ពោធិសាត់៖ ក្រុមហ៊ុនស្ទឹងមេទឹកហាយដ្រូផៅវ័រ ដែលទទួលបានសិទ្ធិប្រមូលផលអនុផលព្រៃឈើក្នុងតំបន់គម្រោងវារីអគ្គិសនី ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់និងស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវបានឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងឯកឧត្តម គឹម ណុង អគ្គនាយក នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិក្រសួងបរិស្ថាន នារសៀលថ្ងៃទី៤ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំនិងកំណត់ព្រំប្រទល់បាតអាង រៀបចំផែនទីដែលត្រូវឈូសឆាយជាក់ស្តែង ដែលបានប្រារព្ធធ្វើនៅសាលាស្រុកវាលវែង ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត មន្ទីរពាក់ព័ន្ធអាជ្ញាធរស្រុក ឃុំ និងតំណាងក្រុមហ៊ុនស្ទឹងមេទឹក ហាយដ្រូផៅវ័រ។
ឯកឧត្តម គឹម ណុង អគ្គនាយក អគ្គនាយកដ្ឋានការពារធម្មជាតិនៃក្រសួងបរិស្ថាន បានលើកឡើងថា គម្រោងវារីអគ្គិសនីស្ទឹងមេទឹក ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់និងឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
នេះបើយោងតាមលិខិតលេខ៥៤៨៦រថ.វអចុះថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២៣របស់ក្រសួងរ៉ែនិងថាមពល លិខិតលេខ៤៩៧ខន/០២៣ សជណចុះថ្ងៃទី៧ខែសីហា ឆ្នាំ២០២៣ របស់ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី៤ខែ សីហា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យក្រុមហ៊ុន ស្ទឹងមេទឹក ហាយដ្រូផៅវ័រទទួលសិទ្ធិប្រមូលផល អនុផលព្រៃឈើក្នុងតំបន់ គម្រោង វារីអគ្គិសនី។
ឯកឧត្តម បានបញ្ជាក់ថា ដើម្បីឱ្យកិច្ចការនេះកាន់តែមានភាពរលូននិងទទួលបានគុណប្រយោជន៍នោះ ក្រសួងជំនាញនិងអាជ្ញាធរខេត្ត ស្រុក ឃុំនិងភាគីក្រុមហ៊ុនប្រជុំពិភាក្សាគ្នា បន្តពិនិត្យនិងកំណត់ទីតាំងនិយាមកាមសម្រាប់ធ្វើការឈូសឆាយសំអាតបាតអាងមានភាពជាក់លាក់និងច្បាស់លាស់។
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ការស្តាបាតអាងវារីអគ្គិសនីស្ទឹងមេទឹក ប្រាកដជាប៉ះពាល់ដល់ព្រៃឈើ ដូច្នេះសូមឱ្យស្ថាបនពាក់ព័ន្ធក៏ដូចក្រុមហ៊ុនគប្បីពិនិត្យមើល ថាតើឈើប្រភេទណាខ្លះត្រូវរក្សាទុក កាលណាបាត់បង់ព្រៃឈើ ក៏បាត់បង់ប្រភពទឹកភ្លៀង កាលណាគ្មានទឹកក៏មិនអាចផលិតថាមពលអគ្គិសនីបានដែរ។
បញ្ហាប្រឈមនាពេលកន្លងមកដែលកើតចេញការអនុវត្តគម្រោងស្តាបាតអាង គឺក្រុមហ៊ុនបានកាប់ឈើពីតំបន់ផ្សេងមកធ្វើជាបាតអាង កម្មករមួយចំនួនធ្វើការកាប់រុករានដីព្រៃធ្វើជាកម្មសិទ្ធិនិងមករស់នៅជាអនាធិបតេយ្យ បង្កការលំបាកដល់អាជ្ញាធរមូលដ្ឋានដោះស្រាយមិនចេះចប់។
ក្នុងនាមអាជ្ញាធរខេត្ត សូមឱ្យក្រុមហ៊ុនដែលទទួលបានសិទ្ធិ ប្រមូលផល អនុផលព្រៃឈើ ស្តាបាតអាង ក្នុងតំបន់គម្រោងវារីអគ្គិសនី ស្ទឹងមេទឹក ត្រូវគ្រប់គ្រងមានបញ្ជីឈ្មោះកម្មករ កម្មការនី និងអនុវត្តតាមសៀវភៅបន្ទុកប្រមូលផល អនុផលនិងបង់ពន្ធអាករផ្សេងៗជូនរដ្ឋតាមការកំណត់ដោយផ្អែកលើបញ្ជីសារពើភណ្ឌព្រៃឈើ ។
មិនតែប៉ុណ្ណោះក្រុមហ៊ុនត្រូវមានកិច្ចសហការជាមួយក្រសួងពាក់ព័ន្ថ អាជ្ញាធរមូលដ្ឋាន ដើម្បីបង្ការការពារនៅពេលមានបញ្ហាប្រឈមដែលកើតមាននៅក្នុងតំបន់នោះជាពិសេសនៅពេលចុះប្រតិបត្តិការ។ដើម្បីឱ្យកិច្ចការនេះដំណើរការទៅមានភាពរលូននោះរដ្ឋបាលខេត្តបានចាត់លោកអភិបាលរងខេត្តមួយរូបនិងមន្ត្រីមួយចំនួនទៀតចូលរួមសហការគ្រប់សកម្មភាពនៅក្នុងតំបន់គោលដៅនេះតែម្តង។
សូមបញ្ជាក់ថា គម្រោងវារីអគ្គិសនីស្ទឹងមេទឹកដែលមានអានុភាព១៥០មេហ្គាវ៉ាត់ អនុវត្តដោយក្រុមហ៊ុនហាយដ្រូផៅវ័រ ទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាលកម្ពុជាចំនួន៤៥ឆ្នាំ ដោយក្នុងរយៈពេល៥ឆ្នាំដំបូង ជាដំណាក់កាលស្រាវជ្រាវ និងសាងសង់រួចប្រតិបត្តិការមានរយៈពេល៤០ឆ្នាំ ផុតរយៈពេលនឹងត្រូវប្រគល់ជូនរដ្ឋវិញ។
អាងស្តុកទឹកនេះស្ថិតក្នុងដែនដីនៃរដ្ឋបាលឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់មានផ្ទៃដីអភិវឌ្ឍន៍២៦៦០ហិកតានិងឃុំបាក់ខ្លង ស្រុកមណ្ឌលសីមាខេត្តកោះកុងមានផ្ទៃដីអភិវឌ្ឍន៍៩៩៤ហិកតាត្រូវបានចាប់ផ្តើមសំអាតបាតអាងនៅដើមខែមករាឆ្នាំ២០២៤៕