ពោធិសាត់៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រគួតកីឡា ដណ្តើមពានរង្វាន់ កែវ រតនៈ លើកទី១០ នៅទីលានបរិវេណអនុវិទ្យាល័យព្រះសីហនុក្រគរ ស្ថិតក្នុងឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ បន្ទាប់បានដំណើរការអស់រយៈពេល៣២ថ្ងៃ ដើម្បីអបអរសាទរខួបលើកទី៤៥ នៃទិវាជាតិជ័យជំនះ (៧ មករា ១៩៧៩ – ៧ មករា ២០២៤)។
ពិធីនេះបានការចូលរួមពី ឯកឧត្តម កែវ វីរៈ តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាប្រធានក្រុមការងារ ចុះជួយស្រុកវាលវែង, ឯកឧត្តម ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង ព្រមទាំងក្រុមការងារទាំង១១ឃុំ អាជ្ញាធរមូលដ្ឋាន និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
លោក លីវ សេងហ៊ីម អភិបាលនៃគណៈអភិបាលស្រុកក្រគរ និងជាប្រធានគណៈកម្មការរៀបចំការប្រគួត បានឱ្យដឹងថា ឆ្នាំនេះក្រុមកីឡា មកពីបណ្តាឃុំ និងក្លិប ចំនួន២៣ក្រុម មានកីឡាករសរុប៤៧៣នាក់ ស្រី៤៨នាក់ ក្នុងនោះបាល់ទាត់បុរស មាន១៥ក្រុម, បាល់ទាត់នារី មាន៤ក្រុម, បាល់ទះនារី៤ក្រុម និងមាន៤២ប្រគួត។
លោកអភិបាលនៃគណៈអភិបាលស្រុកនិងជាប្រធានគណៈកម្មការរៀបចំការប្រកួត បានឱ្យដឹងទៀតថា ឆ្លងតាមរយៈនៃការប្រកួតអស់រយៈពេល ៣២ថ្ងៃកន្លងមក កីឡាករ កីឡាការិនី ទាំងបាល់ទាត់ និងបាល់ទះ បានយកអស់កម្លាំងកាយចិត្ត ប្រឹងប្រែងអស់ពីសមត្ថភាព ទេព្យកោសល្យ ក្នុងការប្រកួតប្រជែងប្រកបដោយទឹកចិត្តក្លៀវក្លា ក្នុងនាមជាអ្នកកីឡា និងឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ទាំងការគោរពវិន័យ បទបញ្ជា បច្ចេកទេស ស្រឡាញ់យោគយល់អព្យាស្រ័យ គឺជាសក្ខីកម្ម បង្ហាញថាយុវជនបានយល់ច្បាស់ នូវមនៈសិកាកីឡា ដែលជាគម្រូមួយដ៏ល្អសម្រាប់ទៅថ្ងៃអនាគត។
មានប្រសាសន៍សំណេះសំណាល នៅក្នុងពិធីបិទការប្រកួត, ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានថ្លែងថា ការប្រកួតកីឡាបាល់ទាត់ និងបាល់ទះបុរស និងនារី នៅស្រុកក្រគរ ដើម្បីអបអរសាទរខួបលើកទី៤៥ នៃទិវាជាតិជ័យជំនះ «៧ មករា ១៩៧៩ – ៧ មករា ២០២៤» ដណ្តើមពានរង្វាន់ឯក ឧត្តម កែវ រតនៈ ក្នុងគោលបំណងបង្កើនសាមគ្គីភាព មិត្តភាព សុខភាព ផ្តល់ភាពសប្បាយរីករាយដល់យុវជន និងប្រជាពលរដ្ឋ។
ការប្រកួតកីឡាឆ្នាំនេះ ក៏ដូចបណ្តាឆ្នាំកន្លងមក បានប្រព្រឹត្តទៅក្នុងបរិយាកាសផុលផុស និងជ្រើសរើសបានយុវជន យុវនារីវ័យក្មេង មានសមត្ថភាព ទេព្យកោសល្យល្អ ទាំងបាល់ទាត់ និងបាល់ទះ តាមក្លិប អង្គភាព និងឃុំនីមួយៗ ដែលអាចចាត់ទុកបានថា វិស័យអប់រំកាយ និងកីឡា បាននឹងកំពុងដើរតួរនាទីសំខាន់ ជាយាន ក្នុងការអភិវឌ្ឍន៍សង្គមសន្តិភាព ដូចពាក្យថា «កីឡារស់ក្នុងសន្តិភាព»។
ឯកឧត្តមបានបន្ថែមថា នៅស្រុកក្រគរ តែងតែរៀបចំព្រឹត្តការណ៍ប្រកួតកីឡានេះឡើង គិតមកដល់ពេលនេះជាលើកទី១០ហើយ និងបណ្តាស្រុកដ៏ទៃទៀត ក៏បានដំណើរការប្រគួតជាបន្តបន្ទាប់ ជារៀងរាល់ឆ្នាំ សំដៅលើកកម្ពស់វិស័យកីឡានៅក្នុងតំបន់ ឱ្យកាន់តែមានភាពលេចធ្លោរ ពីព្រោះកីឡានាំមកនូវសុខភាព សាមគ្គីភាព មិត្តភាព ហើយបើគ្មានសុខភាព និងសន្តិភាពនោះទេ យើងមិនអាចលេងកីឡាបាននោះទេ។
ឯកឧត្តមបានសម្តែងការកោតសរសើរ គ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមសហការ ក្នុងការរៀបចំការប្រកួតកីឡា ប្រកបដោយជោគជ័យ។
នៅក្នុងខណៈនោះ ឯកឧត្តម កែវ រតនៈ បានប្រគល់លិខិតសរសើរ ដល់ក្រុមការងារ អាជ្ញាធរមូលដ្ឋាន គណៈកម្មការដឹកនាំការប្រគួត និងប្រគល់ជូនជ័យលាភី ដល់កីឡាករ កីឡាការិនី ចាប់ពីចំណាត់ថ្នាក់លេខ១ ដល់លេខ៤ ទាំងបាល់ទាត់ និងបាល់ទះ អមដោយពានរង្វាន់១ ទង់១ និងថវិកាមួយចំនួន និងបានថតរូបអនុស្សាវរីយ ជាមួយក្មួយៗសិស្សានុសិស្សផងដែរ។
ឆ្លងតាមរយៈនៃការប្រកួតរយៈពេល៣២ថ្ងៃ ជាលទ្ធផលផ្លូវការ៖ *គឺវិញ្ញាសាបាល់ទាត់បុរស ចំណាត់ថ្នាក់លេខ១ បានមកលើក្លិបយុវជន TigerFC, លេខ២ ក្លិបយុវជន ស្វាយស, លេខ៣ ក្លិបយុវជន អន្សាចំបក់ និងលេខ៤ ក្លិបយុវជន ក្បាលត្រាច។ វិញ្ញាសាបាត់ទាត់នារី ចំណាត់ថ្នាក់លេខ១ បានមកលើក្លិបនារី ត្នោតជុំ បឹងកន្ទួត, លេខ២ ក្លិបនារី ស្វាយស, លេខ៣ ក្លិបនារី អនុវិទ្យាល័យព្រះសីហនុក្រគរ និងលេខ៤ ក្លិបនារី អន្សាចំបក់។
វិញ្ញាសារបាល់ទះនារី ចំណាត់ថ្នាក់លេខ១ បានមកលើក្លិបនារី អនុវិទ្យាល័យព្រះសីហនុក្រគរ, លេខ២ ក្លិបនារី ស.ស.យ.ក ក្រគរ, លេខ៣ ក្លិបនារីវិទ្យាល័យ ហ៊ុន សែន១០មករា បឹងកន្ទួត និងលេខ៤ ក្លិបនារី វិទ្យាល័យ ហ៊ុន សែន ឈើតុំ៕