កំពង់ឆ្នាំង៖ សិប្បកម្មកែច្នៃសត្វជន្លេនមួយកន្លែងនាំចេញទៅក្រៅប្រទេសមួយ កំពុងធ្វើអោយប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើននាក់ មានការងារធ្វើ និងរកកម្រៃបានច្រើនសមល្មម សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃមិនតែប៉ុណ្ណោះ សិប្បកម្មមួយនេះក៏បានស្រូបយកកម្លាំងពលកម្ម ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានរាប់សិបនាក់ផងដែរ។
សិប្បកម្មកែច្នៃសត្វជន្លេន នាំចេញទៅក្រៅប្រទេសមួយនេះមានទីតាំងស្ថិតនៅ ក្នុងភូមិអូរសណ្ដាន់ចាស់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងដែលអាចផលិតនឹងកែច្នៃសត្វជន្លេន ដែលជាផលិតផលកែច្នៃដ៏កម្រមួយនេះ ដែលអាចកែច្នៃសត្វជន្លេនស្រស់ ក្នុងមួយថ្ងៃបានរហូតទៅដល់១០តោន ទៅតាមរដូវកាល ដែលសំបូរសត្វជ ន្លេន។
លោក ឌឿ ពៅ អាយុ៥៦ឆ្នាំ ជាម្ចាស់សិប្បកម្មកែច្នៃសត្វជន្លេនខាងលើនេះ បានប្រាប់អោយដឹងកាលនៅថ្ងៃទី១ខែមករា ឆ្នាំ២០២៤នេះថា: ការបើកសិប្បកម្មកែច្នៃសត្វជន្លេនស្រស់ខាងលើនេះគឺគាត់ទើបតែចាប់ផ្ដើមដំណើរការជាងមួយឆ្នាំតែប៉ុណ្ណោះ ដំបូងឡើយគឺគ្រួសាររបស់គាត់បានដឹកសត្វជន្លេនស្រស់យកទៅលក់ឱ្យអ្នកចងសន្ទូចនៅម្ដុំមាត់ទន្លេផ្សារក្រោម ដែលរបរមួយនេះគាត់បានធ្វើអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។
ម្ចាស់សប្បកម្មខាងលើនេះបានអោយដឹងទៀតថាក្រោយមកបន្ទាប់ពីគាត់បានឃើញសិប្បកម្មកែច្នៃសត្វជន្លេនស្រស់ដែលមានគេបើកធ្វើនៅក្នុងមូលដ្ឋានរបស់គាត់បងប្រុសក៏បានលួចដកស្រង់បទពិសោធន៍និងបច្ចេកទេសកែច្នៃនេះមកក៍បានបើកជាសិប្បកម្មកែច្នៃសត្វជន្លេនស្រស់ដោ យខ្លួនឯងម្ដងវិញដំបូងដោយបានចាប់ផ្ដើមម្តងបន្តិចៗរហូតមកដល់សព្វថ្ងៃនេះ ដែលមានកម្មករបម្រើការនៅក្នុងសិប្បកម្មរបស់បងប្រុសជាច្រើនសឹបនាក់ផងដែរ។
