សៀមរាប៖ នៅសាលាវិទ្យាល័យ សម្តេចឪ ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ មានរៀបចំធ្វើពិធីពិធីអភិសេធរូបសំណាកព្រះអង្គសូរ្យវរ្ម័នទី២,ព្រះបាទជ័យវរ្ម័នទី៧ និង រូបសំណាកព្រះនាងឥន្ទ្រទេវី ព្រមទាំងបាននិមន្តព្រះសង្ឃ ចំនួន ៧០អង្គ ធ្វើពិធិរាប់បាត្រ ដើមី្ប ឧទិ្ទសជូនដល់បុព្វបុរស និង អ្នកសេ្នហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ ពីបនប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃ ៧មករា ១៩៧៩ និង អបអរសាទរខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា.១៩៧៩. ៧មករា ២០២៤ ក្រោមការរៀបចំឡើងដោយលោកបណ្ឌិត ឈិន តៃឈាង នាយកវិទ្យាល័យសម្តេចឪ និង នាយករង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង គណៈកម្មការគ្រប់គ្រងសាលា មាតាបិតា អាណាព្យាបាលសិស្សចូលរួមផងដែរ ។
ក្នុងពិធីអភសេធព្រះរូបនេះដែរ លោកតាអាចារ្យបានធ្វើទៅតាមបែបព្រហ្មញ្ញសាសនាសុទ្ធសាត ដោយមានការប្រគុំថ្វាយភ្លេងពិណពាធ ចំពោះបារមីវត្ថុស័ក្តសិទ្ធ ហើយដែលមួយផ្នែកនៃពិធីនេះ គឺបូជាព្រះភូមិ និងបូជាថ្វាយស្តេចក្រុងពាលី ដើមី្បសុំនូវសេចក្តីសុខ និង អភិសេធព្រះរូបសំណាកព្រះអង្គសូរ្យវរ្ម័នទី២,ព្រះបាទជ័យវរ្ម័នទី៧ និង រូបសំណាកព្រះនាងឥន្ទ្រទេវី ឲ្យមកសន្ថិតនៅព្រះរូបទាំងបីអង្គ ដើមី្បឲ្យបារមីតាមជួយថែរក្សាដល់ប្រជានុសាស្ត្ររបស់ព្រះអង្គ ពិសេសចំពោះលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាល័យ សម្តេចឪ ឲ្យជួបតែសេចក្តីសុខ ចម្រើន និង សម្រេចនូវរាល់ការសិក្សាបានជោគជ័យជារៀងរាល់ឆ្នាំ ។
មានប្រសាសន៍នោះដែរលោកបណ្ឌិត ឈិន តៃឈាង បានលើកឡើងថា ការរៀបចំដាក់នូវព្រះរូបសំណាកព្រះអង្គសូរ្យវរ្ម័នទី២,ព្រះបាទជ័យវរ្ម័នទី៧ និង រូបសំណាកព្រះនាងឥន្ទ្រទេវី គឺជាការក្រើនរំលឹកដល់ស្មារតីសិស្សានុសិស្សគ្រប់រូប បានយល់បានស្គាល់ អំពីតម្លៃនៃវប្បធម៌ជាតិ សំខាន់ចំពោះពីស្នាដៃរបស់បុព្វបុរសដូនតាខ្មែរយើង ។ ព្រះអង្គទាំងបីនេះ ហើយបានធ្វើឲ្យប្រទេសកម្ពុជា នាសម័យអង្គរមានភាពរុងរឿង ពិសេសព្រះនាងឥន្ទ្រទេវី ទ្រង់ជម្រុញវិស័យសិល្បៈ អក្សរសាស្រ្ត វប្បធម៌ជាតិ ឲ្យមានសន្ទុះរីកចម្រើនជឿនលឿនយ៉ាងខ្លាំងក្លា ។ ដោយសារចំណេះដឹង ដ៏ខ្ពង់ខ្ពស់និងចរិយាល្អឥតខ្ចោះ ព្រះនាងឥន្ទ្រទេវី បានក្លាយជានារី ម្នាក់ដែលមានតម្លៃជាអមតៈគួរឲ្យកោតស្ងប់ស្ងែងយ៉ាងក្រៃលែង។ លោកបណ្ឌិត ឈិន តៃឈាង បានបន្តថា ថ្ងៃនេះសាលាបានធ្វើការនិមន្តព្រះសង្ឃ ដើមី្បប្រោះព្រហ្ម សុំពរជ័យឆ្នាំថ្មី ក៏ជាការរំលឹកនូវគុណថ្ងៃជ័យជម្នះ៧មករា ដែលជាជីវិតទី២របស់យើងគ្រប់គ្នា ដែលបានរួចផុតពីក្រញ៉ាំបាតដៃប្រឡាក់ឈាម ប៉ុល ពត បើគ្មានគុណថ្ងៃ ៧មករានោះទេ ក៏យើងគ្មានសន្តិភាពនោះដែរ ។ ដោយគុណថ្ងៃជ័យជម្នះ ៧មករានេះហើយ ធ្វើឲ្យប្រទេសកម្ពុជាយើង មាន សុខសន្តិភាពពេញលេញ ក្រោមកិច្ចដឹកនាំរបស់សម្តេចពុក កំពូលស្ថាបនិក បិតាសន្តិភាព ក៏ដូចសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃនីតិកាលទី៧ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងវិស័យបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ។ លោកក៏បានបន្តទៀតថា ការនិមន្តព្រះសង្ឃរាប់បាត្រនៅថ្ងៃនេះ ក្នុងគោលបំណង ឧទ្ទិសមគ្គផល កុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខ័ន្ធ វីរៈភាពកម្មាភិបាល យុទ្ធជនយុទ្ធនារី ដែលបានលះបង់ អាយុជីវិត ក្នុងការសង្គ្រោះជាតិនិងប្រជាជន ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និង អ្នកសេ្នហាជាតិគ្រប់ជំនាន់ ដែលបានពលីជីវិត ក្នុងបុព្វហេតុរំដោះជាតិ កសាងការពារជាតិមាតុភូមិ ដើមី្បភាពសុខសាន្តដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូល និង សូមឧទ្ទិសដល់ដួងវិញ្ញាណក្ខ័ន្តដល់កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារកសាង អភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា សូមឲ្យវិញ្ញាណក្ខ័ន្ធ អ្នកទាំងនោះ ទៅកាន់សុខគតិភព កុំបីអាក់ខានឡើយ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប