កំពង់ឆ្នាំង៖ កូនសារម្នាក់ត្រូវឪពុកក្មេក ខឹងទប់អារម្មណ៍មិនបាន ទាញពូថៅកាប់ បណ្តាលឲ្យស្លាប់ភ្លាមៗនីនិងកន្លែង ខណៈនាំគ្នាផឹកត្នោតជូរ ស្រវឹងមិនព្រមដេកពួន ហើយជេរប្រមាថរូបគាត់។
ករណីឃាតកម្មខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណជា៩និង១៥នាទីយប់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្ទះឈ្មោះ ធៀន ចំរើន ភេទស្រី អាយុ៥៣ឆ្នាំ នៅភូមិច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
កូនស្រីរបស់ជនសង្ស័យឈ្មោះជា ចិន្ថា រៀបរាប់ឲ្យដឹងថា៖ មុនពេលកើតហេតុឈ្មោះឯក សីហា ( ជនរងគ្រោះ ) បានទៅរកទិញទឹកត្នោតជូរ ចំនួនបីសូរនាំគ្នាអង្គុយផឹកក្រោមដើមស្វាយ ក្បែរផ្ទះមានគ្នាប្រហែល៤ទៅ៥នាក់ នាំគ្នាអង្គុយផឹករហូតដល់ម៉ោង៧និង១៥នាទី ឈ្មោះឯក សីហា និងឈ្មោះចាយ ចាន់ ត្រូវជាបងប្អូនសាច់ថ្លៃ ច្រៀងលេងនិងផឹកបន្ត ហើយក៏បានឈ្លោះប្រកែកគ្នា ម្តាយក្មេកឃើញកូនប្រសារទាំងពីរនាក់ឈ្លោះគ្នា ក៏បានដឹកដៃកូនប្រសារ ឈ្មោះចាយ ចាន់ អោយត្រឡប់ទៅផ្ទះវិញនៅឯស្រុករលាប្អៀរបាត់ទៅ នៅតែជនរងគ្រោះតែម្នាក់ឯង។
ពេលនោះជនរងគ្រោះ ក៍បានដើរទៅផ្ទះវិញដែរតែ ដោយស្ថានភាពស្រវឹង ខណៈនោះបានឮសំលេងឈ្លោះប្រកែកគ្នាជាមួយឈ្មោះស៊ឹម សុខគា ត្រូវជាឪពុកក្មេក វិញម្តង ហើយក៏ស្ងាត់ឈឹង ដោយមានការសង្ស័យកូនស្រីរបស់ជនសង្ស័យ ឈ្មោះជា ចិន្ថា បានដើរមកមើល ស្រាប់តែឃើញ ជនរងគ្រោះដេកស្លាប់ លើគ្រែបាត់ទៅហើយ ដោយស្ថានភាពបែបនេះក៏បានរាយការណ៍ ជូនសម្ថកិច្ចភ្លាមតែម្តង។
ប្រភពពីសមត្ថកិច្ចឲ្យដឹងថា៖ ករណីឃាតកម្មខាងលើនេះ បង្កឡើងដោយជនសង្ស័យឈ្មោះស៊ឹម សុខគា ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបស់កសិករ រស់នៅភូមិឃុំ កើតហេតុខាងលើ ដោយឡែកជនរងគ្រោះ ឈ្មោះឯក សីហា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
តាមការពិនិត្យជាក់ស្តែង របស់សមត្ថកិច្ចបញ្ជាក់ថា៖សាកសព ( ថ្គាម ក គល់ថ្គាម ) មានស្នាមមុតនិងវត្ថុរឹងចំនួន៩កន្លែង និងវត្ថុតាងពូថៅ នៅកន្លែងកើតហេតុ ក្រោយពេលកើតហេតុ ជនសង្ស័យបានរត់គេចខ្លួនបានមួយយប់ លុះព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ទើបសមត្ថកិច្ចស្រាយជ្រាវ ចាប់ឃាត់ខ្លួនបាន។
សមត្ថកិច្ចបានអោយដឹង បន្ថែមតាមចម្លើយសារភាពជនសង្ស័យ នៅចំពោះមុខសមត្ថកិច្ចថាពិតជាបានកាប់ជនរងគ្រោះ ពិតប្រាកដមែន មូលហេតុមកពីទប់អារម្មណ៍មិនបាន នៅពេលកូនប្រសារជេរប្រមាថខ្លួនជាមនុស្សចាស់ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន នាំមកអធិការនគបាលស្រុកកំពង់ត្រឡាច កសាងឯកសារដើម្បីចាត់ការតាមនិតិវិធី។
ដោយឡែកសាកសពជនរងគ្រោះ ប្រគល់អោយក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យ តាមប្រពៃណី ៕