ហើយការកែច្នៃសត្វជន្លេនស្រស់អោយក្លាយជាផលិតផលសម្រេចហើយវេចខ្ចប់លក់បន្តឲ្យឈ្មួញកណ្ដាលនោះ គឺរបៀបធ្វើដំបូងឡើយ គេយកសត្វជន្លេនរស់ទៅលាងទឹកឱ្យស្អាតជាមួយនិងម៉ាស៊ីនលាងដោយស្វ័យប្រវត្តិ បន្ទាប់មកយកជន្លេនដែលលាងទឹករួចទៅដាក់ចូលម៉ាស៊ីនមួយទៀតគឺម៉ាស៊ីនវះជន្លេន បន្ទាប់ពីវះរួចហើយគេយកវាមកលាតហាលថ្ងៃនិងកញ្ច្រែងដែកម្យ៉ាង ដោយហាលរយៈពេលមួយថ្ងៃទើបយកមកគោះឬបកចេញពីកញ្ច្រែង។
ក្រោយមកត្រូវយកជន្លេនដែលបកចេញពីកញ្ច្រែងនោះ ទៅដាក់ហាលថ្ងៃម្ដងទៀតដោយលាតហាលនិងកន្ទេលឬផ្ទាំងកៅស៊ូតង់ ពេលហាលស្ងួតក្រៀមហើយ ទើបយកជន្លេនដែលហាលស្ងួតចុងក្រោយនេះ ទៅដាក់ចូលក្នុងឡសម្ងួត ដោយទុករយៈពេលមួយយប់ទើបយកចេញទៅវេចខ្ចប់នៅក្នុងឃ្លាំងជាការស្រេច។
ម្ចាស់សប្បកម្មខាងលើបានឲ្យដឹងទៀតថា: ចំពោះសត្វជន្លេនដែលត្រូវបានកែច្នៃនឹងវេចខ្ចប់រួចហើយគឺមានម៉ូយដែលជាជនជាតិចិន និងខ្មែរបានមកទិញយកជារៀងរាល់ថ្ងៃ បើក្នុងរដូវប្រាំងដូចសព្វថ្ងៃនេះ មិនសូវសម្បូរសត្វជន្លេនដែលធ្វើម្ចាស់សិប្បកម្មខាងលើអាចលក់ចេញបានតែត្រឹមពី១០០ទៅ១៥០គីឡូក្រាមតែប៉ុណ្ណោះ ចំណែកឈ្មួញកណ្ដាលទិញជន្លេនក្រៀមរបស់គាត់រាល់ថ្ងៃនេះ គាត់មិនដឹងថា តើគេយកទៅធ្វើអីនោះទេ ដោយគាត់គ្រាន់តែដឹងថា ជន្លេនក្រៀមនេះគឺគេយកទៅលក់បន្តនៅប្រទេសចិនតែប៉ុណ្ណោះ រីឯតម្លៃវិញក៏សូមរក្សាសិទ្ធមិនអាចប្រាប់បាននោះដែរ។
បងប្រុសម្ចាស់សប្បកម្មនេះបានអោយដឹងបន្ថែមទៀតថា: ចំពោះសិប្បកម្មកែច្នៃសត្វជន្លេនរបស់គាត់ បើក្នុងរដូវវស្សាដែលសម្បូរសត្វជន្លេនវិញ គឺប្រជាពលរដ្ឋអាចយកសត្វជន្លេនមកលក់ឲ្យគាត់ក្នុងមួយថ្ងៃមានរហូតទៅដល់១០តោន ចំពោះតម្លៃជន្លេនស្រស់សម្រាប់ខែវស្សាដែលសំបូរទិញពីប្រជាពលរដ្ឋក្នុងមួយគីឡូក្រាមពី៣,០០០ទៅ៣,៥០០០រៀល ចំពោះរដូវដែលសម្បូរសត្វជន្លេនគឺមានរយៈតែ៥ខែទៅ៦ខែក្នុងមួយឆ្នាំ។
ដោយឡែកក្នុងរដូវ ប្រាំងដែលពុំសូវសម្បូរសត្វជន្លេនគឺបងប្រុសបានទិញពីប្រជាពលរដ្ឋក្នុងតម្លៃ៥,០០០រៀលក្នុងមួយគីឡូក្រាមហើយរដូវវស្សាដែលសម្បូរសត្វជន្លេនគឺបងប្រុសត្រូវការកម្លាំងកម្មកររហូត ដល់ជាង១០០នាក់ ដែលក្នុងម្នាក់ៗអាចរកប្រាក់កម្រៃបានពីសិប្បកម្មរបស់គាត់ពី៨០,០០០ ទៅម៉ឺន៩០,០០០រៀលក្នុងមួយថ្ងៃទៅតាមការឧស្សាហ៍និងព្យាយាមរបស់កម្មករតែប៉ុណ្ណោះ៕