កិច្ចប្រជុំពិភាក្សា លើទីតាំងស្នើសុំ គោលការស្តារស្ទឹងពោធិ៍សាត់ ផ្នែកខាងក្រោម ក្នុងភូមិសាស្ត្រ ឃុំកញ្ជរ ស្រុកកណ្តៀង

ពោធិសាត់៖ កិច្ចប្រជុំ បានប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០២៤ដើម្បីពិភាក្សាទៅលើទីតាំងសម្រាប់ស្នើសុំគោលការស្តារស្ទឹងពោធិ៍សាត់ផ្នែកខាងក្រោមចំនួន២កន្លែងស្ថិតក្នុងភូមិសាស្ត្រឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលបច្ចុប្បន្នមានសភាពគោករាក មិនមានទឹកប្រើប្រាស់ និងសម្រួលផ្លូវទឹក កាត់បន្ថយការលិចលង់នៅក្នុងរដូវវស្សា ស្ថិតក្រោមវត្តមាន លោក ងួន ប៉ោសេង អភិបាលរងខេត្តនិងមានការចូលរួមពីក្រុមការងារក្រសួងរ៉ែនិងថាមពល តំណាងមន្ទីរ អាជ្ញាធរស្រុក ឃុំនិងសហគមន៍នេសាទពាក់ព័ន្ធ។

លោក ងួន ប៉ោសេង អភិបាលរងនៃគណៈអភិបាលខេត្ត បានជម្រាបជូនថា គោលបំណងនៃកិច្ចប្រជុំគឺពាក់ព័ន្ធទៅនឹងគម្រោងស្នើសុំគោលការណ៍បូមស្តារស្ទឹងពោធិ៍សាត់ផ្នែកខាងក្រោមចំនួន២កន្លែង ស្ថិតក្នុងភូមិសាស្ត្រឃុំកញ្ជរ ស្រុកកណ្តៀងចាប់ពីចំណុចភូមិតាម៉ៅនិងភូមិផ្លូវលួង ដោយសារបច្ចុប្បន្ននេះមានសភាពគោករាកខ្លាំង មិនមានទឹកប្រើប្រាស់នៅរដូវប្រាំងនិងសម្រួលផ្លូវទឹក ងាយស្រួលក្នុងការដឹកជញ្ជូន កសិផលនិងធ្វើដំណើរតាមផ្លូវទឹកជាដើម ។

ការស្នើសុំគោលការណ៍បូមស្តារស្ទឹងទាំង២កន្លែងនេះ បានបម្រើផលប្រយោជន៍ខេត្តនិងប្រជាពលរដ្ឋ ស្ទឹងមានជម្រៅជ្រៅដែលអាចតំកល់ទឹកទុកប្រើប្រាស់ ការពារទឹកជំនន់ និងធ្វើដំណើរតាមផ្លូវទឹកមានភាពងាយស្រួល។ចំពោះខ្សាច់ដែលបូមស្តារមួយផ្នែកធំយកទៅធ្វើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងក្នុងខេត្តនិងក្រៅខេត្ត។

ដើម្បីឱ្យកិច្ចប្រជុំនេះទទួលបានផ្លែផ្កានិងជោគជ័យនោះលោក ងួន ប៉ោសេង សូមតំណាងក្រសួងរ៉ែនិងថាមពល តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត តំណាងមន្ទីរបរិស្ថានខេត្ត តំណាងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត តំណាងមន្ទីររ៉ែនិងថាមពលខេត្តលោកនាយករងសាលាខេត្ត អភិបាលនៃគណៈអភិបាលស្រុកកណ្តៀង មេឃុំកញ្ជរ តំណាងសហគមន៍ប្រជានេសាទត្រីចឹក លើកឡើងអំពីវិជ្ជមាននិងអវិជ្ជមានពាក់ព័ន្ធទៅនឹងការបូមស្តារស្ទឹងទាំង២កន្លែងយកមកធ្វើការពិភាក្សានិងសម្រេចជាគោលការណ៍។

លោក តឹប តុប អនុប្រធាននាយកដ្ឋានអាជីវកម្មរ៉ែខ្សាច់សំណង់នៃក្រសួងរ៉ែនិងថាមពល បានពន្យល់អំពីទីតាំងបូមស្តារ ស្ទឹងក្រោយពីស្នើសុំយោបល់ពីគ្រប់ភាគីពាក់ព័ន្ធរួចហើយនោះនឹងរៀបចំរបាយការណ៍ជូនថ្នាក់ដឹកនាំពិនិត្យសម្រេច ដោយបានបញ្ចាក់ថា ក្រោយពីក្រុមការងារបានចុះទៅពិនិត្យជាក់ស្តែងឃើញថាទីតាំងទាំង២កន្លែងក្នុងភូមិសាស្ត្រឃុំកញ្ជរ ទី១ ស្ថិតក្នុងភូមិតាម៉ៅ ស្របតាមបណ្តោយមាត់ស្ទឹងប្រមាណ១២គីឡូម៉ែត្រមានទទឹង២៣ទៅ៦៨ម៉ែត្រនិងទីតាំងទី២ស្ថិតក្នុងភូមិផ្លូវលួងមានប្រវែងស្របតាមបណ្តោយស្ទឹងប្រមាណ៥គីឡូម៉ែត្រទទឹងជាមធ្យមប្រមាណ៨ទៅ១៨ម៉ែត្រ។

នៅរាល់ការលើកឡើងរបស់ភាគីពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋាន យល់ឃើញថាការបូមស្តារស្ទឹងនេះជៀសមិនផុតអំពីការប៉ះពាល់នោះទេតែទោះជាយ៉ាងនេះក៏ដោយ ពិនិត្យជារួមឃើញថា ទទួលបាននូវផលប្រយោជន៍ច្រើន ព្រោះថា ការបូមស្តារធ្វើឱ្យចរន្តទឹកនៅរដូវវស្សាហូរបានលឿន កាត់បន្ថយទឹកជំនន់ មានប្រភពទឹកសម្រាប់ស្រោចស្រពស្រែចំការផលដំណាំហើយអ្វីដែលសំខាន់នោះមានផ្លូវទឹកសម្រាប់ការដឹកជញ្ជូនកសិផលឆ្លងកាត់តាមផ្លូវទឹកពីតំបន់មួយទៅតំបន់បានឆាប់រហ័ស។

ក្រោយពីការឯកភាពនិងគាំទ្រឱ្យមានការស្តារបូមស្ទឹងទាំង២នេះ ក្រុមការងារបានឯកភាពបង្កើតគណៈកម្មការគ្រប់គ្រងការអនុវត្តគម្រោងនិងត្រៀមរៀបចំឱ្យមានវេទិកាសាធារណៈនិងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋនៅក្នុងតំបន់ដើម្បីទទួលបានព័ត៌មានអំពីបញ្ហាប្រឈមអ្វីខ្លះងាយស្រួលក្នុងការអនុវត្តការងារទៅមានភាពរលូននិងមានតម្លាភាព៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *