សៀមរាប៖ នៅវេលាម៉ោង១៦ និង១០នាទី រសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅចំនុចភូមិទី៤ សង្កាត់ចុងឃ្នៀស ក្រុង/ខេត្តសៀមរាប មានករណីអគ្គីភ័យកើតឡើង បានបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋ អស់ទាំងស្រុង ចំនួន៣ខ្នង ដោយ មូលហេតុទុស្សេខ្សែភ្លើង ។ ក្រោយពីទទួលបានសេចក្តីរាយការណ៍ភ្លាមៗពីអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី ៧ ខែ មករា ឆ្នាំ២០២៤ លោក គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំក្រុមការងារសាខាអនុសាខាក្រុង ក្រុមការងារសង្កាត់ចុងឃ្នៀស នាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យ ទាំង៣គ្រួសារ ។
តាមសេចក្តីរាយការណ៍របស់ លោក នួន ពុទ្ធារ៉ា ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាក្រុងសៀមរាប បានឲ្យដឹងថា កាលពីវេលាម៉ោង១៦ និង១០នាទី រសៀលថ្ងៃទី០៦ខែមករា ឆ្នាំ២០២៤ ស្ថិតនៅចំនុចភូមិទី៤សង្កាត់ចុងឃ្នៀស ក្រុង/ខេត្តសៀមរាប មានករណីអគ្គីភ័យកើតឡើង បានបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋ អស់ទាំងស្រុង ចំនួន៣ខ្នង ដោយ មូលហេតុទុស្សេខ្សែភ្លើង ដែលមានគ្រួសាររងគ្រោះឈ្មោះ សាយ គឹមសួរ , គ្រួសារឈ្មោះ ឡូយ. ហុក គ្រួសារទាំងពីររស់នៅភូមិទី៤ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប និង គ្រួសារឈ្មោះ ហួត លី រស់នៅភូមិទី ៣ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ។
ក្នុងនាមឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោក គុជ លីណា អនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬ និន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល»។ លោកក៏បានសម្តែងនូវការសោកស្តាយ ចំពោះការខូចខាតលំនៅដ្ឋានរបស់បងប្អូន ដោយគ្រោះអគ្គីភ័យ ។ ម៉្យាងទៀតកាកបាទក្រហមកម្ពុជា ក៏មិនទុកឲ្យបងប្អូនរងគ្រោះណាម្នាក់ ហើយមិនបានយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាននោះទេ គឺ កាកបាទក្រហមនៅគ្រប់ទីកន្លែង ជាមួយបងប្អូនគ្រប់វិនាទី មិនទុកឲ្យរងទុក្ខវេទនានោះឡើយ ។ លោក គុជ លីណា បានបញ្ជាក់ទៀតថា អំណោយទាំងនេះគឺបានជួយសម្រួលនូវទុក្ខលំបាករបស់បងប្អូនបានមួយរយៈ ព្រមទាំងបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និង ត្រូវមានការប្រុងប្រយ័ត្នជានិច្ចនារដូវប្រាំងនេះ ចំពោះគ្រោះអគ្គិភ័យ និង គ្រោះធម្មជាតិ ដែលកើតមានឡើងគ្រប់ពេល និង នៅពេលចាកចេញពីលំនៅដ្ឋានសូមផ្តាច់ចរន្តអគ្គិសនីប្រើប្រាស់ និង មើលភ្លើងផ្សែងជុំវិញផ្ទះ ព្រមទាំងធ្វើការអប់រំកូនចៅឲ្យជៀសឆ្ងាយពីគ្រឿងញៀន និងប្រុងប្រយ័ត្ន ខ្ពស់ចំពោះគ្រោះថ្នាក់ចរាចរណ៍ និងត្រូវគោរពច្បាប់ចរាចរណ៍ និងសូមបងប្អូនកុំបាក់ទឹកចិត្តខិតខំបង្កបង្កើនផល និងដាំដំណាំរួមផ្សំសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ និងបង្កើនសេដ្ឋកិច្ចគ្រួសារឲ្យកាន់តែប្រសើឡើងវិញ ។
អំណោយមនុស្សធម៌ដែលសាខាខេត្ត និង អនុសាខាបានផ្ដល់ជូនក្នុងមួយគ្រួសារៗរួមមាន អង្ករ ,មី , ទឹកត្រី, ទឹកស៊ីអ៉ីវ , មុង ,ភួយ សារុង ,ក្រម៉ា ,កន្ទេល , ចាន ,ឆ្នាំង ,ស្លាបព្រា ,កំសៀវ , ស័ង្កសី និង ថវិកាសរុប ១លាន៥០ម៉ឺនរៀលផងដែរ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប