មានករណីអគ្គីភ័យកើតឡើង បានបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋ អស់ទាំងស្រុង ចំនួន៣ខ្នង ក៏ប៉ុន្តែមិនបានបង្កឲ្យនរណាម្នាក់រងរបួសនោះឡើយ ។
តាមការបញ្ជាក់របស់លោក ហាត យង់ អភិបាលរងក្រុងសៀមរាប បានឲ្យដឹងថា មានករណីអគ្គីភ័យឆាបឆេះផ្ទះ ចំនួន០៣ ខ្នងនេះ ក្នុងនោះគ្រួសារទី១/ឈ្មោះ សាយ គឹមសួរ ភេទប្រុស អាយុ ៤៤ឆ្នាំ ជា (ប្រជាការពារភូមិ) , គ្រួសារ-ទី២/ឈ្មោះ ឡូយ. ហុក ភេទ ប្រុស អាយុ ៦២ ឆ្នាំ គ្រួសារទាំងពីររស់នៅភូមិទី៤ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប និង គ្រួសាររងគ្រោះទី៣/ឈ្មោះ ហួត លី ភេទ ប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិទី ៣ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ។ លោកបន្តទៀតថា ករណីអគ្គីភ័យនេះ បានធ្វើឲ្យខូចខាត ឆេះផ្ទះអស់ទាំងស្រុងចំនួន០៣ខ្នង រួមនឹងទ្រព្យសម្បត្តិទៀតផល ។ ក្នុងករណីខាងលើនេះមិនបណ្តាលឲ្យនរណាម្នាក់រងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះឡេីយ ។ លោកបានបញ្ជាក់ថា ករណី ឆាបឆេះផ្ទះអស់ទាំង ៣ ខ្នងនេះ ដែលធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងសង្ក័សី សសរឈើ ។
ករណីអគ្គីភ័យនេះ ត្រូវបានក្រុមរថយន្តបង្កាពន្លត់អគ្គីភ័យស្នងការនគរបាលខេត្ត, អាជ្ញាធរជាតិអប្សរា, កងរាជអាវុធហត្ថខេត្ត សរុប ៧គ្រឿងបានចុះជួយអន្តរាគមន៍ពន្លត់ មិនឲ្យឆេះរាលដាលដល់ផ្ទះជិតខាង ដោយបានប្រើប្រាស់ទឹកអស់ 0៩រថយន្ត ទើបគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង ១៧ និង ៣៧នាទី នាថ្ងៃខែដដែល ។
តាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ចជំនាញបច្ចេកទេសបានឲ្យដឹងថា ករណីអគ្គីភ័យនេះ ដោយការទុស្សេរខ្សែភ្លើង ដែលផ្តើមចេញមកពីផ្ទះឈ្មោះ សាយ គឹមសួរ ។ តាមការសន្និដ្ឋាន នៃទំហំការខូចខាត អស់ទឹកប្រាក់សរុបប្រមាណជាង ១ម៉ឺនដុល្លា ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប