គណៈអភិបាលខេត្ត ជួបជាមួយបងប្អូន ប្រកបអាជីវកម្មរ៉ឺម៉ក់កង់បី , ផាស្អាប់ និង រថយន្តតាក់ស៊ីដឹកភ្ញៀវនៅខេត្តសៀមរាប

សៀមរាប៖ ក្រោយពីគណៈអភិបាលខេត្ត ដឹកនាំដោយលោក លី សំរិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពសង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានធ្វើការជួបពិភាក្សាជាមួយ ក្រុមហ៊ុនអាកាសយានដ្ឋាន អន្តរជាតិសៀមរាប.អង្គរ (AIAI) នៅព្រឹកថ្ងៃទី ០៣ ខែ មករា ឆ្នាំ២០២៤ រួចមក ក្នុងព្រឹកនោះដែរលោកអភិបាលរងខេត្ត ក៏បានជួបសំណេះសំណាល និង ដោះស្រាយនូវទុក្ខកង្វល់របស់បងប្អូនប្រកបអាជីវកម្មដឹកភ្ញៀវទេសចរណ៍ មានរថយន្ត តាក់ស៊ី ,រ៉ឺម៉កកង់បី និងផាស្អាប់ប្រមាណជា៦០នាក់នៅសាលាខេត្តសៀមរាប ដោយមានការចូលរួមពីនាយករងរដ្ឋបាល អភិបាលស្រុកសូទ្រនិគម និង នាយក នាយករងទីចាត់ការចំណុះសាលាខេត្តផងដែរ ។
ក្នុងនោះដែរ លោក លី សំរិទ្ធ ក៏បានទទួលស្វាគមន៍ដល់បងប្អូន ក្នុងលក្ខណៈមហាគ្រួសារខ្មែរតែមួយ ដោយបានគូសបញ្ជាក់ថា ក្នុងនាមជាអាជ្ញាធរខេត្ត និង ជាអាណាព្យាបាលរបស់បងប្អូន នៅពេលជួបទុក្ខលំបាក គឺត្រូវតែធ្វើការ ដោះស្រាយជូនបងប្អូនជានិច្ច ។ ក្នុងនោះដែរលោកអភិបាលរងខេត្ត ក៏សូមឲ្យបងប្អូនដែលជាតំណាងអ្នកភ្ញៀវទេសចរណ៍ ដើមី្បលើកជាសំណើ សំណូមពរដែលមកបងប្អូនចងបាននៅចំពោះមុខនេះ ដើមី្បរដ្ឋបាលខេត្ត លើកយក នូវសំណើ សំណូមពរទាំងនោះ ដាក់ជូនទៅរាជរដ្ឋាភិបាល ធ្វើការដោះស្រាយជូនបងប្អូន ដោយអាជ្ញាធរខេត្តមិនមានសិទ្ធសម្រេចនោះឡើយ គឺ មានតែរាជរដ្ឋាភិបាល និង ក្រុមហ៊ុននោះទេ ។ លោកអភិបាលរងខេត្ត ក៏បានបញ្ជាក់ ជាលទ្ធផលនៃកិច្ចប្រជុំពិភាក្សារវាងរដ្ឋបាលខេត្តសៀមរាប និងក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ (AIAI) គឺរួមគ្នាបន្តពិនិត្យ និងពិភាក្សាលើតម្លៃសេវារថយន្តដឹកភ្ញៀវចេញចូលអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ដើម្បីរកដំណោះស្រាយសមស្របសម្រាប់សម្រួល និងកាត់បន្ថយលើការចំណាយនៃ សេវាប្រើប្រាស់ផ្លូវ និងចំណត។.រដ្ឋបាល ខេត្ត ស្មើក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(AIAI) ពិចារណាលើការយកថ្លៃសេវា ចំពោះការចតនៅចំណតអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងរយៈពេល ១៥នាទី គួរពុំគិតថ្លៃ ដើម្បីលើកទឹកចិត្ត និងសម្រួលជូនដល់អ្នកដឹកភ្ញៀវចេញចូលអាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរ ។ ជាមួយគ្នានេះ ស្នើឲ្យមានការពិចារណាលើការបន្ធូបន្ថយ ក្នុងកម្រិតណាមួយ សមស្របដែលអាចដោះស្រាយបញ្ហានេះរួមគ្នាបាន។
ក្នុងនោះដែរតំណាងបងប្អូនប្រកបអាជីវកម្មដឹកភ្ញៀវទេសចរណ៍ ក៏បានលើកឡើងនូវសំណើ និង សំណូមពរមួយចំនួន ដោយផ្តោតទៅលើ កម្រៃសេវាផ្លូវ និងចំណតនៅព្រលានតម្លៃខ្ពស់ ,សុំឲ្យធ្វើចំណតរថយន្តនៅក្រៅព្រលាន សម្រាប់រងចាំដឹកភ្ញៀវចេញពីព្រលាន និង ពេលចេញពីចំណតរងចាំចូលទៅដឹកភ្ញៀវកុំឲ្យគិតថ្លៃម្តងទៀត , សំណូមពរសុំ បញ្ឈប់ការជួលម៉ូតូ កង់ឲ្យភ្ញៀវបរទេសចរជឹះ ដែលធ្វើឲ្យបាត់ចំណូលរបស់បងប្អូនរ៉ឺម៉កកង់បី និង ផាស្អាប់ និង ករណីទីចំណតនៅទីប្រជុំជនក្នុងក្រុង មិនទាន់បានរៀបរយ ។
មានប្រសាសន៍នោះដែរលោក លី សំរិទ្ធ ក៏បានលើកឡើងផងដែរថា រាល់សំណើ និង សំណូមពរដែលបងប្អូនបានលើកឡើងនាពេលនេះ លោកនឹងរាយការណ៍ជូនទៅថ្នាក់ជាតិ ដើមី្បដាក់ប្រជុំនៅថ្ងៃទី៤មករា ស្អែកនេះ ដើមី្បធ្វើការសម្រេច ។ លោកអភិបាលរងខេត្ត ក៏បានលើកផងដែរថា ក្នុងពេលមានវិបត្តិជម្ងឺកូវិដ បងប្អូនយើងត្រូវបាត់បង់ ការងារ និង ចំណូលប្រចាំថ្ងៃ និងក្រោយវិបត្តិជម្ងឺកូវិដមានភាពធូស្រាល ធ្វើឲ្យបងប្អូនប្រកបអាជីពដឹកភ្ញៀវទេសចរណ៍ បានមានក្តីសង្ឃឹមឡើងវិញ ។ នៅពេលអាកាសយានដ្ឋានអន្តរជាតិសៀមរាប.អង្គរ បានបើកដំណើរការ បងប្អូនគិតថា ក្នុងការចេញចូលព្រលានយន្តហោះថ្មីនេះ គេយកកម្រៃដូចអាកាសយានដ្ឋានចាស់ តែផ្ទុយស្រឡះពីការស្រម័យរបស់ បងប្អូនទៅវិញ ។ ក្នុងនោះដែរលោកអភិបាលរងខេត្ត ក៏បានធ្វើការណែនាំដល់បងប្អូនសូមរក្សានូវសណ្តាប់ធ្នាប់សង្គម និង បញ្ឈប់នូវការផ្សព្វផ្សាយអ្វីដែលមិនផ្តល់ផលប្រយោជន៍ដល់ជាតិ ហើយរាល់ការផ្សព្វផ្សាយទៅតាមបណ្តាញសង្គមនោះ ដូចជាការវាយបំបែកឆ្នាំងបាយរបស់ខ្លួនទេ ។ ដូច្នេះបើមានបញ្ហាអ្វីកើតឡើងនោះ សូមបងប្អូនធ្វើសំណើរ ឬសំណូមពរដល់អាជ្ញាធរខេត្ត ដើមី្បធ្វើការដោះស្រាយជូនបងប្អូន ព្រោះទុក្ខកង្វល់របស់បងប្អូនក៏ដូចជាទុក្ខលំបាក របស់អាជ្ញាធរផងដែរ ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *