កំពង់ឆ្នាំង៖ ក្រោយបញ្ចប់ការធ្វើស្រែចម្ការ រួចរាល់បានចាប់បន្តមុខរបររំងាស់ទឹកត្នោតធ្វើស្ករ គឺជាមុខរបរតាំងពីបុរាណមួយយ៉ាងសំខាន់ របស់ប្រជាកសិករខ្មែរយើងនៅតាមតំបន់ស្រុកស្រែចម្ការ និងមិនអាចខ្វះបានផងដែរ ទោះជាបច្ចុប្បន្ន នៅតាមទីផ្សារសម្បូរទៅដោយស្ករស ឬស្ករអំពៅយ៉ាងណាក្តី។
ជាក់ស្តែងប្រជាកសិករនៅក្នុងភូមិទួលសេរី ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានរៀបរាប់ស្រដៀងគ្នាថា៖ ជាធម្មតាគឺពួកគាត់ចាប់ផ្ដើមចងត្នោត និងកៀបផ្កាចាប់ពីខែ១១ និងខែ១២ទៅ គឺក្នុងអំឡុងពេលប្រមូលផលស្រូវវស្សារួចរាល់។
ហើយមុខរបរ ផលិតស្ករត្នោតនេះបច្ចុប្បន្ន មានផលលំបាកខ្លះដែរ ក្នុងនោះត្រូវការចំណាយទៅលើការទិញឬស្សីយកមកចងបង្អោង ការទិញអុស ទិញគល់ដើមពពែល និងអំពង់។ល។ មិនដូចពីមុនឡើយអាចរកកាប់អុស ឬគាស់គល់ពពែល កាប់បំពង់ឬស្សីក្បែរៗផ្ទះបាន។
ពួកគាត់បន្តឲ្យដឹងទៀតថា៖មុននឹងផលិតបានស្ករត្នោតធម្មជាតិនេះ គឺឆ្លងកាត់ជាច្រើនដំណាក់កាលផងដែរ ក្នុងនោះត្រូវរួសរាន់ងើបពីម៉ោង៣ឬម៉ោង៤ទៀបភ្លឺ ដើម្បីឡើងយកទឹកត្នោត មករំងាស់ទឹកត្នោតរយៈពេល៣ទៅ៤ម៉ោង រហូតឃើញថាស្អិតល្អហើយ លើកយកមកវឹកវារហូតទាល់តែទឹកត្នោតនោះក្លាយទៅជាស្ករ មានពណ៌ស ល្អ ឈ្ងុយឆ្ងាញ់។
ប្រជាកសិករទាំងនោះបញ្ជាក់ឲ្យដឹងថា ទឹកត្នោត១ខ្ទះត្នោតអាចរំងាស់បានស្ករ៦ទៅ៨គីឡូក្រាម និងលក់បានតម្លៃចន្លោះពី៥ទៅ៦ពាន់រៀលផងដែរ ម្លោះហើយពួកគាត់អាចដោះស្រាយជីវភាពក្នុងគ្រួសារបានដោយ ពុំចាំបាច់ធ្វើការចំណាកស្រុកនោះទេ។
ជាមួយគ្នានេះអ្នកស្រី សំ ស្រីរ័ត្ន សមាជិកភូមិទួលសេរី តំណាងឲ្យលោកមេភូមិឲ្យដឹងដែរថា៖ ប្រជាពលរដ្ឋក្នុងភូមិរបស់គាត់មានចំនួន២៨០គ្រួសារ ក្រៅពីធ្វើស្រែ គឺប្រកបរបរផលិតស្ករត្នោតធម្មជាតិ៦០ភាគរយ ក្រៅពីនោះអ្នកខ្លះធ្វើសំណង់ និងចូលរោងចក្រជាដើម។
អ្នកស្រី សំ ស្រីរ័ត្ន បានអះអាងថា៖ចំពោះស្ករត្នោតដែលប្រជាពលរដ្ឋក្នុងភូមិរបស់គាត់ផលិតសព្វថ្ងៃនេះ គឺផលិតដោយលក្ខណៈធម្មជាតិសុទ្ធសាធ ដោយចេះតៗគ្នាពីចាស់ៗជំនាន់ដើមមកម្លេះ! ដូចនេះអ្នកស្រីសូមអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសអតិធិជនរួមចំណែកគាទ្របង្កើនតម្លៃស្ករត្នោត ចូលរួមបង្កើតការងារ លើកកម្ពស់ជីវភាព និងជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ចូលរួមអភិរក្សដើម ត្នោតដែលជា អត្តសញ្ញាណជាតិរបស់ព្រះរាជាណាចក្រកម្ពុជា។
ក្រៅពីការអភិរក្សធនធានដើមត្នោត ប្រជាពលរដ្ឋបានបន្តថែរក្សា កេរដំណែលចំណេះដឹងជាប្រពៃណី និងឧបករណ៍បុរាណពាក់ព័ន្ធនឹងការផលិតស្ករត្នោត ដែលជាសម្បត្តិវប្បធម៌ សម្រាប់ការពារអត្តសញ្ញាណជាតិផងដែរនោះ៕