ពិធីក្រុងពាលី រៀបចំពិធីបើក “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤ នៅខេត្តសៀមរាប

សៀមរាប៖ រៀបចំពិធីក្រុងពាលីបើក “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤ នៅខេត្តសៀមរាប ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារ រៀបចំយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤”“ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និង ប្រជាជន កម្ពុជា-ចិន ២០២៤ និង “ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤ និង លោក យុន លីនណេ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ដោយមាន ការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សមាជិកក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងមន្ត្រីរាជការ នៅរសៀលថ្ងៃទី ១២ ខែ មករា ឆ្នាំ២០២៤ នៅបរិវេណព្រលានជល់ដំរី នៃក្រុងអង្គរធំ។
តាមសេចក្តីប្រកាសអំពាវនាវ របស់លោកតាអាចារ្យ ដែលបានប្រសិទ្ធីពិធីការ នាក្នុងឱកាសនោះ ក្នុងការបួងសួងសុំសេចក្តីសុខ គឺជាពិធីបួងសួងនេះត្រូវបានរៀបចំប្រាព្ធឡើង តាមបែបព្រហ្មញ្ញសាសនា ។ តាមរយៈនៃការប្រារព្ធពិធីបួងសួងនេះផងដែរ គឺបានបង្ហាញអំពីវប្បធម៌ ប្រពៃណីរស់នៅរបស់ប្រជាជនខ្មែរ ដែលបានបង្កប់ជ្រៅនៅក្នុងជំនឿនិងសង្គម។ ពិធីបួង សួង ក៏ដូចជាពិធីក្រុងពាលីផងដែរ គឺជាពិធីដែលស្ថិតក្នុងជំនឿតាមបែបព្រលឹងដែល ប្រជាជនខ្មែរយើង មានជំនឿជឿថា នៅលើលោកនេះ អ្នកខ្លាំងពូកែដែលបានចែកស្ថានទៅ ពិតជាបានប្រើប្រាស់ព្រលឹងរបស់ខ្លួន នៅតាមថែរក្សាកូនចៅជំនាន់ក្រោយៗ នឹងមើលការខុសត្រូវដោយឬទ្ធានុភាពជួយគាំទ្រកូនចៅដែលប្រព្រឹត្តិអំពើល្អ និង មានមនសិការស្នេហាជាតិ ស្រឡាញ់ការពារទឹកដីមាតុភូមិ កេរ្តិ៍ដំណែលដូនតាដោយពិតប្រាកដ ។ ការប្រារព្ធពិធីនេះ ក៏បានបង្ហាញអំពីបេះដូងដ៏ទូលំទូលាយរបស់ប្រជាជនខ្មែរ ដែលបានរក្សាប្រពៃណីជំនឿនៃជាតិសាសន៍របស់ខ្លួនតាំងតែពីសម័យកាលដ៏រុងរឿងនៃអាណាចក្រអង្គរ ដែលជាសម័យកាលនៃព្រះមហាក្សត្រខ្មែរដ៏ខ្លាំងពូកែ បានធ្វើសមាហរណកម្មរវាងព្រហ្មញ្ញសាសនា និង ការហូរចូលព្រះពុទ្ធសាសនាមកកាន់កម្ពុជា ។ ក្នុងពិធីក្រុងពលី បួងសួងនេះដែរ លោកគ្រូអាចារ្យ បានធ្វើការបួងសួងបារមី ដ៏ស័ក្តសិទ្ធ ដែលគ្រប់គ្រងថែរក្សាឋានកៃឡាស់ មានព្រះមាតាមេឃាពពកស ព្រះធរណី ព្រះគង្គា និង បារមីព្រះមហាក្សត្រ គ្រប់ជំនាន់ នៃប្រទេសកម្ពុជា ព្រមទាំងបារមីលោកតារាជ្យ ព្រះអង្គចេកព្រះអង្គចម លោកយាយទេព តាដំបងដែក លោកតា ពេជ្រ ព្រះអង្គគោកធ្លក និងបារមីអរុកអរ័ក្សអ្នកថែរក្សនៅប្រាសាទភិមានអាកាស និង មេទ័ពខ្លាំងពូកែគ្រប់ជំនាន់ ដែលគង់ ប្រថាប់ថែរក្សានៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប និង តាមប្រាង្គប្រាសាទនានា តាមជួយថែរក្សាក្នុងរយៈពេលបើក ព្រឹត្តិការណ៍( ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា- ចិន ២០២៤ ) បានប្រព្រឹត្តទៅដោយរលូន មានសុវត្ថិភាពល្អ ដល់ថ្នាក់ដឹកនាំកំពូលៗនៃប្រទេសទាំងពីរ ក៏ដូចក្រុមសិល្បះករ សិល្បះការិនីទាំងពីរប្រទេស ក្នុងពេលសម្តែងឲ្យជួបតែភាព ត្រជាក់ត្រជុំ សុខដុមរមនា កុំឲ្យមានភ្លៀងព្យុះបក់បោក និងការរំខានផ្សេងៗដល់ដំណើរការរៀបចំពិធីនៅទីនេះ ។ ម៉្យាងវិញ ទៀត ក៏សូមឲ្យព្រះអង្គប្រទានពរសព្វសាធុការ និងថ្វាយព្រះពរដល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល, សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ព្រមទាំងបុត្រា បុត្រី, ឯកឧត្តម លោកជំទាវ គណៈអធិបតី សម្តេច ទ្រង់ ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា ឲ្យជួបតែសេចក្តីសុខចម្រើនបរិបូរណ៍ ជៀសផុត ពីជម្ងឺកាចសាហាវទាំងពួង និង កុំឲ្យមានគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗកើតមានឡើង នៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *