អភិបាលខេត្តពោធិសាត់ លោក ខូយ រីដា ជួបសំណេះសំណាល និងចែកអំណោយ មនុស្សធម៌កាកបាទក្រហមកម្ពុជា ជូនអតីតយុទ្ធជន៦២៨គ្រួសារនៅភូមិ ប៊ុនរ៉ានីហ៊ុនសែន ដំណាក់ត្រយឹង

ពោធិសាត់៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ បានអញ្ជើញចុះសួរសុខទុក្ខសំណាល និងចែកអំណោយ មនុស្សធម៌កាកបាទក្រហមកម្ពុជា ជូនអតីតយុទ្ធជនចំនួន៦២៨គ្រួសារ ដែលរស់នៅភូមិប៊ុន រ៉ានី ហ៊ុន សែន ដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានជាច្រើនទៀត នៅព្រឹកថ្ងៃទី២ ខែមករា២ ឆ្នាំ០២៤នេះ។

លោក អៀង ហុង ប្រធានមន្ទីរ សង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទាខេត្ត បានឱ្យដឹងថា បច្ចុប្បន្ននេះមានអតីតយុទ្ធជនចំនួន៥,៤៤១នាក់ ក្នុងនោះបានចូលជាសមាជិកសមាគមអតីតយុទ្ធជនចំនួន៤,៦៦៣នាក់ និងបានធ្វើបច្ចុប្បន្នភាពជីវភាពរស់នៅរបស់សមាជិកចំនួន៤,៦២១នាក់ ។

ខេត្តពោធិ៍សាត់មានសម្បទានដីសង្គមកិច្ចចំនួន៣កន្លែង ស្មើនឹង៦,០០៤ហិកតា ក្នុងនោះនៅភូមិសំសាន្ត ឃុំតាលោ ស្រុកតាលោសែនជ័យ មានចំនួន២,២៨៦ហិកតា នៅភូមិថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង មានចំនួន២,៥៨៨ ហិកតា និងនៅភូមិដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញមានចំនួន១,១៣០ហិកតា។

លោកបានបញ្ជាក់ថា ដីសម្បទានសង្គមកិច្ចដំណាក់ត្រយឹងត្រូវបានបង្កើតជាភូមិមានឈ្មោះថា ភូមិប៊ុនរ៉ានី ហ៊ុនសែនដំណាក់ត្រយឹង ឃុំព្រងិល កាលពីថ្ងៃទី១៣ខែមេសាឆ្នាំ២០២២ រហូតមកដល់ពេលនេះមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ងាយស្រួលដល់បងប្អូនអតីតយុទ្ធជនមករស់នៅដែលមានចំនួន៦២៨គ្រួសារ ។

លោកបានរំលឹកថា បច្ចុប្បន្ននេះបងប្អូន អតីតយុទ្ធជនបានកំពុងយកចិត្តទុកដាក់ក្នុងការប្រកបមុខរបកសិកម្ម ដើម្បីដោះស្រាយជីវភាពក្រៅពីនោះក៏ទទួលបានការយកចិត្តទុកដាក់ជួយទំនុកបម្រុងពីប្រមុខរាជរដ្ឋាភិបាល អង្គការដៃគូអភិវឌ្ឍន៍ រដ្ឋបាលខេត្តពោធិ៍សាត់តែងតែចុះសួរសុខទុក្ខនិងនាំយកអំណោយជាស្បៀង សម្ភារៈចែកជូនជាបន្តបន្ទាប់មិនដាច់នោះឡើយ។

មានប្រសាសន៍សំណេះសំណាលលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តនិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ បាននាំមកនូវការសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឯកឧត្តម នាយឧត្តម​សេនីយកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាននិងជាអគ្គលេខា ធិការសមាគមអតីតយុទ្ធជនកម្ពុជា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជូនដល់ អតីតយុទ្ធជនទាំង៦២៨គ្រួសារ ។

លោកអភិបាលខេត្តពោធិ៍សាត់បានថ្លែងអំណរគុណដល់អតីតយុទ្ធជន ទាំងអស់ដែលបានតស៊ូ និងលះបង់ពីអតីតកាល ដើម្បីការពារជាតិ មាតុភូមិនិងប្រជាពលរដ្ឋដោយគុណបំណាច់ដ៏ធំធេងដែលអតីតយុទ្ធជន បានលះបង់នោះ ចងចាំជាប្រវត្តិសាស្ត្រ និងអនុវត្តទៅតាមអនុសាសន៍ទាំង១៤ចំណុចរបស់សម្តេចតេជោ ហ៊ុនសែនប្រធានសមាគមអតីតយុទ្ធជន។

ជាមួយគ្នានោះដោយមានការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ តាមរយៈការដាក់ចេញនូវគោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្តិ ដោយបានធ្វើការកែសម្រួលបន្ថែមរបបសន្តិសុខសង្គម ធានាផលប្រយោជន៍សម្រាប់ការចូលនិវត្តន៍ ការបាត់បង់កាយសម្បទា វិជ្ជាជីវៈ​បាត់បងសមត្ថភាពនិងពិការភាពជាដើម។

លោកអភិបាលខេត្តបានលើកឡើងថា កក្តាសន្តិភាពនេះហើយបានធ្វើឱ្យប្រទេសជាតិយើងមានការអភិវឌ្ឍលើគ្រប់វិស័យតាំងពីទីប្រជុំជនរហូតដល់ជនបទក្រោមការខិតខំរបស់សម្តេចតេជោ នូវគោលនយោបាយឈ្នះ ឈ្នះក្នុងការបញ្ចប់សង្គ្រាមនិងប្តូរមកវិញនូវកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិនិងធ្វើឱ្យជីវភាពប្រជាពលរដ្ឋរួមទាំងបងប្អូនអតីតយុទ្ធជនមមានភាពល្អប្រសើរ។

តែទោះជាយ៉ាងនេះសូមឱ្យបងប្អូនអតីតយុទ្ធជនដែលបាននឹងកំពុងរស់នៅក្នុងភូមិប៊ុន រ៉ានី ហ៊ុន សែន ដំណាក់ត្រយឹងត្រូវបន្តការដាំដុះដំណាំគ្រប់មុខ ចិញ្ចឹមសត្វសម្រាប់ដោះស្រាយជីវភាព ត្រូវចេះរស់នៅស្អាត ហូបស្អាតផឹកស្អាតនិងចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ភូមិស្ថានមានសោភណ្ឌភាពស្អាតល្អ រក្សាការពារសុខភាពជាប់ជាប្រចាំ បើមានបញ្ហាប្រឈមកើតឡើងគប្បីទំនាក់ទំនងជាមួយក្រុមការងារនិងសមត្ថកិច្ចប្រចាំការ។

បន្ទាប់មកលោកអភិបាលខេត្ត បានអញ្ជើញចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាជូនដល់អតីតយុទ្ធជនទាំង៦២៨គ្រួសារដោយក្នុងមួយគ្រួសារអង្ករ២៥គីឡូក្រាម មី១ កេសតូចនិងទឹកត្រីឬទឹកស៊ីអ៊ីវ១យួរនាពេលនោះផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *