ពិធីប្រគល់វិញ្ញាបនបត្រ បណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ជូនសិស្សានុសិស្សជ័យលាភី ឆ្នាំសិក្សា ២០២២-២០២៣ នៃសាលាអន្តរជាតិភ្យូឆឺរប្រាយ ខេត្តសៀមរាប

សៀមរាប៖ នៅចុងសប្តាហ៍ថ្ងៃទី ១៣ ខែ មករា ឆ្នាំ២០២៤ នៅសាលសន្និសីទ្ធ នៃសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប មានធ្វើពិធីប្រគល់ជ័យលាភីដល់សិស្សឆ្នើម និង គ្រូបង្រៀនឆ្នើម និង វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ប័ណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តដល់សិស្ស នៃសាលាអន្តរជាតិភ្យូឆឺរប្រាយ ខេត្តសៀមរាប ក្រោមអធិបតីភាពលោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិ បាលខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក សៀង សុវណ្ណា ប្រធានក្រុមប្រឹក្សាភិបាល សាលាអន្តរជាតិភ្យូឆឺរប្រាយ រួមទាំងអស់លោក លោកស្រីគ្រូសាស្ត្រាចារ្យ មាតាបិតា អាណាព្យាបាលសិស្ស និង សិស្សានុសិស្ស សរុប ១ពាន់២០០នាក់ចូលរួម ។
ក្នុងកិច្ចស្វាគមន៍របស់លោក ម៉ាន់ វុឌី្ឍ ប្រធាននាយកដ្ឋាននៃសាលាអន្តរជាតិភ្យូឆឺរប្រាយ បានបញ្ជាក់ឲ្យដឹងថា សិស្សានុសិស្សនៃសាលាអន្តរជាតិភ្យូឆឺរប្រាយ ទទួលបាននិទ្ទេស A និង សិស្សជ័យលាភី ត្រូវទទួលវិញ្ញាបនបត្របណ្តោះ អាសន្នមធ្យមសិក្សាទុតិយភូមិ និទ្ទេស A-B-C មានចំនួន៩០នាក់ និងគ្រូបង្រៀនសិស្សជ័យលាភីទទួលនិទ្ទេស A ចំនួន១៤នាក់ និង សិស្សនិទ្ទេស A ២១នាក់ និង និទ្ទេស B ៣៤នាក់ និទ្ទេស C៣៥នាក់។
មានប្រសាសន៍សំណេះសំណាលនោះដែរលោក ពិន ប្រាកដ ក្នុងនាមអាជ្ញាធរខេត្ត ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះសាលាអន្តរជាតិភ្យូឆឺរប្រាយ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល លើការវិនិយោគមូលធនបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ដោយមានលោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យឆ្នើម ក្នុងការបង្ហាត់បង្រៀនដល់សិស្ស ។ ម៉្យាងវិញទៀត បើគិត ពីចំណាត់ថ្នាក់នៃសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២២.២០២៣ មានចំណាត់ថ្នាក់ល្អ បន្ទាប់ពីវិទ្យាល័យ ១០មករា ១៩៧៩ ។ លោកអភិបាលរងខេត្តបានគូសបញ្ជាក់ថា យើងមានកត្តា៥យ៉ាងដែលមិនត្រូវមើលរំលងនោះ គឺកត្តាមាតាបិតា អាណាព្យាបាល ដែលបានគាំទ្រទំនុកបម្រុងគ្រប់យ៉ាង និងផ្តល់កម្លាំងចិត្តដល់ការសិក្សា របស់កូនៗ និង កត្តាសាលារៀនដែលមានការគ្រប់គ្រង និង រៀបចំប្រព័ន្ធអប់រំល្អ មានកម្មវិធីសិក្សាឆ្លើយតបទៅនឹងកម្មវិធី សិក្សាអប់រំជាតិ ការធ្វើសមាហរណកម្មកម្មវិធីសិក្សារបស់ខ្លួន ចូលទៅក្នុងសហគមន៍អាស៊ាន និង កត្តាខ្លួនឯងជាសិស្ស បានខិតខំយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រនិងបំពេញតួនាទីជាកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ ដែលជាកោសិកា របស់សង្គមនាថ្ងៃអនាគត និង កត្តាគ្រូបង្រៀនដែលបានខិតខំសិក្សាស្រាវជ្រាវ ចងក្រឯកសារក្នុងការបង្រៀន និង ផ្ទេរចំណេះដឹងដល់សិស្ស និង កត្តាប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ដែលជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ លោកបាន បន្តទៀតថា វិស័យអប់រំ មានតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការ អភិវឌ្ឍជាតិ ដោយកុមារ យុវជន និងមនុស្សពេញវ័យ ត្រូវទទួលបានការសិក្សា និងការអប់រំពេញមួយជីវិត ដែលមានភាពពាក់ព័ន្ធ និង ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ប្រកបដោយគុណភាពខ្ពស់ ហើយការអប់រំ ត្រូវផ្តោតលើការកសាងជំនាញ និងការផ្តល់ឱកាស ដល់សិស្សគ្រប់រូប ក្នុងការទទួលបាននូវចំណេះដឹងមូលដ្ឋាន ដើម្បីឈានទៅសិក្សាលើចំណេះជំនាញបច្ចេកទេស និងជំនាញឯកទេសផ្សេងៗ ដើម្បីសម្រេចបានការអភិវឌ្ឍ ដែលផ្តល់អត្ថប្រយោជន៍ពេញ លេញដល់គ្រប់ស្រទាប់យុវជន ក្នុងការកសាងអនាគតរបស់ខ្លួនប្រកប ដោយគុណភាព ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ផ្តោតលើវិស័យអប់រំជាវិស័យអាទិភាព ។ លោកបានបន្តទៀតថា ភាពជោគជ័យពិតប្រាកដរបស់ប្អូនៗ មិនមែនត្រឹមតែមានចំណេះដឹងសម្រាប់ខ្លួនម្នាក់ៗប៉ុណ្ណោះទេ តែលទ្ធផលការងារសីលធម៌ សុជីវធម៌ គុណធម៌ គឺជាលក្ខណៈសម្បត្តិ និង ជាលក្ខខណ្ឌចាំបាច់ មិនអាចខ្វះបាន គឺជាពិន្ទុសម្រាប់វាស់ស្ទង់ នូវភាពជោគជ័យ ពិតប្រាកដ ។ លោកអភិបាលរងខេត្តក៏បានផ្តាំផ្ញើដល់ប្អូនៗក្មួយៗទាំងអស់ ត្រូវតែខិតខំហ្វឹកហ្វឺនរៀនសូត្របន្តថែមទៀត លើមុខវិជ្ជាផ្សេងៗ ដើម្បីបង្កើនសមត្ថភាព ចំណេះដឹង ចំណេះធ្វើ ឈានឲ្យទាន់សភាព ការណ៍ វិវត្តន៍រីកចម្រើនរបស់សង្គមជាតិ ហើយស្របពេលគ្នានេះដែរ ក៏ត្រូវប្រកាន់ខ្ជាប់នូវវិន័យ សេចក្តីថ្លៃថ្នូរ និងរក្សាសាមគ្គីភាពនៅក្នុងគ្រប់មជ្ឈដ្ឋានជីវភាពរស់នៅ ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អមានប្រយោជន៍សម្រាប់សង្គជាតិកម្ពុជា ឆ្ពោះទៅគោលដៅចក្ខុវិស័យឆ្នាំ២០៣០ ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ប្រទេសដែលមានប្រាក់ចំណូល ខ្ពស់ ។ ដើមី្បសម្រេចបានគោលដៅរបស់រាជរដ្ឋាភិបាល សាលាអន្តរជាតិភ្យូឆឺរប្រាយ បន្តខិតខំលើកការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពស្តង់ដារជាតិ និង អន្តរជាតិ ក្នុងការឆ្លើយតបទៅនឹងបរិបទអប់់រំអាស៊ាន និង អន្តរជាតិ សំខាន់អភិវឌ្ឍធនធានបុគ្គលិកសិក្សាឲ្យមានគុណវឌ្ឍ មានសមត្ថភាពពេញលេញ ដែលនាំឲ្យសិស្សមានលក្ខណៈសម្បត្តិ ពេញលេញ ប្រកបដោយភាពរីកចម្រើន និង សូមឲ្យសិស្សទាំងអស់ត្រូវខិតខំសិក្សាបន្ត ដើមី្បទទួលបានចំណេះដឹង និងជំនាញទៅបម្រើការងារពេលអនាគត ចូលរួមចំណែកអភិវឌ្ឍសហគមន៍ និង សង្គមជាតិយើង ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *