ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី អញ្ជើញបិទវគ្គ បណ្តុះបណ្តាលកម្រិត បឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៤ខេត្តសៀមរាប

សៀមរាប៖ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ ដល់សិស្សនគរបាលជ័យលាភីចំនួន១៩២នាក់ ព្រមទាំង ពិនិត្យវឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា និង ហេដ្ឋារចនាសម្ព័ន្ធដែលកំពុងស្ថាបនា នៅក្នុងសាលានគរបាលជាតិភូមិភាគ៤ខេត្តសៀមរាបនៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ ។

ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងថា ក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់និង ផ្តល់អាទិភាពខ្ពស់ដល់ការងារអប់រំបណ្តុះបណ្តាល ព្រមទាំងដាក់ចេញនូវផែនការកំណែទម្រង់លើកងកម្លាំងនគរបាលជាតិជាប់ជាប្រចាំ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយបានផ្ដោតសំខាន់ទៅលើ ការធ្វើទំនើបកម្មនិងការពង្រឹងសមត្ថភាពវិជ្ជាជីវៈនៃកងកម្លាំងនគរបាលជាតិ ឱ្យស្របទៅនឹងការវិវត្តនៃស្ថានការណ៍ សន្តិសុខជាតិនិងអន្តរជាតិ ព្រមទាំងឆ្លើយតបនឹងតម្រូវការនៃអង្គភាពនគរបាល។ ទន្ទឹមនេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក៍បានថ្លែងកោតសរសើរចំពោះវឌ្ឍនភាពយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់របស់បណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគ៤ ក្នុងយុគសម័យតេជោសន្តិភាព ដែលប្រទេសជាតិកំពុងមានការរីកចម្រើនលើគ្រប់វិស័យ ដើម្បីបំពេញបានតាមតម្រូវការនៃការបណ្តុះបណ្តាល ប្រកបដោយគុណភាព ក្នុងគោលបំណងពង្រឹងសមត្ថភាពជំនាញ និងលើកកម្ពស់ការគោរពក្រមសីលធម៌ វិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ស្របតាមកម្មវិធីនាយោបាយនិងយុទ្ធ សាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងទស្សនវិស័យជឿនលឿន របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជានិងសាលានគរបាលជាតិភូមិភាគ៤ខេត្តសៀមរាប។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៍បានមានប្រសាន៍ផ្តាំផ្ញើណែនាំដល់ប្អូនៗជាសិស្សនគរបាលជ័យលាភីទាំងអស់ដែលបានខិតខំសិក្សាទទួលបានជោគជ័យទាំងអស់ត្រូវយកចំណេះដឹងនិងជំនាញទៅប្រើប្រាស់ឱ្យមានប្រយោជន៍ដល់អង្គភាពនិងសង្គមជាតិ។ តាមការបញ្ជាក់ក្នុងរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ សាយ វិទ្ធីសក្តិ នាយកសាលានគរបាលជាតិភូមិភាគ៤ខេត្តសៀមរាប បានឱ្យដឹងថាដំណើរការវឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា និង ហេដ្ឋារចនាសម្ព័ន្ធដែលកំពុងស្ថាបនា នៅក្នុងសាលានគរបាលជាតិភូមិភាគ៤ខេត្តសៀមរាបដែលក្នុងនោះរួមមានផ្លូវបេតុងប្រវែង១.៩០០ម៉ែត្រ និងប្រព័ន្ធលូបង្ហូរទឹកប្រវែង៥០០ម៉ែត្រ ដែលជាអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាអតីតអភិបាលខេត្តសៀមរាប និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ហើយការចាក់ដីបំពេញក្នុងបរិវេណសាលាទាំងមូលជាការជួយ ឧបត្ថម្ភរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងសប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភ ដើម្បីកែលម្អសោភណភាពសាលាឱ្យកាន់តែប្រសើរឡើងផងដែរ។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *