ពោធិសាត់៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាខាសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច សាខាខេត្តពោធិ៍សាត់ចំនួន៥៩៥អង្គ/នាក់។
ពិធីនេះបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសិរីមង្គលស្ថិតក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដោយមានការចូលរួមពីប្រតិភូអមដំណើរ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម សាកលវិទ្យាធិការរង លោកអភិបាលរងខេត្ត អភិបាលស្រុក ក្រុង កងកម្លាំងប្រដាប់អាវុធទាំង៣ថ្នាក់ដឹកនាំមន្ទីរ នាយក នាយករង គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យUMEនិងអាណាព្យាបាលនិស្សិតយ៉ាងច្រើនកុះករ។
លោក ម៉ែន សិទ្ធី សាកលវិទ្យាធិការរងសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចសាខាខេត្តពោធិ៍សាត់ បានលើកឡើងថា សាខាសកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច បាននឹងកំពុងធ្វើការបណ្តុះបណ្តាលមូលធនមនុស្ស ឈរលើគោលការណ៍ គុណភាពជាចម្បងរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិនិងឆ្លើយតបតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ននិងអនាគត។
កាល ដើមឡើងមានឈ្មោះជាវិទ្យាស្ថានគ្រប់គ្រងនិងសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០០១ ក្រោយមកប្តូរទៅជាសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចនៅឆ្នាំ២០០៦គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជន។
សាកលវិទ្យាល័យបានផ្តល់នូវសេវា បណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និង បរិញ្ញាបត្ររងលើមហាវិទ្យាល័យ៥ និងជំនាញ រួមមាន១-មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ ២-មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រនិងភាសាបរទេស៣-មហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ៤-មហាវិទ្យាល័យនីតិសាស្ត្រនិងសេដ្ឋកិច្ចនិង៥មហាវិទ្យាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ។លោកបានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០០១រហូតមកដល់ឆ្នាំ២០២៤សាខាទទួលបាននិសិ្សតចូលសិក្សាមានចំនួន៤.១២៥អង្គ/នាក់ ក្នុងនោះបរិញ្ញាបត្ររងចំនួន៦០៣អង្គ/នាក់ បរិញ្ញាបត្រចំនួន៣.៣០៥អង្គ/នាក់ បរិញ្ញាបត្រជាន់ខ្ពស់២១៧អង្គ/នាក់ កំពុងសិក្សាក្នុងឆ្នាំ២០២៣-២០២៤ទាំង៣កម្រិតមានចំនួន៧៣៧អង្គ/នាក់និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនាពេលនេះមានចំនួន៥៩៥អង្គ/នាក់។
ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវការសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងចូលរួមអបអរសាទរ កោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចសាខាខេត្តេពោធិ៍សាត់ ដែលសម្រេចបាននូវលទ្ធផលគួជាទីមោទនៈនាពេលនេះ។
ការបណ្តុះបណ្តាលនិស្សិតប្រកបដោយគុណភាព ពុទ្ធិ និងសីលធម៌ខ្ពស់ឱ្យ ក្លាយជាទំពាំងស្នងឬស្សីនិងជាអ្នកបន្តវេនដ៏មានសក្តានុពលទៅថ្ងៃអនាគត ដើម្បីរួមចំណែកអភិវឌ្ឍន៍ជាតិ មាតុភូមិ លើកស្ទួយកិត្យានុភាពជាតិនិងកសាងសង្គមកម្ពុជាមួយដែលមានភាពទំនើប ស៊ីវិល័យក្នុងយុគសម័យសង្គមសេដ្ឋកិច្ចឌីជីថល។ក្នុងអំឡុងនេះ ក្រសួងអប់រំយុវជននិងកីឡាបានខិតខំកំណែទម្រង់ការអប់រំនៅឧត្តមសិក្សាឱ្យមានស្តង់ដាជាតិនិងអន្តរជាតិក្នុងនោះពង្រឹងសមត្ថភាពគ្រូនិងវិធីសាស្ត្របង្រៀនឱ្យស្របនឹងយុគស័យ លើកកម្ពស់ការស្រាវជ្រាវ និងនវានុវន្តន៍និងអភិបាលកិច្ចល្អនៅតាមគ្រឹះស្ថាន ឧត្តមសិក្សា ។
ឯកឧត្តមបណ្ឌិតសភាចារ្យបានថ្លែងទៀតថា ក្នុងអាណត្តិកន្លងនិងអាណត្តិទី៧នៃរដ្ឋសភា នៅតែបន្តយ៉ាងខ្លាំងលើ វិស័យអប់រំ ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្សក្នុងការលើកស្ទួយកម្រិតជំនាញរបស់និស្សិតឱ្យឆ្លើយតបតាមតម្រូវការការទីផ្សារពលកម្ម។
ដោយចាត់ទុកថា គ្រឺះស្ថានឧត្តមសិក្សាឯកជនជាដៃគូនិងជាតួអង្គយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍន៍ធនធាន មនុស្សនៅកម្រិតឧត្តមសិក្សាដល់យុវជនដែលជាទំពាំងស្នងឬស្សីសម្រាប់បន្តវេន។
តាមរយៈសូមផ្តល់អនុសាសន៍មួយចំនួនដើម្បី យកទៅអនុវត្តគឺបន្តលើកកម្ពស់គុណភាពអប់រំ កែលម្អហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានស្អាត បន្ថែមជំនាញដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ផ្សារភ្ជាប់ទំនាក់ទំនងរវាងសាកលវិទ្យាល័យនិងគ្រឹះស្ថានចំណេះទូទៅនិងបណ្តុះបណ្តាលទៅនឹងការងារធុរកិច្ចជំនាន់ថ្មី។ ម៉្យាងទៀតសូមផ្តាំផ្ញើដល់និស្សិត នឹងយកចំណេះដឹងដែលទទួលបានទៅអនុវត្តការងារនៅក្នុងស្ថាប័នរដ្ឋ វិស័យឯកជនឬអង្គការជាតិ អន្តរជាតិ ដកស្រង់បទពិសោធន៍និងសិក្សាស្រាវជ្រាវ ឆ្នៃប្រឌិតស្របតាមស្ថានភាពនិងកាលៈទេសៈ ឯកឧត្តម សង្ឃឹមថា ក្មួយៗរួមទាំងអាណាព្យាបាលត្រូវខិតខំជម្នះនូវរាល់ឧបសគ្គដើម្បីខ្លួននិងគ្រួសាឱ្យស័គ្គិសមជាពលរដ្ឋល្អ គ្រួសារល្អ បុគ្គលល្អក្នុងសង្គម។
ក្មួយៗត្រូវគិតថា ការប្រើនូវជំនាញ ចំណេះដឹង ចំណេះធ្វើដែលប្រកបដោយមនសិក្សាវិជ្ជាជីវៈជាកត្តាសំខាន់សម្រាប់មនុស្សយើងម្នាក់ៗ ហើយត្រូវចងចាំថាការសិក្សាអប់រំគឺគ្មានទីបញ្ចប់នោះទេ ដើម្បីក្លាយជាបញ្ញវន្តពិតយកតូវបន្តសិក្សារៀនសូត្រដោយខ្លួនឯង និងត្រង់ត្រាប់ស្តាប់យកនូវរាល់ចំណេះដឹង ដុះខាត់រំលឹកឡើងវិញជាប្រចាំទើបអាចក្លាយខ្លួនជាអ្នកមានចំណេះដឹងពិតប្រាកដ ព្រមទាំងបានអញ្ជើញប្រគល់ជូនសញ្ញាបត្រដល់និស្សិតជ័យលាភីទាំង៣កម្រិតនាពេលនោះផងដែរ៕