ខេត្តកំពង់ឆ្នាំង នឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រណាំង កង់ជ្រើសរើស ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ ដែលមានអ្នកចូលរួមប្រកួត ប្រមាណជាង៥០០នាក់

 កំពង់ឆ្នាំង៖ ខេត្តកំពង់ឆ្នាំងបានរៀបចំធ្វើជាម្ចាស់ផ្ទះនៃការប្រណាំងកង់ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ ដែលគ្រោងធ្វើឡើងរយៈពេល២ថ្ងៃ នឹងមានកីឡាកជិះកង់មកពី២៥រាជធានីខេត្តទូទាំងប្រទេស ប្រមាណជា៥០០នាក់ នេះបើតាមយោងតាមកិច្ចប្រជុំមួយដែលបានធ្វើឡើងកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ឆ្នាំង ។

  លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា សម្រាប់ការប្រណាំងកង់គួក និងកង់ភ្នំ ក្រោមគម្រោងជំនួយពីក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចរៀបប្រកួតប្រណាំងកង់ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ ក្នុងខេត្តកំពង់ឆ្នាំងនេះ គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី៦ ដល់ថ្ងៃទី៧ខែមករា ឆ្នាំ២០២៤ ព្រឹត្តិការណ៍ប្រណាំងកង់នេះ មាន២វិញ្ញាសា ក្នុងនោះមាន ប្រណាំងកង់គួក និង កង់ភ្នំ ហើយព្រឹត្តិការមួយនេះនឹងមានអ្នកចូលរួមប្រណាំងប្រមាណជាង៥០០នាក់ ។
  លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង អភិបាលរងខេត្តបញ្ជាក់ទៀតថា កីឡាប្រណាំងកង់ថ្នាក់ជាតិឆ្នាំ២០២៣ នៅកំពង់ឆ្នាំងនេះ ដើម្បីជ្រើសរើសយកកីឡាករដែលទទួលបានលទ្ធផលល្អ ដើម្បីយកទៅចូលក្រុមជម្រើសជាតិ ត្រៀមហ្វឹកហាត់ចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅថៃ ។ 

ហើយលើវិញ្ញាសាកង់គួកទាំង៣ប្រភេទ នឹងចាប់ផ្តើមការប្រកួតនៅព្រឹកថ្ងៃទី៦ ខែមករា នៅទីរួមខេត្តកំពង់ឆ្នាំង និងបញ្ចប់ទីនៅទល់មុខបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយប្រកួតក្នុងរយៈចម្ងាយ ១៣០គីឡូម៉ែត្រ ដែលមាន៥ជុំ ។

សម្រាប់កង់ភ្នំ នឹងរៀបចំនៅព្រឹកថ្ងៃទី៧ ខែកមរា នៅជើងភ្នំត្រោក ស្ថិតនៅភូមិត្រោក ឃុំត្រោក ស្រុករលាប្អៀរ ដែលមានចម្ងាយប្រមាណ៦គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ឆ្នាំង ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *