គណកម្មាធិការគណបក្ស ស្រុកភ្នំក្រវាញបានរៀបចំពិធីជួបជុំ សំណេះ សំណាល អបអរខួបលើកទី៤៥

ពោធិសាត់៖ ដោយបានការជួយ ឧបត្ថម្ភពីក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកនោះ គណៈកម្មាធិការគណបក្សប្រជាជន កម្ពុជាស្រុកភ្នំក្រវាញ បានរៀបចំពិធីជួបជុំនិងសំណេះសំណាលជាមួយសកម្មជនក្នុងមូលដ្ឋានជាង៦០០នាក់ ដែលបានប្រារព្ធធ្វើឡើងនៅបរិវេណទិលានបាល់ទាត់វិទ្យាល័យហ៊ុន សែនក្រវាញ នារាត្រីថ្ងៃទី១២ខែមករាឆ្នាំ២០២៤ ដើម្បីគោរពដឹងគុណចំពោះ កម្មាភិបាល យុទ្ធជន យុទ្ធនារីដែលបានបាត់បង់អាយុជីវិតក្នុងបុព្វហេតុជាតិមាតុភូមិនិងចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ប៉ុល ពត(៧មករា១៩៧៩-៧មករា២០២៤)។

ពិធីនេះបានការអញ្ជើញចូលរួមពីឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជានិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ ឯកឧត្តម ទី ថានី តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមណ្ឌលពោធិ៍សាត់ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីក្រុមការងារថ្នាក់ជាតិ ថ្នាក់ស្រុក ឃុំនិងសកម្មជនគណបក្សមូលដ្ឋាន។

បន្ទាប់ពីថ្នាក់ដឹកនាំបូជាផ្លែឈើនិងអុជធូបទៀនគោរពវិញ្ញាណក្ខន្ធ រម្លឹកដឹងគុណចំពោះកម្មាភិបាល យុទ្ធជន យុទ្ធនារីនិងអ្នកស្នេហាជាតិដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិនិងប្រជាជននោះរួចមក ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនី កម្ពុជានិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញនិងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាល ខេត្តនិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ បានថ្លែងសំណេះសំណាលដោយបានបញ្ចាក់ថា ថ្ងៃ៧មករាឆ្នាំ២០២៤នេះគឺជាថ្ងៃគប្រប់ខួបលើកទី៤៥ឆ្នាំនៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាលើរបបប្រល័យពូជសាសន៍ប៉ុល ពត ដែលធ្វើឱ្យប្រជាជាតិខ្មែរបានរស់រានមានជីវិតឡើងវិញនិងរួចផុតពីការធ្វើទារុណកម្ម និងកាប់សម្លាប់យ៉ាង សាហាវយង់ឃ្នងបំផុត។ជ័យជម្នះ៧មករា១៩៧៩ បានដណ្តើមមកវិញនិងបើកឡើងនូវសករាជថ្មីគឺឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យនិងវឌ្ឍនភាពសង្គមនិងឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមម្លប់សន្តិភាព។

ការប្រារព្ធទិវាជាប្រវត្តិ សាស្រ្តនេះក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈ របស់កម្មាភិបាល វីរៈយុទ្ធជន យុទ្ធនារីនិងកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបាន ប្រយុទ្ធនិងធ្វើពលីកម្មនិងសូមលំឱនកាយសង្រួមចិត្តគោរពដល់ដួងវិញ្ញាណក្ខ័ន្ធជនរួមជាតិជាង៣លាននាក់បានទៅសោយសុគតិ ភពជារៀងរហូត។

ឯកឧត្តម បានថ្លែងបញ្ជាក់ថា កម្ពុជានិយាយរួមដោយឡែកនៅស្រុកភ្នំក្រវាញក៏ដូចទូទាំងខេត្តពោធិ៍សាត់យើងមានថ្ងៃនេះគឺពិតជាផ្តើមចេញពីជោគជ័យ៧មករា បើគ្មានជ័យជម្នះ៧មករាយើងពិតជាមិនអាចមានអ្វីៗដូចថ្ងៃនេះឡើយនេះជាសច្ចធម៌ប្រវត្តិសាស្ត្រ។ ឆ្លងកាត់ក្នុងរយៈពេល៤៥ឆ្នាំ គណបក្សប្រជាជនកម្ពុជា បានផ្សាភ្ជាប់ រួមសុខ រួមទុក្ខ ពុះពារគ្រប់ឧបសគ្គនិងសម្រេចបាននូវគោលបំណងដ៏ឧត្តុង្គឧត្តម ជូនជាតិនិងប្រជាជនព្រមទាំងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់កការអភិវឌ្ឍន៍ប្រកបដោយចីរភាព បរិយាបន្ន និងសីលធម៌ ដើម្បីសម្រេចនូវចក្ខុវិស័យរយៈពេលមធ្យមរបស់កម្ពុជានៅឆ្នាំ២០៣០ និងរយៈពេលវែងនៅឆ្នាំ២០៥០។

ដោយឡែកនៅក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជាក៏ដូចរដ្ឋបាលខេត្ត ពោធិ៍សាត់ ប្តូរផ្តាច់ថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គមឱ្យបានរឹងមាំ ស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិ បាលនីតិកាលទី័៧នៃរដ្ឋសភា ។

ជាមួយគ្នានោះឯកឧត្តម បានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ ក្នុងការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានខេត្ត ស្រុកឃុំភូមិសំដៅធ្វើយ៉ាងណាឱ្យប្រជាជនសង្ឃឹមនិងជឿទុកចិត្តមកលើក្រុមការងារ របសគណបក្សប្រជាជនកម្ពុជាគ្រប់ផ្នែក គ្រប់ថ្នាក់កាន់តែ ស៊ីជម្រៅនិងមុតស្រួច ។

តាមរយៈនេះឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះក្រុមការងារនិងសកម្មជនទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តនិងជួយឧបត្ថម្ភទាំងថវិកាសម្ភារៈគាំទ្រដល់បុព្វហេតុដ៏យុត្តិធម៌របស់ប្រជាជននៅក្នុងមូលដ្ឋាន ហើយក្នុងឱកាសនោះឯកឧត្តម លោកជំទាវ លោក លោកស្រីបានចូលរួមបង្ហោះគោមចំនួន៤៥ដើម្បីអបអរសាទរគម្រប់ខួបលើកទី៤៥ឆ្នាំនាពេលនោះផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *