សៀមរាប៖ ឯកឧត្តម ពៅ ស៊ា អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុកវ៉ារិន និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានឃុំប្រាសាទ ព្រមទាំងក្រុមការងារ បានអញ្ជើញចូលរួមក្នុងកម្មវិធីមីទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ៧មករា ក្រោមអធិបតីភាព ឯកឧត្តម មាស សាវ៉ន ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុកវ៉ារិន ខេត្តសៀមរាប ដែលមានវត្តមានចូលរួមពីព្រះសង្ឃ ឯកឧត្តម លោកជំទាវ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកវ៉ារិន ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក អស់លោក លោកស្រីជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី មេឃុំ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមយុវជនកាកកបាទក្រហមនិង ប្រជាពលរដ្ឋប្រមាណជាង៥០០នាក់ដែលបានចូលរួម នៅថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នៅសាលាស្រុកវ៉ារិនខេត្តសៀមរាប។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម មាស សាវ៉ន បានអានសុន្ទរកថាទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលមានខ្លឹមសារដូចតទៅ និងមានអត្ថន័យដ៏ជ្រាលជ្រៅចំពោះកម្លាំងមហាសាមគ្គីជាតិ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ,សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រទេសកម្ពុជាទាំងមូល ត្រូវបានរំដោះឲ្យរួចចាកផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ពួក ប៉ុល ពត ដ៏សាហាវយង់ឃ្នងនិងបាននាំមកនូវសុខសន្តិភាព សិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ វឌ្ឍនភាពសង្គម នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលប្រជាជនកម្ពុជាទូទាំងប្រទេសចាត់ទុកជាថ្ងៃកំណើតលើកទី២ និងចងចាំជានិច្ចមិនអាចបំភ្លេចបានជារៀងដ៏រាប។ ជាមួយគ្នានេះ ការចូលរួមប្រារព្ធពិធីដ៏មានសារៈសំខាន់នៅថ្ងៃនេះ គឺបានបញ្ជាក់ឲ្យឃើញថា ៤៥ឆ្នាំកន្លងផុតទៅក៏ពិតមែន កម្ពុជាបានរំដោះចេញពីរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ហើយយើងបានមកចូលរួមទាំងអស់គ្នា រំឮកពីទុក្ខសោក និង ការព្រាត់ប្រាស់ក្នុងរបបដ៏ខ្មៅយង់ឃ្នងនៅពេលកន្លងទៅ ហើយយើងអាចមើលឃើញយ៉ាងច្បាស់ជាក់ស្តែងនូវសមិទ្ធិផលដែលយើងទទួលបានពីបាតដៃទទេ រហូតមកដល់បច្ចុប្បន្នដែលកើតចេញពីការតស៊ូ ការលះបង់របស់ថ្នាក់ដឹកនាំ និងបុព្វបុរសរបស់យើង ។ ក្នុងសារលិខិតក៏បានគូសបញ្ជាក់ថា ខួបទិវាជ័យជម្នះ ៧មករាឆ្នាំនេះ ប្រារព្ធឡើងក្នុងសភាពការណ៍ដែលព្រះរាជាណាចក្រកម្ពុជា បានសម្រេចសមិទ្ធផលធំៗថ្មីទៀត លើគ្រប់វិស័យ បន្ទាប់ពីកម្ពុជាបានយកឈ្នះលើសមរភូមិ នៃវិបត្តិកូវិដ១៩ ដែលបង្កលក្ខណៈឲ្យយើង បានបើកប្រទេសឡើងវិញចាប់ចុងឆ្នាំ២០២១ និង បានកំពុងបន្តដំណើរទៅមុខ ប្រកបដោយភាពជឿជាក់ លើមាគ៌ា សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ។ ស្របពេលជាមួយគ្នានេះយើងក៏ត្រូវសម្លឹងមើលទៅអនាគតរបស់កម្ពុជា និង ប្រជាជនកម្ពុជាគ្រប់ជំនាន់ជាបន្តបន្ទាប់ប្រកបដោយក្តីសង្ឃឹម និងភាពជឿជាក់ ។ ក្នុងនាមជាអ្នកបន្តវេនត្រូវមានទំនួលខុសត្រូវខ្ពស់ក្នុងការប្តេជ្ញាថែរក្សាសមិទ្ធផលដែលសម្រេចបានឲ្យគង់វង្សជាដរាប និង ប្តេជ្ញារួមគ្នាការពារដាច់ខាតថែរក្សានូវសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ រួមគ្នាពង្រឹងឯកភាពជាតិ សាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ បង្កើនការរីកចម្រើនប្រកបដោយចីរភាព ដើម្បីធានាបាននូវអនាគតកម្ពុជា និងប្រជាជនកម្ពុជា ក៏ដូចជាអ្នកជំនាន់ក្រោយៗក្នុងការបន្តរស់នៅប្រកបដោយភាពសុខដុមរមនា ។ ក្នុងឱកាលនោះដែរ ឯកឧត្តម មាស សាវ៉ន ក៏បានឧទ្ទិស សូមឲ្យស្មារតីថ្ងៃជ័យ ជម្នះ៧មករា ស្ថិតនៅក្នុងក្រអៅបេះដូងប្រជាពលរដ្ឋគ្រប់រូប និង ជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរស្ថិតនៅជាអមតៈក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍៕