូចជា គម្រោងព្រលានយន្តហោះខេត្តសៀមរាប ស្ពានផ្លូវតភ្ជាប់តំបន់ទន្លេមេគង្គ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងព្រលានយន្តហោះតារាសាគរ និង អាកាសយានដ្ឋានអន្តរជាតិសៀមរាប.អង្គរ រួមជាមួយការធ្វើទំនើបកម្មលើវិស័យការពារ ជាតិ។ សម្តេចបានបន្តទៀតថា «គម្រោងទាំងនេះ សុទ្ធតែជាគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅ កម្ពុជា ដែលស្ថិតនៅក្រោមក្របខណ្ឌនៃគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ។ ប្រការគួរកត់សម្គាល់ ទោះស្ថិតក្នុងអំឡុងពេលកូវីដ-១៩ ជាសកលក៏ដោយ ក៏គម្រោងទាំងនេះនៅបន្តដំណើរការសាងសង់ធម្មតា ដើម្បីសម្រេចជោគជ័យតាមផែនការកំណត់» ។ កម្ពុជា-ចិន បានភ្ជាប់ទំនាក់ទំនងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ដែលរហូតមកដល់ពេលនេះ ប្រទេសទាំងពីរ បានក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និង កំពុងកសាងសហគមន៍រួមវាសនាតែមួយ ។ សម្តេចពិជ័យសេនា បានបញ្ជាក់ថា ជាការពិត ប្រទេសចិន និងកម្ពុជា គឺជាមិត្តល្អបំផុត ចេះជួយយកអាសារគ្នាទៅវិញទៅមកគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់ ។ ប្រជាជនចិន និងប្រជាជនកម្ពុជាមានភាពស្រដៀងគ្នា និង មានភាពពាក់ព័ន្ធខាងផ្នែកប្រវត្តិសាស្ត្រជាមួយគ្នាច្រើន ដូចជាប្រពៃណីទំនៀមទម្លាប់ និងវប្បធម៌ ជាមួយនឹងប្រវត្តិនៃទំនាក់ទំនងការទូតដ៏យូរលង់ណាស់មកហើយ ។ សម្តេចបានបញ្ជាក់បន្ថែមថា ចំណងសាមគ្គីភាពរវាងកម្ពុជា-ចិន ត្រូវបានរឹតបន្តឹងកាន់តែស្អិតរមួតបន្ថែមទៀត មួយជំនាន់ទៅមួយជំនាន់រហូតមកដល់បច្ចុប្បន្ន ដោយព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និង ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកប្រធានាធិបតី ស៊ី ជីន ពីង ដែលបានបន្តពីព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ។ សម្តេចក៏បានលើកឡើងថា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» នេះ ជាមូលដ្ឋានមិនអាចខ្វះបាន ក្នុងការសម្រេចឲ្យបាននូវការកសាងសហគមន៍ជោគវាសនារួមគ្នា រវាងប្រជាជាតិយើងទាំងពីរ កម្ពុជា-ចិន៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *