ពោធិសាត់៖ មន្ទីរធម្មការនិងសាសនាខេត្ត និងសាលាគណខេត្តក្រោមការជួយឧបត្ថម្ភពីព្រះមេគណខេត្តអនុគុណស្រុក ក្រុង ចៅអធិការវត្ត និងព្រះចៅអធិការវត្តបាកាន បានរៀបចំដំណើរការប្រឡងវិញ្ញាបនបត្រធម្មវិន័យ ថ្នាក់ត្រី ថ្នាក់ទោនិងថ្នាក់ឯក នាថ្ងៃអាទិត្យ៤កើតខែបុស្ស ឆ្នាំថោះបញ្ចស័កពុទ្ធសករាជ២៥៦៧ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។
ពិធីនេះបានប្រារព្ធធ្វើនៅសាលាបឋមសិក្សានិងអនុវិទ្យាល័យហ៊ុន សែន បាកាន ស្ថិតក្នុងវត្តបាកាន ឃុំត្រពាំងជង ស្រុកបាកានខេត្តពោធិ៍សាត់ដោយបានការនិមន្តចូលរួមបើកវិញ្ញាសារដោយ ព្រះព្រហ្មភិរ័ត កែវ កន ព្រះរាជាថ្នាក់កិត្តិស ព្រះពោធិវង្សាវិមល ព្រះមេគណខេត្តនិងជាព្រះចៅអធិការវត្តកែវវិជ័យ លោក អែម សុធា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តលោក គួន គីម និង លោកហ៊ឹម ស្រ៊ី តំណាងក្រសួងធម្មការនិងសាសនា ព្រមទាំងព្រះមន្ត្រីសង្ឃនិងមន្ត្រីរាជការមន្ទីរធម្មការនិងសាសនាខេត្តជាច្រើនទៀត។
លោក អែម សុធា ប្រធានមន្ទីរ ធម្មការនិងសាសនាខេត្តពោធិ៍សាត់ បានលើកឡើងថា ដោយអនុវត្តទៅតាមសារាចរណែនាំ របស់ក្រសួងធម្មការនិងសាសនាស្តីពីការប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី ថ្នាក់ទោនិងថ្នាក់ឯកក្នុងឆ្នាំសិក្សា២០២៣-២០២៤ឱ្យ មានលក្ខណៈប្រសសើរនោះសាលាគណខេត្តនិងមន្ទីរធម្មការនិងសាសនាខេត្ត បានជ្រើសរើសយកសាលាបឋមសិក្សានិងអនុវីទ្យា ល័យហ៊ុន សែនបាកានសម្រាប់មណ្ឌលប្រឡងនិងមានចំនួន២១បន្ទប់។បេក្ខជនជាសមណសិស្សបានចុះឈ្មោះប្រឡងមានចំនួន៥៣៨អង្គ/នាក់ ក្នុងនោះចែកចេញថ្នាក់ត្រីមាន១៤បន្ទប់ សមណសិស្សចំនួន៣៧៥អង្គ/នាក់ ថ្នាក់ទោមាន៤បន្ទប់ សមណសិស្សចំនួន៩៨អង្គ/នាក់និងថ្នាក់ឯកមាន៣បន្ទប់សមណសិស្សចំនួន៦៥អង្គ/នាក់ មាន៤មុខវិជ្ជាគឺ១-ប្រជុំកងធម៌ ២-ពុទ្ធប្រវត្តិ៣-សាសនសុភាសិតនិង៤-ព្រះវិន័យក្នុងរយៈពេលពេញមួយថ្ងៃ។
ព្រះព្រហ្មភិរ័ត កែវ កន ព្រះរាជាថ្នាក់កិត្តិស ព្រះពោធិវង្សាវិមល ព្រះមេគណខេត្តនិងជាព្រះចៅអធិការវត្តកែវវិជ័យ មានព្រះថេរៈដិកាជូនដល់បេក្ខជនជាសមណសិស្សដែលបាននិមន្តនិងអញ្ជើញមកពីគ្រប់បណ្តាវត្តទូទាំងខេត្តប្រឡងក្នុងគោលបំណងវាស់នូវកម្រិតសមត្ថភាព ចំណេះដឹង លើផ្នែកបាលី អក្សរសាស្ត្រ គណិតវិទ្យានិងព្រះវិន័យដែលបានសិក្សារៀនសូត្រអស់រយៈពេលមួយឆ្នាំកន្លងមក។
ព្រះមេគណខេត្តមានថេរៈដិកាថា ដើម្បីឱ្យកិច្ចដំណើរការប្រឡងវិញ្ញាបនបត្រថ្នាក់ត្រី ទោនិងឯកឆ្នាំនេះប្រព្រឹត្តទៅមានភាពរលូននិងមានតម្លាភាពនោះសូមឱ្យសមណសិស្សទាំងអស់គោរពនិងអនុវត្តទៅតាមការណែនាំរបស់ក្រសួងធម្មការនិងសាសនា បើមានករណីរកឃើញមានការក្លែងបន្លំទៅលើអ្វីមួយផ្ទុយពីគោលការណ៍ត្រូវប្រឈមចំពោះមុខច្បាប់។
ចំពោះប្រធានមណ្ឌល អនុរក្ស មេប្រយោគគប្បីពិនិត្យនិងយកចិត្តទុកដាក់អនុវត្តទៅតាមតួនាទីភារកិច្ចក្នុងការប្រឡងនេះឱ្យបានល្អ ព្រោះថា ការប្រឡងគឺទាមទា នូវសមត្ថភាព និងគុណភាព សម្រាប់បន្តការសិក្សាថ្នាក់ខាងមុខជាបន្តបន្ទាប់ទៀត។
គួរយល់ឃើញថា ការបណ្តុះធនធានមនុស្សតាមរយៈវិស័យព្រះពុទ្ធសាសនាពិតជាមានសារៈសំខាន់ណាស់ ពីព្រោះព្រះសង្ឃមានតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សា អភិរក្សនិងលើកកម្ពស់អក្សរសាស្ត្រជាតិនិងបណ្តុះនូវផ្លូវកាយ ផ្លូវចិត្ត បញ្ញាស្មារតី មានគុណធម៌ សីលធម៌ សុជីវធម៌និងចរិយាធម៌នៅក្នុងសង្គម ជាតិយើងនាពេលបច្ចុប្បន្ននិងទៅថ្ងៃអនាគត់។
ក្នុងនាមព្រះមេគណខេត្ត ក៏មានថេរដិកាថ្លែងអំណរគុណចំពោះមន្ត្រីក្រសួងនិងមន្ទីរ ធម្មការនិងសាសនា ព្រះមន្ត្រីសង្ឃ ព្រះសង្ឃគ្រប់ស្រុក ក្រុងនិងគ្រប់វត្ត ពុទ្ធបរិស័ទទីជិតឆ្ងាយជាពិសេសព្រះគ្រូចៅអធិការវត្តបាកាន ដែលបានចាត់ចែងនិងទទួលរៀបចំគ្រប់បែបយ៉ាងជូនដល់បេក្ខជនសមណសិស្សទាំង៥៣៨អង្គ/នាក់ដែលមកប្រឡង គឺឆ្លុះបញ្ចាំងឱ្យ ឃើញអំពីកម្លាំងសាមគ្គីយ៉ាងល្អហើយសង្ឃឹមថាទៅឆ្នាំខាងមុខសូមឱ្យមានការចូលរួមគាំទ្រទាំងស្មារតី សម្ភារៈ ថវិកាបន្តទៀតព្រោះថាការប្រឡងធម្មវិន័យតែងតែប្រារព្ធជារៀងរាល់ឆ្នាំមិនដែលខកខាននោះឡើយ។