ពោធិសាត់៖ មន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវតិសម្បទាខេត្ត បានបើកវគ្គបណ្តុះបណ្តាលស្តីពីការបើកផ្តល់ប្រាក់ សម្រាប់កម្មវិធីជាតិជំនួយសង្គមអំពីជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យជូនដល់អាជ្ញាធរ ស្រុក ក្រុង ឃុំ សង្កាត់ចំនួន១៣២នាក់ ដែលបានប្រារព្ធធ្វើនៅសាលប្រជុំរបស់មន្ទីរ នាព្រឹកថ្ងៃទី១២ខែមករា ឆ្នាំ២០២៤ក្រោមវត្តមានលោកស្រី ប៉ុក ណាឌី អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់។
លោក អៀង ហុង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទាខេត្ត បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះមានគោលបំណង បង្កើនការយល់ដឹងដល់អ្នកពាក់ព័ន្ធអំពីកម្មវិធីជួយឱ្យយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ទទួលបានព័ត៌មានក្នុងការចូលរួមបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បច្ចេកទេស ផ្តល់ប្រាក់ឧបត្ថម្ភ លើកទឹកចិត្តដើម្បីស្វែងរកឱកាសការងារកាន់តែប្រសើរ។ លោកបានបង្ហាញថា ខេត្តពោធិ៍សាត់មានគ្រួសារក្រីក្រចំនួន២៨.០៦៣គ្រួសារ ស្ត្រីមានផ្ទៃពោះក្នុងគ្រួសារក្រីក្រចំនួន៦.៨២៨នាក់ កុមារចំនួន២.២៨៣នាក់ រងគ្រោះទឹកជំនន់ចំនួន៣.៧៥៩គ្រួសារ រងផលប៉ះពាល់អតិផរណាចំនួន១៣.៨៥៩ គ្រួសារ អតីតយុទ្ធជនទទួលរបបពីរដ្ឋចំនួន៥.៤៥៦នាក់ និវត្តជនមន្ត្រីរាជការស៊ីវិល ចំនួន១.៦២០នាក់ ជនមានពិការភាព២១.៣៧៥នាក់ កុមារនៅក្នុងមណ្ឌល១៣២នាក់និង អនីតិជនជំទាស់នឹងច្បាប់ចំនួន៣៨នាក់ ។
ក្រៅពីនោះនៅមានមុខសញ្ញាជាច្រើនទៀតដូចជាមនុស្សចាស់គ្មានទីពឹង ជនអនាថានិងអ្នកផ្ទុកមេរោគអេដស៍ត្រូវទាមទាឱ្យមន្ទីរសង្គមកិច្ច មន្ទីរផែនការ មន្ទីរសុខា ភិបាលនិងមន្ទីរការងារនិងអាជ្ញាធរមូលដ្ឋានត្រូវសាមគ្គីគ្នានិងធ្វើការដោះស្រាយ។
លោក ស្រី ប៉ុកណាឌី អភិបាលរងនៃគណៈអភិបាលខេត្ត បានថ្លែងក្នុងពិធីបើកវគ្គនោះថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់នូវគោលនយោបាយអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គមដែលធានានូវប្រសិទ្ធិភាពបរិយាបន្នសម្រាប់ប្រជាជនកម្ពុជាដើម្បីលើក កម្ពស់ការកសាងនិងអភិវឌ្ឍន៍មូលធនមនុស្សនិងសុខុមាលភាព។
នេះគឺជាការរួមចំណែកកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍សេដ កិច្ចប្រកបដោយចីរភាពស្របតាមចក្ខុវិស័យនិងឈានទៅសម្រេចបានជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
ការដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យកាលពីថ្ងៃទី៥ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនាមអាជ្ញាធរខេត្តលោកស្រីសូមឱ្យវគ្គបណ្តុះបណ្តាលនេះ ធ្វើបទបង្ហាញនិងផ្សព្វផ្សាយ សម្របសម្រួល និងដាក់បញ្ចូលកម្មវិធីជារបៀបវារៈក្នុងកិច្ចប្រជុំក្រុម ប្រឹក្សាស្រុក ក្រុង និងឃុំ សង្កាត់ ព្រមទាំងរាយការណ៍លទ្ធផលនៃការអនុវត្តឱ្យបានជាប់ជាប្រចាំ ៕