វគ្គបណ្តុះបណ្តាល ស្តីពីយន្តការអនុវត្ត ការបើកផ្តល់ប្រាក់ឧបត្ថម្ភ សម្រាប់កម្មវិធីជាតិ ជំនួយសង្គម

សៀមរាប៖ មានបើកវគ្គបណ្តុះបណ្តាល ស្តីពីយន្តការអនុវត្តការបើកផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កម្មវិធីជាតិជំនួយសង្គម ផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និង ងាយរងហានីភ័យ ក្រោមអធិបតីភាព លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង លោកជំទាវ ស៊ិន ណម ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចស្រ្តី និង កុមារ នៃក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាសភាពពាក់ព័ន្ធក្រុង ស្រុក ឃុំ សង្កាត់ ជាមន្ត្រីបង្គោលទទួលបន្ទុកការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត និង អង្គការដៃគូពាក់ព័ន្ធ ប្រមាណជា ២០០នាក់ចូលរួម នៅព្រឹកថ្ងៃទី១២ ខែ មករា ឆ្នាំ ២០២៤ នៅសាលប្រជុំសាលាខេត្តសៀមរាប។
វគ្គបណ្តុះបណ្តាលនេះធ្វើឡើង ក្នុងគោលបំណង ផ្តល់ការតម្រង់ទិសដល់ថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តការ ផ្សព្វផ្សាយ ការតាមដានការផ្សព្វផ្សាយ និងការបើកផ្តល់សម្រាប់យុវជនក្នុងគ្រួសារមានប័ណ្ណសមធម៌ និង គ្រួសារ មានបណ្ណសម្គាល់គ្រួសារមានហានីភ័យ ។
បន្ទាប់ពីកិច្ចស្វាគមន៍របស់លោក គង់ សំអឿន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តសៀមរាប ធ្វើសេចក្តីរាយការណ៍ អំពីលទ្ធផល ក្នុងការអនុវត្តការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និង បច្ចេកទេស ក្នុងខេត្តរួចមក ថ្លែងក្នុងកម្មពិធីបើកនោះដែលលោក នាក់ ណេរ៉ុន បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលដែលរៀបចំនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ដល់ស្ថាប័ន អង្គភាពពាក់ព័ន្ធ ដែលក្នុងការអនុវត្តការបើកផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កម្មវិធីជាតិជំនួយសង្គម ផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និង ងាយរងហានីភ័យ ហើយក៏ជាឱកាសសម្រាប់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និង មន្ត្រីបង្គោល ក្នុងការធ្វើវឌ្ឍនភាព បញ្ហាប្រឈម ដំណោះស្រាយ និង ផែនការបន្តរបស់ខ្លួន ដើម្បីជាមូលដ្ឋានក្នុងការពង្រឹងការអនុវត្តការងារការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និង បច្ចេកទេស ដល់យុវជននៃគ្រួសារក្រីក្រ និងងាយរង ហានីភ័យ តាមរយៈការផ្សព្វផ្សាយ និងជួយគាំទ្រដល់ផ្នែកតម្រូវការ(ប្រជាពលរដ្ឋ) ឲ្យយល់ច្បាស់ និងចូលរួមក្នុងកិច្ចការងារនេះ ។ លោកអភិបាលរងខេត្តបានលើកផងដែរ ពីគោលនយោបាយយុទ្ធសាស្ត្រ បញ្ចកោណ របស់រាជរដ្ឋាភិបាល ក្រោមកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តោតខ្ពស់លើកមូលធនមនុស្ស ដែលជាអាទិភាពគន្លឹះទីមួយសម្រាប់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្នុងការជម្រុញសេដ្ឋកិច្ចឲ្យសម្រេចបាន នូវគោលដៅរបស់កម្ពុជានៅឆ្នាំ២០៣០ និង ធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ រាជ រដ្ឋាភិបាលក៏បានផ្តោតលើចក្ខុវិស័យដ៏សំខាន់នេះ សម្តេចមហាបវរធិបតី បានប្រកាសដាក់ឲ្យអនុវត្ត កម្មវិធីបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានីភ័យ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់យុវជនចំនួន១លាន៥សែននាក់មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានីភ័យ ដើមី្ប ទទួលបាននូវចំណេះជំនាញច្បាស់លាស់ និង ក្លាយជាផ្នែកមួយ ក្នុងការជម្រុញសេដ្ឋកិច្ចជាតិ ដោយមានក្រសួង ការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ ក្នុងការបណ្តុះបណ្តាលលើមុខជំនាញចំនួន១០ ក្នុងការសិក្សា ។ ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត ក៏បានលើកនូវអនុសាសន៍ល្អៗមួយចំនួន ជាមូលដ្ឋានគ្រឹះ សម្រាប់មន្ត្រីបង្គោល និង ថ្នាក់មូលដ្ឋាន សម្រាប់យកទៅអនុវត្តចំគោលដៅ ក្នុងការបង្កើននូវមុខ របរ ចំណេះវិជ្ជាជីវៈដល់យុវជនគ្រួសារក្រីក្រ និង ងាយរងហានីភ័យ ក្នុងការបន្តនូវចំណេះដឹងរបស់ខ្លួន ឲ្យក្លាយ ជាធនធានមនុស្សនៅក្នុងសង្គម ។ លោក នាក់ ណេរ៉ុន ក៏បានជម្រុញដល់អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ បង្កើន ក្នុងការផ្សព្វផ្សាយឲ្យបានចូលជ្រៅដល់ប្រជាពលរដ្ឋគ្រួសារក្រីក្រ បានមកចុះឈ្មោះសិក្សានូវមុខជំនាញដែលខ្លួនចងរៀន ។ ម៉្យាងទៀត នៅតាមបណ្តាក្រុង ស្រុក បើមានលទ្ធភាពក្នុងការបង្កើត សាលាបណ្តុះបណ្តាលបាននោះ មន្ទីរនឹងបញ្ចុះគ្រូបបណ្តុះបណ្តាល បច្ចេកទេសដល់ពួកគាត់ ដើមី្បបង្កភាពងាយស្រួលមិនទៅឆ្ងាយផ្ទះរបស់ខ្លួន ។ កត្តាទាំងនេះ ជាគោលដៅក្នុងការអនុវត្តនូវយុទ្ធសាស្ត្រ បញ្ចកោណ របស់រាជរដ្ឋាភិបាល ឲ្យសម្រេចបាន ជោគជ័យ ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *