ពិធីបើក (ឆ្នាំនៃការផ្លាស់ប្តូរ ប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤)

សៀមរាប៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធាន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សនិងជាប្រធានគណបក្សប្រជាជនកម្ពុជា និង ឯកឧត្ដម លី ស៊ូឡី សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីឃោសនា ការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន បានអញ្ជើញជាអធិបតីបើក (ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤) ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ ថ្នាក់រដ្ឋមន្ត្រី អគ្គរដ្ឋទូតចិន រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃប្រទេសទាំងពីរ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោកលោកស្រីជាថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ បងប្អូនជាអ្នកវិនិយោគ និសិ្សតជនជាតិចិន និង ប្រជាពលរដ្ឋជាច្រើនកុះករចូលរួមផងដែរ នារាត្រីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នៅបរិវេណព្រះលានជល់ដំរី ខេត្តសៀមរាប។
ក្នុងរាត្រីនោះដែរឯកឧត្ដម លី ស៊ូឡី ក៏បានលើកឡើងថា ចិននិងកម្ពុជាជាមិត្តដ៏ល្អ និងបានបង្កើតទំនាក់ទំនងការទូតអស់រយៈពេលជាង ៦០ ឆ្នាំមកហើយ ប្រទេសទាំងពីរតែងតែរក្សាការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ។
ឯកឧត្ដមបានបន្តទៀតថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការជម្រុញយ៉ាងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរចិននិងកម្ពុជា បានបង្កើតកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ លើបណ្តាវិស័យនិងទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនអនេក ។ ក្នុងនោះមានអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលជំនួយសាងសង់ដោយភាគីចិន ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប- ប៉ោយប៉ែតកំពុងដំណើរការជាបន្តបន្ទាប់ មជ្ឈមណ្ឌលឱសថបុរាណចិន-កម្ពុជាត្រូវបាន សម្ពោធជាផ្លូវការ និងសាកលវិទ្យាល័យខេមតិច បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ។ ឯកឧត្ដមបន្តទៀតថា ក្នុងអំឡុងពេលនៃការផ្ទុះឡើងនូវជម្ងឺកូវីដយ៉ាងធ្ងន់ធ្ងរ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបំពេញទស្សនកិច្ច ជាបន្ទាន់ទៅកាន់ប្រទេសចិន និងបានពាំនាំនូវជំនួយដ៏ថ្លៃថ្លារបស់ប្រជាជនកម្ពុជា ។
មានប្រសាសន៍បើកកម្មវិធីនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» នេះ ជាមូលដ្ឋានមិនអាចខ្វះបាន ក្នុងការសម្រេចឲ្យបាននូវការកសាងសហគមន៍ជោគ វាសនារួមគ្នា រវាងប្រជាជាតិយើងទាំងពីរ កម្ពុជា-ចិន។ ក្នុងនោះដែរសម្តេចមានសុទិដ្ឋិនិយមថា ការកំណត់យកឆ្នាំ២០២៤ ជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន” នឹងក្លាយជាចលករយ៉ាងសំខាន់ក្នុងការបង្កើនតភ្ជាប់វិស័យទេសចរ វប្បធម៌ និងទំនាក់ទំនងរវាងប្រជាជននៃប្រជាជាតិទាំងពីរ និងជាមូលដ្ឋានមិនអាចខ្វះបាន ក្នុងការសម្រេចឲ្យបាននូវការ កសាងសហគមន៍ជោគវាសនារួមគ្នា រវាងប្រជាជាតិយើងទាំងពីរ កម្ពុជា-ចិន»។ សម្តេចក៏បានលើកផងដែរពីការភ្ជាប់ទំនាក់ទំនងកម្ពុជា-ចិន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ដែលរហូតមកដល់ពេលនេះ ប្រទេសទាំងពីរ បានក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកំពុងកសាងសហគមន៍រួមវាសនាតែមួយ ។ សម្តេចពិជ័យសេនា បានបញ្ជាក់ដែរថា តាមរយៈការកំណត់យកឆ្នាំ២០២៤ ជា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន» យើងនឹងអាចផ្សព្វផ្សាយកាន់តែច្បាស់ពីវប្បធម៌ ប្រពៃណី សក្តានុពលទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជនយើងទាំងពីរ ដែលមិនត្រឹមតែចូលរួមដល់ការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ការបង្កើនទំនាក់ទំនងលើវិស័យទេសចរណ៍ និងពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមករវាងកម្ពុជា-ចិនប៉ុណ្ណោះទេ ប៉ុន្តែព្រឹត្តិការណ៍នេះបង្ហាញពីការយកចិត្តទុកដាក់ជាអាទិភាពយ៉ាងសំខាន់ លើប្រភពទីផ្សារចិនសម្រាប់វិស័យទេសចរណ៍កម្ពុជាផងដែរ ។ ការរៀបចំពិធីបើក «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» នេះ បានឆ្លុះបញ្ចាំងឲ្យឃើញថា វិស័យទេសចរណ៍ និងវប្បធម៌មានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួតប្រៀបបានសរសៃអំបោះដែលវេញចូលគ្នា បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងនូវភាពទាក់ទាញ និងភាពប្រកួតប្រជែង សម្រាប់តំបន់ទេសចរណ៍ ក៏ដូចជាសម្រាប់ប្រទេសជាតិ ។ វិស័យវប្បធម៌បានដើរតួនាទីជាឧបករណ៍ដ៏មានប្រសិទ្ធភាព សម្រាប់អភិវឌ្ឍផលិតផលទេសចរណ៍ ។ ជាមួយគ្នានេះ វិស័យទេសចរណ៍បានបង្កើតនូវប្រភពចំណូល និងធនធាន ដែលអាចគាំទ្រ និងពង្រឹងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ក្នុងយុគសម័យនៃភាពច្នៃប្រឌិត និងសាកលភាវូបនីយកម្ម ហើយទេសចរណ៍ និងវប្បធម៌ ផ្សាភ្ជាប់គ្នាតាមរយៈសក្កានុពលនៃកំណើនវិស័យទាំងពីរផងដែរ ។ វប្បធម៌ និងឧស្សាហកម្មសិល្បៈច្នៃប្រឌិត ត្រូវបានកំពុងប្រើប្រាស់កាន់តែខ្លាំងឡើងដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍នីមួយៗ។ ការប្រើប្រាស់ និងការច្នៃប្រឌិតវប្បធម៌ដើម្បីបង្កើនភាពទាក់ទាញនៃទីផ្សារទេសចរណ៍ បានជម្រុញមានភាពសម្បូរបែបនៃអត្តសញ្ញាណក្នុងតំបន់ និងលើកស្ទួយរូបភាពនៃគោលដៅទេសចរណ៍។

ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *